
បុរសម្នាក់ជិះម៉ូតូឆ្លងកាត់មុខផ្សារមូលបត្រកម្ពុជា នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា (Securities Investors Association of Cambodia-SIAC) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងការចូលរួមចំណែកដល់ការកៀរគរវិនិយោគិន និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សទៅក្នុងទីផ្សារមូលបត្រកម្ពុជាកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលចំនួនក្រុមហ៊ុនចុះបញ្ជីបន្តកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោក យឿង វីរបុត្រ ប្រធាន SAIC បានថ្លែងក្នុងកម្មវិធីសម្ពោធនោះថា សមាគមនេះត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានសមាជិកជាវិនិយោគិនក្នុងវិស័យមូលបត្រ។ សមាគមនេះនឹងចូលរួមក្នុងការបណ្តុះបណ្តាលលើការជួញដូរមូលបត្រទាំងមូលបត្រកម្មសិទិ្ធ មូលបត្របំណុល ឧបករណ៍និស្សន្ទ គម្រោងវិនិយោគរួម ទ្រព្យឌីជីថល និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលស្ថិតក្នុងក្រុមនិយ័តករមូលបត្រកម្ពុជា (SERC)។
លោកថ្លែងថា៖ «សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ជាតួអង្គសំខាន់មួយក្នុងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ នៅពេលយើងគិតពីដំណើរការទៅអនាគត សារៈសំខាន់នៃកិច្ចសហការ និងការច្នៃប្រឌិតក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការចាប់យកឱកាសរួមគ្នា យើងអាចបង្កើតភាពពិតប្រាកដនៅក្នុងវិស័យមូលបត្រ»។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានថ្លែងក្នុងកម្មវិធីថា ការដាក់ឱ្យដំណើរការសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យមូលបត្រនៅកម្ពុជា។ សមាគមមាន បេសកកម្មធ្វើជាតំណាងស្របច្បាប់ឱ្យសមាជិកលើការងារពាក់ព័ន្ធនឹងការជួញដូរមូលបត្រ រួមទាំងផ្នែកគាំពារផ្លូវច្បាប់ និងទាំងផ្នែកអភិវឌ្ឍន៍ទីផ្សារដោយធ្វើការជាមួយ SERC និងអាជ្ញាធរពាក់ព័ន្ធ។
លោកបន្ថែមថា ក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ SERC ដែលជាអាជ្ញាធរគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្របានខិតខំយកចិត្តទុកដាក់ ដោយចាប់ផ្តើមទីផ្សារនេះពីចំណុចសូន្យរហូតដល់ពេលនេះមានក្រុមហ៊ុនចំនួន ២៣ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំងនេះប្រមូលប្រាក់ប្រមាណជិត ៤០០ លានដុល្លារ។
ក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព។
លោកបញ្ជាក់ថា៖ «នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលថ្វីដ្បិតប្រទេសយើងចាប់ផ្តើមទីផ្សារក្រោយគេ ទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល»។
គិតដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ SERC បានផ្តល់អាជ្ញាប័ណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រប្រមាណ ១៣០ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុន ទីប្រឹក្សាហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ, ក្រុមហ៊ុនចែកចាយលក់មូលបត្រ, ក្រុមហ៊ុនសមភាគីកណ្តាល, ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស, ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងក្រុមហ៊ុនអភិបាលមូលនិធិ និងក្រុមហ៊ុនដែលធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រផ្សេងៗទៀត។
នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិ គឺមានតម្លៃជួញដូរប្រមាណ ៥០ លានដុល្លារអាមេរិក ខណៈការជួញដូរឧបករណ៍និស្សន្ទមាន ២៨៣ លានដុល្លារ។
លោកថ្លែងថា៖ «សង្ឃឹមថា វត្តមានរបស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា នឹងជំរុញនូវសកម្មភាពជួញដូរនៅក្នុងទីផ្សារមូលបត្ររបស់យើងកាន់តែសកម្ម ហើយការយល់ដឹងអំពីវិស័យនេះក៏នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ។ SERC សង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់សមាគមនឹងក្លាយជាកាតាលីករជំរុញឱ្យការវិនិយោគក្នុងវិស័យមូលបត្រកម្ពុជាកាន់តែមានភាពសកម្មបន្ថែមទៀត»៕