​ភ្នំពេញៈ អស់​រយៈពេល​ជិត​ ២​ ទសវត្សរ៍​មកហើយ​ដែល​ខ្ញុំ​ធ្វើការ​នៅ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ទទួលបន្ទុក​ជា​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋ​កិច្ច ដែល​សរសេរ​រាយការណ៍​អំពី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រឿង​​រ៉ាវ និង​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ទាំង​ឡាយ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​។ ជាមួយគ្នានេះដែរ ខ្ញុំ​ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ដ៏​គួរឱ្យកត់សម្គាល់ និង​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​តំបន់ និង​សកលលោក​ក្នុង​រយៈពេល​ជិត ២​ ទសវត្សរ៍​កន្លង មកនេះ​។​

​ពេលដែល​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ឆ្នាំ​ ២០០៨ កាសែត​ដែលមាន​អាយុកាល​ជាង ​៣ ​ទសវត្សរ៍​មួយ​នេះ ដែល​បាន​បានប្រែក្លាយ​ពី​កាសែត​ចេញ ផ្សាយ​ប្រចាំ ​២​ សប្តាហ៍​ម្ដង ទៅ ជា​កាសែត​ចេញផ្សាយ​ប្រចាំថ្ងៃ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ ៤​ នាក់​ផ្សេងទៀត​នៅក្នុង​ក្រុម​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​នេះ​។​

​តើ​វិស័យ​អ្វីខ្លះ​ដែល​បាន​ជួយ​គាំទ្រ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​ជាង ​២ ​ទសវត្សរ៍​មកទល់​ប​ច្ចុ​ប្បន្ន​?

​ប្រទេស​កម្ពុជា មាន​កំណើន សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ដោយ​កំណើន​ជា​មធ្យម ៧ ភាគរយ​ក្នុង ១ ​ឆ្នាំ និង​គាំទ្រ​ដោយ​វិស័យ​សំខាន់ៗ​ចំនួន ​៤ ​ដូចជា កសិកម្ម កាត់ដេរ ទេស​ចរណ៍ និង​សំណង់​។ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​តំណាងឱ្យ​ប្រហែល ៨០​ ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា ដូចនេះ ឧស្សាហកម្ម​កាត់ដេរ​ក៏​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំចេញ​សម្លៀកបំពាក់​ឈានមុខ​គេ​មួយ​ផងដែរ​។​

​ទន្ទឹមនឹងនោះ ឧស្សាហកម្ម​ទេសចរណ៍​ក៏បាន​កំពុង​រួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើន សេដ្ឋកិច្ច​ផងដែរ ដោយមាន​កំណើន​ខ្ពស់​នៃ​លំហូរ​ភ្ញៀវ​ទេស​ចរ​បរទេស​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​កើនឡើង​ខ្លាំង នៅមុន​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៨ ដោយសារ​លំហូរ​ទុន​ពី​កូរ៉េខាងត្បូង និង​ចិន និង​បន្ទាប់មក​មុន​ការផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩​។​

​កាលពី​ឆ្នាំមុន យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សេដ្ឋ​កិច្ច​របស់​កម្ពុជា​បាន​កើនឡើង ៥,៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ ដែល​ជំរុញ​ដោយ​ការ​ងើបឡើង វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ប្រតិបត្តិ​ការនាំចេញ​មិនមែន​កាត់ដេរ​ដ៏​រឹងមាំ​។ កំណើន​នេះ​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផលិតកម្ម ខណៈដែល​អតិ​ផរ​ណា​មាន​កម្រិត ៣ ​ភាគរយ​។ យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ២៦៨ ជាមួយនឹង​ទុន​វិ​និ​យោគ​ជិត ៤,៩​ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៥០​ ភាគរយ​ធៀប​នឹង​ចំនួន​ត្រឹមតែ ៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២​។​

​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំនេះ​ត្រូវបាន​ព្យាករ​ថា​ នឹង​សម្រេចបាន​ក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែលនាំឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​បច្ចុប្បន្ន​មាន​ប្រមាណ ១៤២,៩៥៧​ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ៣៥,១៦៨ ពាន់​លាន​ដុល្លារ ខណៈ​ផលិត​ផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ២ ០៧១ ​ដុល្លារ បើ​ធៀប​នឹង ១ ៩១៧ ​ដុល្លារ​ក្នុង​ឆ្នាំ ​២០២៣​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

