ភ្នំពេញៈ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទំហំពាណិជ្ជកម្ម កម្ពុជា-អន្ដរជាតិ មានការរីកចម្រើនជាលំដាប់ បើទោះបីជាមានវិបត្ដិសង្គ្រាមក្ដី ហើយការបញ្ជាទិញពីកម្ពុជានៅតែមាន ជាពិសេសការនាំចេញរបស់កម្ពុជា ទៅក្នុងបណ្ដាប្រទេស RCEP បានបង្ហាញពីកំណើនជាលំដាប់។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ ៤ ខែមីនា កន្លងទៅនាទីស្ដីការក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖«ទោះបីជាមានវិបត្តិសង្គ្រាមក្ដី ប៉ុន្តែការបញ្ជាទិញទំនិញកម្ពុជានៅតែមាននៅឡើយ គឺនៅតែរក្សាបាននូវទំហំនៃការបញ្ជាទិញ អត់មានការថមថយទេ។ ទោះបីជាមានការថមថយចំពោះមុខទំនិញខ្លះ តែវាទៅកើនលើមុខទំនិញខ្លះទៀត»។
កម្ពុជានៅតែជាប្រទេសលេខ១ ក្នុងការនាំចេញកង់ និងជាប្រទេសនាំចេញគ្រឿងបន្លាស់ គ្រឿងបង្គុំ ផ្ទាំងសូឡា ទៅកាន់ទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖«ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ប្រមាណជិត ២ ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ កើនឡើង ២៧ភាគរយ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត១៧ភាគរយ»។
លោកថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១,១ ពាន់លានដុល្លារ កើនឡើង ១៨,៧ ភាគរយ បន្ទាប់មកជាមួយវៀតណាមមានទំហំជាង ៦៧៧ លានដុល្លារ កើនឡើង ៤១,៥ ភាគរយ ខណៈជាមួយអាមេរិកវិញ មានទំហំជាង ៦៤៤ លានដុល្លារ កើនឡើង១០,៨ភាគរយ។
ទោះជាយ៉ាង ដើម្បីបង្កើនការនាំចេញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានជំរុញដល់សហគ្រាស ក្រុមហ៊ុនដែលផលិតផលិតផលសម្រាប់នាំចេញ ត្រូវពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីរក្សាបានការនាំចេញ ទោះបីជាកម្ពុជាអាចបាត់បង់ ការអនុគ្រោះមួយចំនួនយ៉ាងណាក្ដី។
លោកនិយាយថា៖ «ជាការពិតយើងត្រូវបានបាត់បង់ការអនុគ្រោះពន្ធមួយចំនួន ប៉ុន្ដែកម្ពុជាក៏ទទួលបានលក្ខខណ្ឌមួយចំនួនទៀត ដែលត្រូវប្រុងប្រៀបអនុវត្ត។ ក្នុងនោះសហគ្រាស ក្រុមហ៊ុន ត្រូវតែផ្ដោតលើការបង្កើនសមត្ថភាព បង្កើនលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណា ពង្រីក និងពង្រឹងការផលិតរបស់ខ្លួន»។
លោកបន្តថា ៖ «យើងបានឆ្លងផុតពីដំណាក់កាល ប្រទេសអភិវឌ្ឍន៍តិចតួច និងធ្លាប់ទទួលបានការអនុគ្រោះ ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានបាត់បង់ការអនុគ្រោះមួយចំនួន ហើយត្រូវឱ្យយើងបង្កើនការផលិតរបស់ខ្លួនឱ្យមានគុណភាព ឬត្រូវបង្កើននូវបច្ចេកទេសផលិតឱ្យឆ្លើយតប នឹងតម្រូវការទីផ្សារ គឺជារឿងចាំបាច់»។
ជុំវិញបញ្ហានេះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា លោកបានសង្កេតឃើញពីការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេស RCEP មិនសូវមានជាប្រភេទទំនិញវាយនភណ្ឌកាត់ដេរ ដូចនាំចេញទៅអាមេរិក និងអឺរ៉ុបនោះទេ តែសំបូរជាផលិតផលដែលមិនមែននៅក្នុងឧស្សាហកម្មកាត់ដេរ ដូចជាកង់ គ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្មជាដើម។
លោកបានបញ្ជាក់ថា៖ «នៅក្នុងក្របខ័ណ្ឌ RCEP យើងអាចនិយាយបានថា យើងមានកង្វះនូវផលិតផលសម្រាប់នាំចេញ ដែលធ្វើឱ្យផលិតផលរបស់យើងមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងប្រទេស RCEPនៅឡើយ ជាពិសេសទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចិន។ ដូច្នេះយើងត្រូវគិតគូរបន្ថែមលើបញ្ហានេះ តែយ៉ាងណាមិញខ្ញុំឃើញរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញពីចំណុចនេះ ដើម្បីបានជំរុញការអភិវឌ្ឍគោលនយោបាយអាទិភាពមួយចំនួន ជាពិសេសទាក់ទងនឹងវិស័យកសិកម្ម»។
ដោយឡែក ចំពោះករណីវាយប្រហារកប៉ាល់ដឹកជញ្ជូនទំនិញ ពីសំណាក់ក្រុមហ៊ូទីនៅសមុទ្រក្រហម ត្រូវបានលោក ប៉ែន សុវិជាតិ អះអាងថា នឹងប៉ះពាល់ជាប្រយោលដល់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ពោលគឺលោកបារម្ភថា ករណីនេះនឹងធ្វើឱ្យថ្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលជាដើមចមមួយធ្វើឱ្យតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាកើនឡើង។
លោកបានបញ្ជាក់ថា៖ «ការកើនឡើងនៃតម្លៃប្រេងឥន្ទនៈនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងឧស្សាហកម្មមួយចំនួនផងដែរ។ បើយើងពិនិត្យផលប៉ះពាល់ដោយផ្ទាល់ យើងមិនឃើញធំដុំនៅឡើយទេ បើពិនិត្យលើផលប៉ះពាល់ដោយប្រយោល យើងឃើញប្រេងឥន្ធនៈបន្តឡើង តែយ៉ាងណាស្រុកខ្មែរយើងទិញពីប្រភពផ្សេងៗ ធ្វើឱ្យតម្លៃប្រេងរបស់យើងមានការឡើង និងថយចុះទៅតាមរដូវកាល ព្រោះយើងសំអាងទៅលើទីផ្សារចម្រាញ់ប្រេងនៅសិង្ហបុរី»។
លោកលើកឡើងបន្តថា ចំពោះការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអឺរ៉ុប មិនទាន់ផ្តល់ផលប៉ះពាល់ដោយផ្ទាល់ មកលើកម្ពុជានោះទេ ដោយសារផ្លូវនេះ កម្ពុជាហាក់មានការប្រើប្រាស់តិច ហើយមកទល់បច្ចុប្បន្ននេះ លោកមិនទាន់ទទួលបានដំណឹងថា ការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើកប៉ាល់ដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជានៅឡើយទេ។ ប៉ុន្តែផលអវិជ្ជមានដែលបានផ្តល់ផលប៉ះពាល់នោះ គឺការឡើងថ្លៃនៃការដឹកជញ្ជូន ដែលធ្វើឱ្យថ្លៃដើមនៃទំនិញឡើងថ្លៃ ដែលជះឥទ្ធិពលដោយប្រយោល មកលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា៕