​ភ្នំពេញៈ ការដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​កាណាដា ក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយមាន​ទឹក​ប្រាក់​សរុប​ជិត ៨៥​ លាន​ដុល្លារ កើនឡើង​ជាង ៥០​ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​បើតាម GDCE ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២​ មាន​ទឹកប្រាក់​សរុប ៨៤,៨៤ ​លាន​ដុល្លារ កើនឡើង ៥៤,៨ ​ភាគរយ​បើ​ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ៥៤,៨១ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា មាន​ទឹកប្រាក់ ៧៦,៧២​ លាន​ដុល្លារ កើនឡើង ៤២,១​ ភាគ​រយ​ពី​ចំនួន ៥៣,៩៧ ​លាន​ដុល្លារ និង​ទំនិញ​កាណាដា​នាំមក​កម្ពុជា ៨,១៣​ លាន​ដុល្លារ កើនឡើង ៨៧០,៣ ​ភាគរយ​ពី​ចំនួន ០,៨៤​ លាន​ដុល្លារ​។ ទឹក​ប្រាក់​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺ​ស្មើ ៩០,៦៩​ ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ​២​។​

​អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៥ ខែមីនា​ថា ភាព​​ប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​នៃ​កំណើនសេដ្ឋកិច្ច​សកល និង​ការ​ថយចុះ​បរិមាណ​ទំនិញ​ក្នុង​ឃ្លាំង​ស្តុក​កាលពី​ឆ្នាំ ​២០២៣ បានធ្វើឱ្យ​សម្ទុះ​នៃ​ការបញ្ជាទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា កើនឡើង​ស្ទើរ​គ្រប់​គោលដៅ​។ កាណាដា គឺជា​អតិថិជន​ធំ​របស់​កម្ពុជា​សម្រាប់​ផលិតផល​សម្លៀកបំពាក់ ស្បែក​ជើង កាបូប​ធ្វើដំណើរ ដូច្នេះ​បើ​កំណើនសេដ្ឋកិច្ច​សកល​ល្អ ហើយ​ការធ្វើ​ទេសចរណ៍​មាន​ច្រើន ការបញ្ជាទិញ​ទំនិញ​ទាំង​​អស់​ប្រាកដជា​កើនឡើង​ដែរ​។​

​លោក​បាន​លើកឡើងថា​៖ «​ចរាចរណ៍​ទំនិញ ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា ត្រូវ​រំពឹង​នឹងមាន​កំណើន​បន្ថែមទៀត​នាពេលខាងមុខ ខណៈ​កន្លងមក​ផ្នែក​ឯកជន​នៅ​កម្ពុជា ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC) ក៏បាន​បើក​ការិយាល័យ​តំណាង​នៅ​ប្រទេស​កាណាដា​រួចហើយ​»​។​

​លោក លឹម ហេង បាន​ពន្យល់ថា ការិយាល័យ​តំណាង CCC  ​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​ (​ប្រទេស​កា​ណា​ដា​)​ មាន​តួនាទី​ជួយ​ផ្សព្វ​ផ្សាយ​ផលិតផល​កម្ពុជា​ទៅដល់​អតិថិជន​កាណាដា និង​ផ្តល់ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិ​និ​យោ​គិ​ន​កាណាដា​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​។ មូលហេតុ​ដែល​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​កាណាដា​ច្រើន ក៏​ដោយសារតែ​កម្ពុ​ជាទ​ទួលបាន​ប្រព័ន្ធ​អនុ​ គ្រោះ​នាំចូល​ទំនិញ​មួយចំនួន​ទៅ​ទីនោះ​ផងដែរ​។

លោ​កថា ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា គឺជា​ផលិតផល​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា​រួមមាន គ្រឿង​អេ​ឡិច​ត្រូ​និក រថយន្ត ជាដើម​។ 

​ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៩៤០,៤៨​ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៥​ ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១,១៥​ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ៨៦៩,៥៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៤ ​ភាគរយ ចំណែក​កាណាដា នាំមក​កម្ពុជា ៧០,៩៥​ លាន​ដុល្លារ កើនឡើង​ជាង ​១០០​ ភាគរយ​៕