CDC បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ២៦៨ ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៥​ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្កើត​ការងារ​បាន​ប្រហែល ៣០៧ ០០០​ កន្លែង​។​

​កម្ពុជាជា​ប្រទេស​ឈរ​នៅ​ជួរមុខ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រំពឹងថា​នឹងមាន​លំហូរ​ចូល​មូលធន​នៅ​ឆ្នាំ​ ២០២៤​ ដ៏​រឹងមាំ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​។ មូល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា នឹង​កើន​ឡើងដល់ ៦,១ ភាគរយ​នៅ​ឆ្នាំក្រោយ ដូចដែល​បានបង្ហាញ​នៅក្នុង​បញ្ជី​តាម​ដាន FDI Standouts Watchlist ប្រចាំឆ្នាំ​ពី fDi Intelligence ដែលជា​ផ្នែក​វិភាគ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន ​Financial Times (FT) Group Ltd ដែល​បានចេញ​ផ្សាយ​កាលពី​ពាក់កណ្តាល​ខែធ្នូ​។​

​ប្រទេស​កម្ពុជា​បាន​ប្រឈម មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ ២០០៨

​ដោយសារ​កម្ពុជា​ជា​ប្រទេស មួយ​ដែល​ទទួលបាន​កំណើន​ដ៏​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ជាង​ ២ ​ទសវត្សរ៍​មកនេះ ខ្ញុំ​ក៏បាន​មើល ឃើញ​ពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋ​កិច្ច​ផងដែរ ចាប់តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០០៧ មក សេដ្ឋ​កិច្ច​ពិភពលោក​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​មួយ  ​ដែល​ពោរពេញ​ទៅដោយ​បញ្ហា​ប្រឈម​បណ្ដាល​ឡើង​ដោយ​វិបត្តិ​ឥណទាន​សកល ការកើនឡើង​សម្ពាធ​អតិផរណា និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​យ៉ាងខ្លាំង​។

កាលពី​ឆ្នាំ ​២០០៨ ​សេដ្ឋកិច្ចពិភពលោក បាន​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ ឬ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​បណ្ដា​លពី​អាមេរិក​ដោយសារតែ​វិបត្តិ​កម្ចី​ទិញ​លំ​នៅ​ឋាន​។

ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នៅតែ​រឹងមាំ​កាលពី​ឆ្នាំ​ ២០០៨ ខណៈដែល​ផ្អែក​តាម​ការ​ព្យាករ​កំណើន​ GDP របស់​កម្ពុជា​ដោយ IMF ក្នុង​អត្រា ៦,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៨ ​និង​មាន​កំណើន​ត្រឹមតែ ​០,១ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៩​។​

​ក្នុងនាម​ជា​ប្រទេស​ដែល​តូច និង​សេដ្ឋកិច្ច​បើកចំហ កម្ពុជាងាយ​ទទួលរង​ផលប៉ះពាល់​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ទំនិញ​របស់​សេដ្ឋកិច្ច​ពិភព​លោក ហើយ​ដោយសារតែ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភព​ថាមពល​ដែល​ផ្គត់ផ្គង់​ពី​ខាង​ក្រៅ ការកើនឡើង​នៃ​តម្លៃ​ប្រេង​​ឥន្ធនៈ​ពិភពលោក និង​ងាយ​ទទួលរង​នូវ​ការកើនឡើង​នៃ​អតិផរណា​។

ការកើនឡើង​តម្លៃ​ម្ហូបអាហារ​អន្តរជាតិ​ក៏បាន​ជំរុញ​ឱ្យ​តម្លៃ​ក្នុងស្រុក​កើនឡើង​ផងដែរ ដោយ​ជំរុញ​ឱ្យ​អត្រា​អតិផរណា​របស់​កម្ពុជា កើន​ឡើង​យ៉ាងខ្លាំង​ចំនួន ២៥,៧ ភាគរយ ​កាលពី​ខែឧសភា​ក្នុង​ឆ្នាំ ​២០០៨ មុនពេល​ធ្លាក់​ចុះមក​នៅត្រឹម ១៣,៥ ​ភាគរយ​ កាលពី​ខែធ្នូ ឆ្នាំ​ ២០០៨​។​

