ភ្នំពេញៈ ទឹកប្រាក់ជាង ១១ លានដុល្លារ ត្រូវបានគ្រឹះស្ថានអង្គរប្រមូលបានពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៤ កើនជាង ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចន្លោះពីខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ២៣៥ ៨៥០ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៥០,២៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកទឹកប្រាក់ដែលទទួលបាន គឺចំនួន ១១,២៣ លានដុល្លារ កើនឡើង ៥២,០៩ ភាគរយ។
សេចក្តីប្រកាសព័ត៌មានខាងលើឱ្យដឹងទៀតថា ក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថាននេះក៏រកប្រាក់បាន ៨៦ ៩៤០ ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកេរ, និង ២០៦ ២៩៨ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែមីនាថា បន្ទាប់ពីធ្លាក់ចុះស្ទើរដល់សូន្យកាលពីអំឡុងឆ្នាំ ២០២០-២០២២ ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជា ពិសេសតំបន់រមណីយដ្ឋានអង្គរបានបង្ហាញសញ្ញាងើបឡើងជាបន្តបន្ទាប់។ ការកើនឡើងចំនួនភ្ញៀវបរទេស គឺមកពីកត្តារួមផ្សំមួយចំនួនដូចជា ការបិទបញ្ចប់ក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ កំណើនសេដ្ឋកិច្ចសកលល្អជាងមុន ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាល្អ និងសម្បូរបែបទាំងផ្លូវថ្នល់ ព្រលានយន្តហោះ និងកំពង់ផែជាដើម។
លោកបានបន្ថែមថា ចំនួនភ្ញៀវបរទេសដែលចូលមកកម្ពុជា នឹងកើនឡើងទៀតប្រសិនបើពិភពលោក ឬកម្ពុជាមិនមានបញ្ហាអវិជ្ជមានចៃដន្យណាមួយកើតឡើង។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានជំនឿថា ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានចំនួនកាន់តែច្រើន ខណៈការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានាទេសចរណ៍ត្រូវបានរៀបចំជាបន្តបន្ទាប់ក្នុងន័យដើម្បីបង្កើនសក្តានុពលទាក់ទាញក្នុងវិស័យទេសចរណ៍»។
ទោះយ៉ាងណា ក្នុងនាមប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានស្នើឱ្យអាជ្ញាធរ និងប្រជាជនខ្មែរទាំងអស់ត្រូវខិតខំរួមគ្នារៀបចំសោភណភាព និងបរិស្ថានទេសចរណ៍របស់ខ្លួនឱ្យបានកាន់តែប្រសើរ ដែលមានដូចជា ការគ្រប់គ្រងបរិស្ថាន អនាម័យ សេវាកម្ម ផលិតផលទេសចរណ៍ថ្មីៗ និងការគោរពច្បាប់ និងសីលធម៌ ជាដើម។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា (ខេត្តសៀមរាប) លោក អន ហេង សុភ័ក្រ បាននិយាយថា ចំនួនភ្ញៀវបរទេសដែលមកទស្សនាតំបន់ទេសចរណ៍នានានៅកម្កុជាបានកើនឡើងបើធៀបនឹងអំឡុងពេលពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែអត្រាកំណើនគឺមិនឡើងគំហុកនោះទេ។ អ្វីដែលជាការកត់សម្គាល់ក្នុងពេលនេះ គឺភ្ញៀវបរទេសមកកម្ពុជា គឺមិនមែនភាគច្រើនជនជាតិចិនដូចកាលពីមុនឆ្នាំ ២០២០ ទេ ដោយមានចម្រុះទាំងប្រទេសជិតខាង និងតំបន់អឺរ៉ុប។
លោកប្រាប់ថា៖ «ចាប់តាំងពីឆ្នាំ ២០២៣ មក យើងសង្កេតឃើញចំនួនភ្ញៀវទេសចរបរទេសពិតជាកើន។ តាមការរំពឹងទុក ក្នុងឆ្នាំ ២០២៤ នេះ ចំនួនភ្ញៀវទេសចរបរទេសនឹងកើនឡើងច្រើន»។ លោកបន្តថា៖ «យើងក៏សង្ឃឹមថាចាប់ពីពេលនេះតទៅ ចំនួនភ្ញៀវទេសចរចិននឹងងើបឡើងវិញច្រើនដែរ»។
ក្នុងឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ មានសរុប ៣៧ ១៩៨ ៩៨៨ ដុល្លារ កើនឡើង ២២២,៦៨ ភាគរយ។ ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវ ១៤ ៨០៦ នាក់ ស្មើនឹងប្រាក់ ២២២ ០៩០ ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់ប្រាសាទកោះកេរ, និងប្រាក់ចំនួន ៥៦៤ ៦៧១ ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
នៅក្នុងឆ្នាំ ២០១៩ ដែលជាពេលប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសច្រើន គឺជាង ៦,៦ លាននាក់ ប្រាក់ចំណូលដែលគ្រឹះស្ថានអង្គររកបានមានចំនួនជាង ៨០,៧ លានដុល្លារ។
សូចនាករគន្លឹះទេសចរណ៍ (Tourism Indicators) ប្រចាំឆ្នាំ ២០២៣ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេស ៥,៤៥ លាននាក់បានចូលមកប្រទេសកម្ពុជា ដោយចំនួននេះកើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ ២០២៣ គឺមានប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយ ពីចំនួន ១,៤១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២៕