ភ្នំពេញៈ អ្នកនាំចេញ និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនឧស្សាហកម្ម បានសាទរចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលនឹងរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម ខណៈច្បាប់នេះក៏នឹងធ្វើឱ្យវិស័យដឹកជញ្ជូនមានការប្រកួតប្រជែងផងដែរ។
កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ រដ្ឋសភាកម្ពុជានៅក្នុងសម័យប្រជុំវិសាមញ្ញ បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់នេះ ដោយមានការគាំទ្រចំនួន ៩៧ សំឡេង នៃសំឡេងសមាជិករដ្ឋសភាសរុប ដើម្បីអនុញ្ញាតឱ្យអនុវត្តនីតិវិធីជំហានបន្តទៀត។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងធានាការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
ប្រភពដដែលបន្ថែមថា៖ «កម្ពុជាមានឆ្នេរសមុទ្រ និងផ្លូវទឹកតាមតំបន់ទន្លេ បឹង ស្ទឹង ព្រែក ដែលនាវាអាចធ្វើនាវាចរណ៍បាន ហើយបង្កើតបានជាបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នា ដែលផ្តល់នូវសក្តានុពលខ្ពស់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទាំងនៅក្នុងផ្ទៃប្រទេស និងរវាងកម្ពុជា និងបណ្តាប្រទេសនានា នៅលើពិភពលោក»។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៩ នៃរដ្ឋសភាកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា ដោយមើលឃើញពីតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រាជរដ្ឋាភិបាលបានប្រគល់កិច្ចការឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល សិក្សា ពិនិត្យ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះឡើង។
លោក ប៉េង ពោធិ៍នា បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមានជំនឿថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនឹងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយផ្តល់អត្ថប្រយោជន៍ ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា (CLA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការអនុម័តនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើពិពិធកម្មមធ្យោបាយដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះនឹងរួមចំណែកក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូនដូចដែលកម្ពុជា មានមធ្យោបាយដឹកជញ្ជូនមើលឃើញតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
លោកបានថ្លែងថា៖ «មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយ ព្រោះវាមានតម្លៃថោកជាងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។ ដូចដែលយើងមើលឃើញនៅពេលនេះ យើងមានកំពង់ផែសំខាន់ ២ គឺកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ។
ជាមួយនេះ យើងប្រើប្រាស់ការដឹកជញ្ជូនប្រហែល ៧០ ភាគរយ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជំរុញពាណិជ្ជកម្ម ដោយសារវាមានតម្លៃថោក ហើយយើងអាចដឹកជញ្ជូនទំនិញធ្ងន់ៗបានផងដែរ»។
លោក សុង សារ៉ន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Amru Rice ដែលជារោងម៉ាស៊ីនកិនស្រូវ និងនាំចេញអង្ករធំជាងគេរបស់កម្ពុជា ក៏បានលើកឡើងដូចលោក ចាន់ធី ដែរថា ច្បាប់នេះនឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការកកស្ទះចរាចរណ៍នៅលើដងផ្លូវ។
លោកបន្តថា៖ «ការណ៍នេះក៏អាចជួយយើងក្នុងការដឹកជញ្ជូនពីខេត្តផ្សេងទៀត និងដឹកជញ្ជូនពីកំពង់ផែភ្នំពេញដោយផ្ទាល់ទៅប្រទេសវៀតណាម និងប្រទេសអាស៊ានផ្សេងទៀត។ បើយើងកែលម្អផ្លូវទឹក យើងអាចប្រើប្រាស់វាជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ី ជាពិសេសការដឹកជញ្ជូនដោយ ផ្ទាល់ទៅកាន់ប្រទេសចិន»។
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ដល់ខេត្តមាត់សមុទ្រនៃខេត្តកែប។ ព្រែកជីកនេះក៏ឆ្លងកាត់ខេត្តចំនួន ៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប៕