​នៅក្នុងពេល​មាន​វិបត្តិ​នោះដែរ  ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ​។ NBC បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​អនុម័ត​កញ្ចប់​វិធានការ​តម្រង់ទិស​គោ​លន​យោ​បាយ​ទាន់ពេលវេលា​ដើម្បី​កម្រិត​សម្ពាធ​អតិផរណា​។ ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនុកចិត្ត​លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​លើ​ប្រព័ន្ធ​ធនាគារ​បាន​ជំ​រុញឱ្យ​ទុនបម្រុង​បរទេស​របស់​កម្ពុជា កើនឡើង​ដល់ ២,២ ​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ចុងឆ្នាំ​នោះ​។​

​ជាមួយគ្នា​នោះដែរ វិធានការ​ជា​កញ្ចប់​រឹតបន្តឹង​ជា​បន្តបន្ទាប់​ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឥណទាន​ដែល​បាន​កើនឡើង​ខ្ពស់ និង​បាន​បន្ថយ ល្បឿន​មូលដ្ឋាន​រូបិយវត្ថុ​ដែល កើនឡើង រួមទាំង​ការបង្កើន​តម្រូវការ​ទុនបម្រុង​ដែល​កំណត់ ដោយ​ច្បាប់​ពី ៨​ ភាគរយ ទៅ ១៦ ​ភាគរយ និង​ការអំពាវនាវ​ដល់​ធនា​គារ​ទាំងអស់​ឱ្យ​កំណត់​ការផ្តល់ប្រាក់​កម្ចី​របស់​ពួកគេ​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​វិ​ប​តិ្ត​សេដ្ឋកិច្ច​នាពេលនោះ បើ​យោង តាម​ស្ថាប័ន CDRI រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ឧបករណ៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដែល​សម្របសម្រួល​ដោយ​ក្រុមត្រួតពិនិត្យ​តម្លៃ​ស្ថិតក្រោម​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​ទទួល បន្ទុក​គោលនយោបាយ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ គោ​លន​យោ​បាយ​សារពើពន្ធ​ដ៏​រឹងមាំ​បាន​លើកលែង​ពន្ធ​នាំចូល​លើ​ផលិត​ផល​សំខាន់ៗ​មួយចំនួន បាន ផ្តល់​ការឧបត្ថម្ភ​ធន និង​បាន​បន្ត​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការចំណាយ​សាធារណៈ​។

ទាក់​ទង​ទៅនឹង​គោលនយោបាយ​រូបិយវត្ថុ ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង​អាហារ​បាន​បណ្ដាលឱ្យ​តម្រូវការ​ប្រាក់​ដុល្លារ​កើនឡើង​។ បើ​គ្មាន​ការ​អន្តរា​​គម​ន៍​ទាន់ពេលវេលា​ពី​ NBC នោះទេ សម្ពាធ​អតិផរណា​នឹង​ត្រូវបាន​កើនឡើង​ដោយ​ការ​ រួមបញ្ចូល​គ្នា​នៃ​ការធ្លាក់​តម្លៃ​ប្រាក់រៀល និង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​។ ទោះបី​ជាមាន​អន្តរាគមន៍​ដែល​ធានា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ក៏ដោយ ក៏​ឥទ្ធិពល​ការប្រែប្រួល​អត្រា​ការប្រាក់​នៅតែ​កើតឡើង​ដដែល​។​

​ឧបសគ្គ​សេដ្ឋកិច្ច​មួយទៀត​កើតចេញពី​វិបត្តិ​សុខភាព និង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​

​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​កាលពី​ឆ្នាំ​ ២០០៨ យើង​បាន​មើលឃើញថា ប្រទេស​កម្ពុជា​បានទទួល​បាន​កំណើន សេដ្ឋកិច្ច​ខ្ពស់​ដោយសារតែ​ការ​ត្រឡប់មកវិញ​នៃ​លំហូរ​ការ​វិនិយោគ​ផ្ទាល់​បរទេស ​(FIDs) លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ទេស​ចរណ៍ វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ ជាពិសេស​លំហូរ​ការវិនិយោគ​មក​ពី​ប្រទេស​ចិន មុនពេល​ការរីក​រាលដាល​ជំងឺ​កូ​​វីដ​ ១៩ កាលពី​ឆ្នាំ ​២០២០​។​

