​ភ្នំពេញៈ វិស័យ​ទេសចរណ៍​អន្តរជាតិ​នៅតែ​បន្ត​សញ្ញា​វិជ្ជមាន​ដោយ​ក្នុង​ខែ​ដំបូង ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ជាង ៥៤​ ម៉ឺន​នាក់ ​បាន​ចូលមក​ប្រទេស​កម្ពុជា កើន​ជាង ៣០ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ខណៈ​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំដែន​ទាំង ៣ មាន​ចំនួន​ជាង​ពាក់កណ្តាល​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។

ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ​៥ ខែមីនា ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន ៥៤០ ០២៣​ នាក់ ​ចូលមក​ប្រទេស​កម្ពុជា កើនឡើង ៣៤​ ភាគរយ​ បើ​ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤០២ ៩៤៣​ នាក់​។ ក្នុងចំណោម​ភ្ញៀវ​ខាងលើ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ បាន​គ្របដណ្តប់ ៥២,៨៧ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប ​​​ដោយ​ជនជាតិ​ថៃ មាន​ចំនួន ១៦៣ ៦៦១ ​នាក់ ស្មើនឹង ៣០,៣ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​, វៀតណាម ៨៥ ៧០០​ នាក់ ស្មើ ១៥,៩ ​ភាគរយ​, និង​ឡាវ ៣៦ ១៥៣ ​នាក់ ស្មើ ៦,៧ ​ភាគរយ​។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៦ ខែមីនា​ថា ចំនួន​ភ្ញៀវ​បរទេស​ដែល​ចូលមក​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា​ក្នុងប្រទេស​កម្ពុជា ពិសេស​តំបន់​ប្រាសាទអង្គរវត្ត នៅក្នុង​រដូវ​កាល​សម្បូរ​ភ្ញៀវ​ (High Season) បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងខែ​តុលា រហូតមកដល់​ពេលនេះ​។

សម្រាប់​ភ្ញៀវ​មកពី​ប្រទេសជិតខាង​ដែល​មក​កម្សាន្ត​នៅតាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប គឺ​មិនសូវមាន​សម្ទុះ​កើនឡើង​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស​នៅ​តំ​នប់​អឺរ៉ុប​ខាងកើត​ដូចជា ប៉ូឡូញ ហុង​គ្រី និង​ប៊ុលហ្គារី ព្រមទាំង​ប្រទេស​ឥណ្ឌា គឺ​ហាក់​មាន​សម្ទុះ​ឡើង​ច្រើនជាងគេ​។

លោក​បន្តថា ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​មិនមាន​ប្រធាន​ស័ក្តិ​ណា​លេចឡើង​ថ្មី​បន្ថែមទៀត​នោះ ក្នុង​ឆ្នាំ​ ២០២៤ នេះ​កម្ពុជា​ប្រាកដជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​លើសពី​ឆ្នាំ​ ២០២៣​។ បច្ចុប្បន្ន​ជា​មធ្យម​ក្នុង ១ ​ថ្ងៃ​ មាន​ជើងហោះហើរ​ប្រហែល ២៥ ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។

លោក​បាន​ថ្លែងថា​៖ «​ចាប់តាំងពី​ចុងខែ​តុលា ឆ្នាំ ​២០២៣ មកដល់ពេលនេះ ខ្ញុំ​មើលឃើញ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ខេត្តសៀមរាប​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ចរន្ត​នេះ​នឹង​បន្ត​ថែមទៀត​នាពេលខាងមុខ​។ សម្រាប់​អត្រា​មានការ​ងារ​ធ្វើ​របស់​សមាជិក​នៃ​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ ក្នុង​ពេលនេះ គឺ​ប្រហែល ៨០ ​ភាគរយ ​មានការ​ងារ​ធ្វើ​ចន្លោះ​ពី ១៧-២ ០​ថ្ងៃ និង​សល់​ពី​នោះ​អាចមាន​ការងារ​ធ្វើ​ចន្លោះ​ពី ១០-១៧ ​ថ្ងៃ​»​។

ទោះយ៉ាងណា ក្នុងនាម​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើន​ឆ្នាំ លោក ខៀវ ធី បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ផ្នែក​ឯកជន​ទាំងអស់​ត្រូវ​រួមគ្នា​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​បង្កើន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន ព្រោះ​វិស័យ​ទេសចរណ៍​អាច​នាំ​ចំណូល​ចូលជាតិ​បាន​ច្រើន​រយ​លាន​ដុល្លារ​ក្នុង ១​ ឆ្នាំៗ​។

ចំណុច​សំខាន់ៗ ដែល​កម្ពុជា​ត្រូវ​ព​ង្រឹ​ក​ការយកចិត្តទុកដាក់​នោះ​មានដូចជា ការរៀបចំ​សោភណភាព​ បរិស្ថាន​, ការរក្សា​សុវត្ថិភាព​, ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​, វត្ថុ​អនុស្សាវរីយ៍​ដែល​ដាក់លក់​ត្រូវមាន​គុណភាព ​និង​ការកំណត់​តម្លៃ​សមរម្យ ជាដើម​។

លោក អន​ហេង សុ​ភ័​ក្ រ​(Anheng Sokpheak) ប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​ភាសា​ចិន​កម្ពុជាបាន​និយាយថា បន្ទាប់ពី​ឥទ្ធិពល​នៃ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​ ១៩ បាន​បិទ​បញ្ចប់ទៅ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​។

លោក​បន្តថា ភ្ញៀវទេសចរ​បរទេស ពិតជា​ចូលរួមចំណែក​ច្រើន​ក្នុង​ការបង្កើត​មុខរបរ និង​ប្រាក់ចំណូល​ទៅដល់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។

លោក​ប្រាប់ទៀតថា ទោះយ៉ាងណា​សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល​ធ្លាប់មាន​ចំនួន​ច្រើនជាង​ជនជាតិ​ផ្សេងៗ​ទៀត​ក្នុង​ការធ្វើ​ទេសចរណ៍​មក​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ គឺ​ពេលនេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​ប្រតិបត្តិ​ករ​ទេសចរណ៍​យើង​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​បន្ថែមទៀត​»​។​
​ឆ្នាំ​២០១៩ គឺជា​ពេលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត ដោយមាន​ចំនួន ៦ ៦១០ ៥៩២ នាក់ កើនឡើង ៦,៦ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំប្រទល់​ទាំង ៣ មាន​ចំនួន​សរុប ១ ៦០៨ ៦២៥ ​នាក់ ស្មើនឹង ២៤,៣៣​ ភាគរយ​នៃ​ចំនួន​សរុប​។

ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៤៥ ​លាន​នាក់ កើនឡើង ១៣៩,៥​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