ភ្នំពេញៈ ប្រទេសចិន វៀតណាម និងថៃ គឺជាប្រភពផ្គត់ផ្គង់ទំនិញធំជាងគេសម្រាប់ប្រទេសកម្ពុជា ដោយក្នុងខែដំបូងឆ្នាំ ២០២៤ មានទឹកប្រាក់សរុបជិត ១,៦ ពាន់លានដុល្លារ ស្មើនឹងជិត ២/៣ នៃចំនួនទឹកប្រាក់នាំចូល ទំនិញសរុបក្នុងខែមករា។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមរបាយការណ៍ពី GDCE ក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ២,០៩ ពាន់លានដុល្លារ ក្នុងនោះទំនិញនាំចូលពីប្រទេសចិន វៀតណាម និងថៃ មានចំនួន ១,៥៧ ពាន់លានដុល្លារ ដែលស្មើនឹង ៧៥,៣២ ភាគរយនៃចំនួនទឹកប្រាក់នាំចូលទំនិញសរុប ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានចំណែក ៧៤,៤ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារមានកម្លាំងផលិតកម្មធំ និងភូមិសាស្ត្រនៅជិតខាង ប្រទេសចិន វៀតណាម និងថៃ បានក្លាយជាប្រភពផ្គត់ផ្គង់ទំនិញដ៏សំខាន់ឱ្យកម្ពុជា ពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថា ក្រៅពីចំណុចទាំងអស់ខាងលើ កម្ពុជា និងប្រទេសទាំង ៣ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ធ្លាប់បាននិយាយថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសចិន វៀតណាម និងថៃ គឺមានដំណើរការល្អគួរឱ្យកត់សម្គាល់ ជាពិសេសប្រទេសទាំង ៣ គឺជាសមាជិកនៃកិច្ចព្រមព្រៀង RCEP។
លោកបន្តថា នៅក្នុងដំណាក់កាលនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនទាន់មានដំណើរការល្អ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជិតខាង ឬនៅក្នុងតំបន់ គឺមានភាពចាំបាច់ និងមានសារៈសំខាន់ណាស់។
លោកថា៖ «ផ្អែកលើទីតាំងភូមិសាស្ត្រ និងទំនាក់ទំនងល្អទាំងផ្នែករដ្ឋាភិបាល និងឯកជន គឺការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសចិន វៀតណាម និងថៃ គឺនឹងរឹតតែមានធំបន្ថែមទៀតនាពេលខាងមុខ»។
ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចូលទំនិញពីប្រទេសទាំង ៣ ចំនួន ១៧,២៩ ពាន់លានដុល្លារ ស្មើនឹង ៧១,៥ ភាគរយនៃការនាំចូលសរុបក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២៤,១៨ ពាន់លានដុល្លារ។ នេះបើតាម GDCE៕