ភ្នំពេញៈ ក្រុមហ៊ុន Australian SunRice Group គ្រោងនឹងនាំចូលអង្ករក្រអូបផ្កាម្លិះពីប្រទេសកម្ពុជាថែមទៀត ដើម្បីពង្រីកការលក់របស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ខណៈអ្នកក្នុងឧស្សាហកម្មនេះមានសុទិដ្ឋិនិយមថា កម្ពុជានឹងមានឱកាសកាន់តែច្រើនក្នុងការបង្កើនបរិមាណនាំចេញអង្ករទៅទីផ្សារដ៏ធំមួយនេះ។
លោក Paul Serra អគ្គនាយកក្រុមហ៊ុន SunRice Group បានលើកឡើងផែនការនេះក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៤ ខែមីនា នៅក្រៅជំនួបកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុនគឺជាក្រុមហ៊ុននាំចូលអាហារឈានមុខគេមួយនៅប្រទេសអូស្ត្រាលី ហើយនាំទៅបណ្ដាប្រទេសផ្សេងៗទៀត រួមមានអាមេរិក តំបន់ប៉ាស៊ីហ្វិក បណ្តាប្រទេសមជ្ឈិមបូព៌ា អឺរ៉ុប ក៏ដូចជានៅតំបន់អាស៊ីផងដែរ។
បើយោងតាមក្រុមហ៊ុនដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន SunRice គឺជាក្រុមហ៊ុនជំនាញអង្ករអូស្ត្រាលីមានបំណងផ្តល់ឱ្យអ្នក និងគ្រួសារអ្នកនូវអង្ករឆ្ងាញ់ និងមានជីវជាតិពីតំបន់នានានៅជុំវិញពិភពលោក។
ក្រុមហ៊ុនបញ្ជាក់ថា៖ «SunRice Cambodian Jasmine Rice ជាប្រភពអង្ករក្រអូបផ្កាម្លិះមានគុណភាព ដែលគ្រួសារលោកអ្នកពេញចិត្ត។ អង្ករផ្កាម្លិះ មានភាពល្បីល្បាញដោយសាររសជាតិដ៏ឈ្ងុយឆ្ងាញ់ ក្លិនក្រអូប និងមានអារម្មណ៍ថា បាយទន់ឆ្ងាញ់។ ពូជស្រូវបុរាណនេះមានគ្រាប់វែង ល្អិត និងក្លិនក្រអូប។ SunRice Cambodian Jasmine គឺជាការបំពេញបន្ថែមល្អឥតខ្ចោះចំពោះមុខម្ហូបដែលអ្នកចូលចិត្ត»។
លោក សុង សារ៉ន ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែមីនាថា អូស្ត្រាលីជាទីផ្សារដ៏ធំសម្រាប់អង្ករក្រអូបកម្ពុជា ព្រោះទីផ្សារនេះនឹងផ្តល់ឱកាសឱ្យយើងកាន់តែច្រើនដើម្បីរីកចម្រើន។
លោកបញ្ជាក់ថា៖ «ជំនួបរវាងអគ្គនាយកក្រុមហ៊ុន SunRice ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាសញ្ញាវិជ្ជមានសម្រាប់អង្ករក្រអូបយើង។ អូស្ត្រាលីជាទីផ្សារធំសម្រាប់អង្ករក្រអូប ព្រោះប្រទេសនេះផ្តល់ឱកាសដ៏ល្អបំផុតដល់យើងក្នុងការពង្រីកការនាំចេញ»។
លោកថ្លែងថា៖ «ខ្ញុំនឹងជួបជាមួយ ក្រុមហ៊ុន SunRice ហើយយើងនឹងពិភាក្សាពីអ្វីដែលពួកគេគ្រោងនឹងទិញពីយើង»។
Amru Rice បាននាំចេញអង្ករក្រអូបចំនួន ២ កុងតឺន័ររួចហើយ ក្នុងចំណោមអង្ករចំនួន ១០ កុងតឺន័រ ដែលបញ្ជាទិញដោយអ្នកទិញនៅអូស្ត្រាលីក្នុងដំណើរទស្សនកិច្ចសិក្សាកសិកម្មនៅកម្ពុជា ដែលរៀបចំឡើងដោយ អង្គការ CAPRED របស់អូស្ត្រាលី កាលពីដើមខែមិថុនា ឆ្នាំ ២០២៣។
ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករសរុប ៦៥៦ ៣២៣ តោន កើនឡើង ៣ ភាគរយធៀបនឹងឆ្នាំ ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦ លានដុល្លារ កើនឡើង ១៣ ភាគរយ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦១ ប្រទេស/ដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣។
ក្នុងនោះការនាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង ២១២ ៧៥៦ តោន គិតជាប្រាក់ ១៣៨ លានដុល្លារ, ប្រទេសនៅអឺរ៉ុប (២៦ ប្រទេស) ២៦៤ ៦៨៣ តោន ស្មើ ១៩១ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន (៧ ប្រទេស) ៩៣ ៣៧៦ តោន ស្មើនឹង ៦២ លានដុល្លារ និងទៅគោលដៅផ្សេងទៀត (២៦ ប្រទេស) បានចំនួន ៨៥ ៥០៨ តោន ស្មើទឹកប្រាក់ ៧៦ លានដុល្លារ។
ទន្ទឹមនឹងការនាំចេញអង្ករកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន គិតជាទឹកប្រាក់ ១,៣២ ពាន់លានដុល្លារ ក្នុងនោះ ៦៤ ភាគរយបាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរ។ បរិមាណនាំចេញស្រូវកើនឡើង ២៦,៥ ភាគរយ និងប្រាក់កើន ៥៦,៦៩ ភាគរយបើធៀបឆ្នាំ ២០២២៕