ភ្នំពេញៈ កម្ពុជារំពឹងថា នឹងស្វាគមន៍ធុរជន និងវិនិយោគិនមកពីសហរដ្ឋអាមេរិកកាន់តែច្រើនទៀត ស្របពេល ដែលទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកមួយនេះកាន់តែ មានភាពល្អប្រសើរ។
តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាន (US-ABC) បានបង្ហាញពីគោលបំណងក្នុងការស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគ និងនិងពង្រីកការវិនិយោគនៅកម្ពុជា ខណៈការវិនិយោគផ្ទាល់នៅកម្ពុជាទទួលបានការលើកទឹកចិត្តយ៉ាងច្រើន ហើយរដ្ឋាភិបាលក៏បើកចំហសម្រាប់វេទិកានៃជំនួបជាមួយផ្នែកឯកជនដើម្បីដោះស្រាយបញ្ហាផងដែរ។
ការបង្ហាញគោលបំណងនេះត្រូវបានធ្វើឡើងដោយតំណាង US-ABC នៅក្នុងជំនួបជាមួយលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំនោះ តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងសហរដ្ឋអាមេរិក-កម្ពុជា និងបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ជាមួយគ្នានេះ តំណាង US-ABC ដែល មានទាំងក្រុមហ៊ុនកំពុងមានវត្តមាននៅកម្ពុជា និងទាំងក្រុមហ៊ុនដែលមានបំណងចាប់ផ្ដើមសកម្មភាពវិនិយោគនៅកម្ពុជា គឺសុទ្ធតែបង្ហាញអំពីគោលបំណងក្នុងការស្វែងរកកាលានុវត្តភាពក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួមក្នុងការលើកស្ទួយកំណើន សេដ្ឋកិច្ចកម្ពុជា។
តំណាងរបស់ US-ABC ក៏ បានស្នើសុំឱ្យមានការពន្យល់អំពីទិដ្ឋភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជាស្នើសុំឱ្យមានការដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលក្រុមហ៊ុនរបស់អាមេរិកនៅកម្ពុជាបាននិងកំពុងជួបប្រទះ។ លោក ផាន់ ផល្លា ស្វាគមន៍ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ និងស្នើសុំឱ្យតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតនៅកម្ពុជាឱ្យបានកាន់តែប្រសើរ ឡើង។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែមីនាថា អាមេរិក គឺជាប្រទេសធំ និងមានសេដ្ឋកិច្ចរីកចម្រើន ព្រមទាំងមានទំនាក់ទំនងពាណិជ្ជកម្មនៅតាមប្រទេសជាច្រើនលើពិភពលោក។ ទោះក្នុងនាម US-ABC ក៏ការបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកតំណាងខាងលើ គឺពិតជាផ្តល់នូវសម្ទុះថ្មីសម្រាប់ជាកម្លាំងចិត្ត និងការផ្សព្វផ្សាយដ៏ល្អពីកម្ពុជា ខណៈរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ឬពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
លោកបានថ្លែងពន្យល់បន្តថា បរិយាកាសវិនិយោគនៅកម្ពុជា គឺមានភាពអំណោយផលច្រើនទាំងការចូលមកបណ្តាក់ទុន និងការបញ្ជាទិញទំនិញផលិតនៅកម្ពុជា ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធមួយចំនួន។
លោកបានថ្លែងឱ្យដឹងទៀតថា៖ «ទោះជាជំនួបពិភាក្សា ប៉ុន្តែវាបង្ហាញពីសក្តានុពលដែលកម្ពុជាកំពុងមានក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យចង់មកបណ្តាក់ទុនផ្ទាល់»។
បើយោងតាមទិន្នន័យរបស់ GDCE បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំទំនិញទៅមករវាងកម្ពុជា និងអាមេរិក មានទឹកប្រាក់សរុប ៩,១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួនប្រមាណ ៩,២៨ ពាន់លានដុល្លារ។
ក្នុងនោះទំនិញកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ៨,៩ ពាន់លានដុល្លារ ថយចុះ ០,៨ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ២៥៧,១៨ លានដុល្លារ ថយចុះ ១៧,៧ ភាគរយ។ ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨,៦៤ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន ៨,៦៥ ពាន់លានដុល្លារ។ អាមេរិក គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី២ របស់កម្ពុជា ដោយមានចំណែក ១៩,៥៥ ភាគរយ នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៤៦,៨៣ ពាន់លានដុល្លារ៕