​ទិន្នន័យ​ចុងក្រោយ​បំផុត​នៅ ក្នុង​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២២ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមករា ឆ្នាំ​ ២០២៤ ក្នុង​ចំ​ណោម​គ្រឹះស្ថាន និង​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ គឺមាន​ចំនួន ៥៨៧ ៧៩៣ (៣៤,៨​ភាគរយ​) បាន​រាយ​ការណ៍​ពី​ប្រាក់ចំណូល​ទាប​កាលពី​ឆ្នាំ​ ២០២២; ចំនួន ៤៣ ៣ ៧០៣ (២៦,៦​ ភាគរយ​) បាន​រាយការណ៍​ពី​ការចំណាយ​កាន់តែ​ខ្ពស់​; ចំនួន  ២១២ ៧៦០ (១២,៦​ភាគរយ​) បាន​រាយការណ៍​ការធ្លាក់​ចុះ​តម្រូវការ​ទីផ្សារ និង​ចំនួន ១៥៣ ៨៧៨ (៩,១​ភាគរយ​) បាន​រាយ​ការណ៍​ពី​ការខ្វះខាត​ដើមទុន​បង្វិល​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថាន​ការណ៍​នោះ រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ ​២០២២ បានដាក់​ចេញ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ ១៩ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ឆ្នាំ ២០២១-២០២៣» ដែលមាន​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ភាព​ធន់​ក្នុង​រយៈពេល​មធ្យម និង​វែង​។ ឯកសារ​នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​បន្ទាន់ និង​ក្នុង​រយៈពេល​មធ្យម នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​សកម្មភាព​ជាក់លាក់​។​

NBC បានឱ្យដឹងថា នៅ​កម្ពុជាប្រសិទ្ធភាព​នៃ​គោលនយោបាយ​សុខភាព និង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដោយ​រដ្ឋាភិបាល​បាន​ធានាឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឡើងវិញ​កាលពី​ឆ្នាំ ​២០២២​។ ការដាក់ចេញ​វិធានការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការស្ដារ​សេដ្ឋ​កិច្ច​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​កាលពី​ឆ្នាំ​ ២០២១-២០២៣ និង​ការបន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ធនាគារ​បាន​គាំទ្រ និង​ព​ន្លឿ​ន​ការ​ស្ទុះ​ងើប​ឡើងវិញ​សេដ្ឋកិច្ចកម្ពុជា​។​

​បើ​យោងតាម​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា បានឱ្យដឹង​កាលពី​ថ្ងៃទី ​៥ ខែធ្នូ ឆ្នាំ ​២០២៣ ថា រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ជាង ១,៣០៥​ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោងការ​គាំពារ​សង្គម​ចំនួន​ ៥ ហើយ​ក្នុងអំឡុង​ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន ១,២១៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់​ចំនួន ៦៩៨,៥៨៥ ​គ្រួសារ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២៣​។ ហើយ​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២២ ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ចំនួន ៤៤​ លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ដើម្បី​ជួយ​ដល់ ៤៩៥ ៣០៧​ គ្រួសារ​ដែល​ស្ថិតក្នុង​ហានិភ័យ​ដោយសារ​អតិផរណា​ខ្ពស់​។​

​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ២៥០ ​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្ចី​ផ្ទា​ល់ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ភីអិលស៊ី (SME Bank) កាលពី​ឆ្នាំ​២០២៣ សម្រាប់​វិស័យ​អា​ទិ​ភាព​សំខាន់ៗ​ដូចជា កសិកម្ម និង​អេកូ​ទេសចរណ៍​។ ក្នុង​រយៈ​ពេល ៣​ ឆ្នាំ​កន្លងមកនេះ គិត​ត្រឹម​ដើមឆ្នាំ​ ២០២៤ ធនាគារ SME បាន​ពង្រីក​កម្ចី​ដល់​សហ​គ្រាស​ប្រមាណ ៣ ២០០ ដែល មាន​ទំហំ​ទឹកប្រាក់​ប្រហែល ៤៩០ ​លាន​ដុល្លារ​។​

