​ភ្នំពេញៈ តំណាង​វិស័យ​ឯកជន និង​អ្នកជំនាញ​លើក​​ឡើង​ថា ផែនការ​នៃ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ (QIPO)​​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​វា​នឹង​ផ្តល់​ភាព​ងាយស្រួល កសាង​ទំនុកចិត្ត កាត់បន្ថយ​ការចំណាយ​ផ្សេងៗ និង​ធ្វើឱ្យ​កម្ពុជា​ជា​ទិសដៅ​នៃ​ការវិនិយោគ​ប្រកបដោយ​តម្លា​ភាព និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​សុក្រ ទី ​១ ខែមីនា លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ CDC បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី​នេះ​។  ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ វឌ្ឍនភាព​ថ្មីៗ និង​ផ្តល់​ធាតុ​ចូល ដល់​ក្រុមការងារ​បច្ចេកទេស​ឌីជីថល​លើ​ការងារ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ QIP Online ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​នេះ​ធានាបាន​បរិ​យាប​ន្ន និង​អាចអនុវត្ត​បាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ប្រសិទ្ធ​​ភាព​ខ្ពស់ ពេល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ នេះ​បើ​យោងតាម CDC​។​

CDC ថា​៖ «​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ (QIP Online) គឺជា​ប្រព័ន្ធ​ដែល​អនុញ្ញាតឱ្យ​វិនិយោគិន អាចដាក់​ពាក្យស្នើសុំ​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ របស់ខ្លួន​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​កាន់តែ​ងាយស្រួល ឆាប់​​រហ័ស និង​តម្លាភាព តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​»​។​

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា៖ «​ប្រព័ន្ធ QIP Online នឹង​ជួយ​សម្រួល​ដល់​ការចុះបញ្ជី​របស់​អ្នកវិនិយោគ កាត់​បន្ថយ​ភាពស្មុគស្មាញ​ទាំងឡាយ និង​មិន​ត្រូវឱ្យ​អ្នកវិនិយោគ​វេច​ឯកសារ​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះឡើយ គឺអាច​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ជាមួយ​ប្រព័ន្ធ​នេះ​។ ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​គម្រោង​វិនិយោគ​តាម​អន​ឡាញ​នេះ​នឹង​រួម​ចំណែក​ទាក់ទាញ​អ្នកវិនិយោគ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​លោក​លឹម ហេង អនុ​ប្រធានសភា​ពាណិជ្ជ​កម្ម​កម្ពុជា ​(CCC) បាន​សាទរ​ជាមួយ​វឌ្ឍន​ភាព​ថ្មី​នៃ​ការចាប់យក​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ស្ថាប័ន​រដ្ឋាភិបាល​ដែល​បាន​សម្រួល​ដល់​ការចំណាយ​ពេល​លើ​ការរត់​ឯកសារ និង​កាត់បន្ថយ​ការជួប​មុខ​ដោយផ្ទាល់​ជាមួយ​មន្ត្រី ជាពិសេស​គឺ​បាន​កាត់បន្ថយ​ចំណាយ​ផ្សេងៗ និង​ពេលវេលា​ផងដែរ​។

លោក​បាន​ថ្លែង​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​សង្កេតឃើញថា​រដ្ឋាភិបាល​បានចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការងារ​របស់ខ្លួន​តាម​​រយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល មានដូចជា​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ដែល​វា​បាន​កាត់បន្ថយ​ពេលវេលា និង​ការ​ចំណាយ​ផ្សេងៗ​បាន​យ៉ាងច្រើន​។ លើស ពី​នោះ​ទៅទៀត វា​ក៏បាន​ចូលរួមចំណែក​ដល់​ការកសាង​នូវ​តម្លាភាព និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​វិស័យ​ឯកជន​»​។​

​លោក​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​នៅពេល ដែល​ដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​កំពុង​ឈោង​ចាប់យក​ការប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​វិនិយោគ​តាម​អន​ឡាញ ដែល​វា​នឹង​កាន់តែ​បង្ក​ភាពងាយស្រួល​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​អាចធ្វើ​​ការដាក់​ពាក្យស្នើសុំ​វិនិយោគ​បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​វិនិយោគ​ឌីជីថល​នេះ​នឹង​កាន់តែ​ផ្តល់​ភាពងាយស្រួល ទំនុកចិត្ត និង​ការអនុម័ត​លើ​គម្រោង​វិនិយោគ​នានា​កាន់​តែមាន​តម្លាភាព និង​រហ័ស​ផងដែរ​»​។​

​លោក គី សិរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាក៏បាន​លើកឡើងថា ការ​ឈានទៅ​ចាប់យក​នៃ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ស្ថាប័ន​សំខាន់​នៃ​រដ្ឋាភិបាល​នឹង​ជួយ​បង្កើត​នូវ​បរិ​យា​កាស​នៃ​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​កាន់​​តែមាន​ភាពល្អប្រសើរ តម្លាភាព និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​ធុរជន និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា​ ជាមួយ​ផែនការ​នៃ​ការឈានទៅរក​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅមុខ​នេះ ការ​ឈាន​ចាប់យក​ប្រព័ន្ធ​ទំនើបកម្ម​បច្ចេក​វិទ្យា​របស់​គ្រឹះស្ថាន​រដ្ឋាភិបាល គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​បាន​កសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេក​​វិទ្យា​ដ៏​រឹងមាំ​មួយ​ក្នុង​ការផ្តល់​ទំនុកចិត្ត និង​បង្ក​ភាពងាយស្រួល​ដល់​វិស័យ​​ឯកជន​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ CDC បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ២៦៨ ដែលមាន​ទុនវិនិយោគ​ជិត ៥​ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ ៣០៧ ០០០​ កន្លែង​។​

​ក្នុងនោះ​គម្រោង​ថ្មី​ចំនួន ២៤៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២១ ហើយ​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៧១ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​។​

​ក្នុងនោះ​ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក​ដល់​ទៅ​ប្រមាណ ៩២​ ភាគរយ​នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប ខណៈ​ទុន​​វិនិយោគ​ប្រមាណ ៤៦ ​ភាគរយ​បានមកពី​វិស័យនេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី CDC៕