​លើសពីនោះ​ទៅទៀត រដ្ឋា​ភិ​បាល​ក៏បាន​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១ ខែកញ្ញា ឆ្នាំ ២០២០ និង​ផែន​ការធានា​ការ​ស្ទុះ​ងើបឡើង​របស់​អាជីវកម្ម​ដែលមាន​ទឹក​ប្រាក់​ចំនួន ២០០​ លាន​ដុល្លារ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១​។ គិត​ត្រឹម​ថ្ងៃទី ​៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានចេញ​លិខិតបញ្ជាក់​ការធានា​ឥណទាន ​(LG) សរុប​ចំនួន ១ ៨៨០ សម្រាប់​ប្រាក់កម្ចី​ដែលមាន​តម្លៃ ១៥៩,៦៩​ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់ ​SMEs ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ផែនការ​ប្រកបដោយ​ម​ហិ​ច្ឆ​តា​របស់​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៣ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទើប​ជាប់ឆ្នោត​ជានា​យក​រដ្ឋមន្ត្រី​ថ្មី​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៧ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ ​រយៈពេល ​៥​ ឆ្នាំ សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ២០៥០​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរ​យុទ្ធ​សាស្ត្រ​នេះ​ថា ក្នុង​រយៈពេល ២៥ ​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ផ្តោតលើ​ការកសាង​ប្រទេស​ឡើងវិញ​ក្នុងសម័យ​ក្រោយ​សង្គ្រាម​។ រយៈពេល ២៥ ​ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ ទៀត ដើម្បី​កសាង​ប្រទេស​ប្រកបដោយ​ភាពរឹងមាំ ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។ យុទ្ធសាស្ត្រ​នេះ​មាន ៥​ ដំណាក់​កាល​។ ទី​១​ នឹងមាន​អាទិភាព​ចំនួន ​៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​លោក​បញ្ជាក់ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ រយៈពេល ៥ ឆ្នាំនេះ នឹង​ធានា​កំណើនសេដ្ឋកិច្ច​ដែលមាន​ភាព​ធន់​នឹង​វិបត្តិ បង្កើត​ការងារ កាត់​បន្ថយ​ភាពក្រីក្រ កែលម្អ​អភិ​បាល​កិច្ច និង​ស្ថាប័ន​សាធារណៈ និង​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។​

​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ឱ្យ​ដំណើរការ​ផែនទី​បង្ហាញផ្លូវ​រយៈពេល ១០​ ឆ្នាំ​ខាងមុខ នៃ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ពុជា ឆ្នាំ ​២០២៣-២០៣៣ បានផ្តល់​អាទិភាព​ដល់​គម្រោង​ចំនួន ១៧៤ ដែលមាន​តម្លៃ​វិនិយោគ​តាម​ការប៉ាន់ប្រមាណ​ចំនួន ៣៦,៦៧៩​ ពាន់​លាន​ដុល្លារ​។​

​ក្នុង​ចំនួន​នោះ​គម្រោង​ផ្លូវថ្នល់​មាន​ចំនួន​ ៩៤ គម្រោង​ផ្លូវដែក​ចំនួន ​៨ គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ចំនួន​ ២៣ គម្រោង​ដឹកជញ្ជូន​តាម​សមុទ្រ​មាន​ចំនួន ២០ គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចំនួន​ ១០ គម្រោង​ប្រព័ន្ធ​ភ័ស្តុភារ​ចំនួន ​១៥ និង​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន ៤ ផ្សេងទៀត​។​

​ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ ប្រហែល ៩០ ជា​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី និង​មធ្យម និង ៩១ ទៀត​ជា​គម្រោង​អភិវឌ្ឍន៍​រយៈពេល​វែង​។ គម្រោង​ទាំងនេះ​ត្រូវបាន​ត​ភ្ជាប់​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន និង​បាន​ត​ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​​ភ័ស្ដុភារ​ផងដែរ​។​

​ខ្ញុំ​ក្នុងនាម​ជា​ការី​និពន្ធ​ព័​ត៌​មាន​សេដ្ឋកិច្ច​ប្រចាំ​សារព័ត៌មាន ​ភ្នំពេញ​ ប៉ុស្តិ៍​ ទាំង​ភាសារ​ខ្មែរ និង​អង់គ្លេស សង្ឃឹមថា តាមរយៈ​អត្ថបទ​ដែល​សារព័ត៌មាន​ដែល មាន​វ័យ​ចំណាស់​មួយ​នេះ​បាន ចេញផ្សាយ​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​កន្លងមក​នេះ​នឹង​នៅតែ​មានគុណ​តម្លៃ​សម្រាប់​អ្នកអាន អ្នកស្រាវជ្រាវ បណ្តា​ធុរជន វិ​និ​យោគិន និង​សាធារណជន​ដើម្បី​យកទៅ​ធ្វើជា​ឯកសារយោង​របស់ខ្លួន​តទៅ​ថ្ងៃ​អនាគត​របស់​អស់លោកអ្នក​៕