​ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ថ្លែងថា ក្រុមហ៊ុននាំចេញ​អង្ករ​ធំជាងគេ​របស់​ប្រទេស​អូស្ត្រាលី SunRice Group នឹងធ្វើ​ការបំពេញ​ទស្សនកិច្ច​សិក្សា​ធ្វើការ​នាំចេញ​អង្ករ​ក្រអូប និង​សរីរាង្គ​នាពេល​ឆាប់ៗ​នេះ ដើម្បី​យកទៅ​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​ទិសដៅ​ផ្សេងៗ​ទៀត​ដែល​ខ្លួន​មាន​។​

​លោក សុង សារ៉ន ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) និង​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) បាន​ជួបប្រជុំ​ដោយផ្ទាល់​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន SunRice Group លោក Paul Serra បន្ទាប់ពី​លោក​អគ្គនាយក​រូបនេះ​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​៤​ខែមីនា កន្លងទៅនេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មានឱកាស​បាន​ប្រជុំ​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន SunRice Group កាលពី​ថ្ងៃទី​​ ៥ ដោយ​យើង​បាន​ពិភាក្សា​អំពី​សក្តានុពល​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ យើង​បាន​អញ្ជើញ​គាត់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ធ្វើការ​នាំចេញ​កែច្នៃ​ជាពិសេស​អង្ករ​សរីរាង្គ​។ ក្នុងនោះ លោក​អគ្គនាយក​បា​នស​ន្យា​ជាមួយ​ខ្ញុំ​ថា គាត់​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​យើង​នាពេល​ឆាប់ៗ​នេះ​ដើម្បី​ជជែក​ពិភាក្សា​ឱ្យបាន​លម្អិត​បន្ថែមទៀត​»​។​

​លោក​បាន​សង្កត់ធ្ងន់​ទៀតថា​៖ «​ក្នុងជំនួប​នោះដែរ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្រុមហ៊ុន​គាត់​ចាប់អារម្មណ៍​ធ្វើការ​នាំ​ចេញ​នូវ​ប្រភេទ​អង្ករ​ក្រអូប​និង​អង្ករ​សរីរាង្គ​ពី​ប្រទេស​កម្ពុជា ដោយ​គាត់​មាន​ផែនការ​ថា​នឹង​នាំ​ចេញពី​យើង​ប្រមាណ​ ២០០​ តោន​ នូវ​ប្រភេទ​អង្ករ​សរីរាង្គ​សាកល្បង​សិន ប៉ុន្តែ​យើង​អាចមាន​សក្តានុពល​ជាមួយ​ក្រុមហ៊ុន​ច្រើន​ជាពិសេស​ពង្រីក​ការនាំចេញ​របស់​ក្រុមហ៊ុន​គាត់​ដែលមាន​ស្រាប់ និង​គាត់​អាចមក​ធ្វើការ​វិនិយោគ​មក​ស្រុក​ខ្មែរ​យើង​»​។  

​លោក Paul Serra នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SunRice Group កាលពី​ថ្ងៃទី​ ៥ ពេល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ៤ ខែមីនា ឆ្នាំ ​២០២៤ ​នេះ​។

លោក Paul ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​លោក​ជា​ក្រុមហ៊ុន​អូស្ត្រាលី ទី១ ដែល​បាន​នាំ​អង្ករ​ពី​កម្ពុជា​មកកាន់​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​លោក​សម្គាល់​ឃើញថា កម្ពុ​ជាមាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ដោយ​អង្ករ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញលើ​សកលលោក ហើយ​កម្ពុជា​ក៏មាន​គុណសម្បត្តិ​ប្រកួតប្រជែង​ខ្ពស់​លើ​កម្លាំង​ពលកម្ម​វ័យក្មេង ស្ថិរភាព​នៃ​តម្លៃ​អគ្គិសនី ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា និង​ឡូ​ជី​ស្ទិ​ក​ល្អប្រសើរ​ផងដែរ​។

លោក​ថា​៖ «​ផ្អែកលើ​សក្ដានុពល​ទាំងនេះ ក្រុមហ៊ុន​លោក​មានបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​ឧស្សាហកម្ម​កែច្នៃ​អង្ករ​។ ក្នុង នោះ​ក្រុមហ៊ុន​បង្ហាញ​បំណង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​អង្ករ ពិសេស​អង្ករ​សរីរាង្គ សម្រាប់​នាំចេញ​ទៅ​ក្រៅ ប្រទេស​»​។​

​លោក​បាន​លើកឡើងថា​៖ «​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោល​​នយោបាយ​ដាក់ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​នៅតាម​មូលដ្ឋាន​ឃុំ សង្កាត់​ទូទាំងប្រទេស ដើម្បី​គាំទ្រ​ប្រជាកសិករ​ដល់​មូលដ្ឋាន លើ​ផ្នែក​បច្ចេកទេស សំដៅ​បង្កើន​ផលិតភាព​ផលិតផល​កសិកម្ម​នៅតាម​មូលដ្ឋាន​»​។​

​លោក​ថា​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់ជូន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។ លើសពីនោះ លោកនាយក​​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​ដោយ​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។​

​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​ បង្ហាញថា ក្នុង​ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៥៦ ៣២៣​ តោន កើនឡើង ៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ចំណែក​ទឹកប្រាក់​ប្រមូលបាន​មាន​ចំនួន ៤៦៦ ​លាន​ដុល្លារ កើនឡើង ១៣​ ភាគរយ​។ អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៦១ ​ប្រទេស​/​ដែនដី តាមរយៈ​ក្រុមហ៊ុន នាំចេញ​ចំនួន ៦៣​។​

​បើ​យោងតាម​របាយការណ៍​ដ​ដែល ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុងកុង មាន​បរិមាណ ២១២ ៧៥៦​ តោន គិត​ជា​ប្រាក់ ១៣៨ ​លាន​ដុល្លារ​,​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ​(២៦ ​ប្រទេស​)​ចំនួន ២៦៤ ៦៨៣​ តោន ស្មើនឹង ១៩១ ​លាន​ដុល្លារ ប្រទេស​សមាជិក​អាស៊ាន ​(៧ ប្រទេស​) ៩៣ ៣៧៦​ តោន ស្មើនឹង ៦២​លាន​ដុល្លារ និង​ទៅ​គោលដៅ​ផ្សេងទៀត​នៅ​អាហ្រ្វិក មជ្ឈិមបូព៌ា ​(២៦ ប្រទេស​)​ បាន​ចំនួន ​៨៥ ៥០៨ ​តោន ស្មើ​ទឹកប្រាក់ ៧៦ ​លាន​ដុល្លារ​។​

​ជាមួយគ្នានេះដែរ ទន្ទឹមនឹង​ការ​​នាំចេញ​អង្ករ​នេះ ប្រទេស​កម្ពុជា​ក៏បាន​ធ្វើការ​នាំចេញ​ស្រូវ​ចំនួន ៤ ៣៨៧ ៣៦៣​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១,៣២​ ​ពាន់​លាន​ដុល្លារ​ផងដែរ ក្នុងនោះ ៦៤ ​ភាគរយ​បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ បរិមាណ​នាំចេញ​ស្រូវ បាន​កើនឡើង​ប្រមាណ ២៦,៥​ ភាគរយ និង​ទឹកប្រាក់​នោះ​ក៏បាន​កើនឡើង​ប្រហែល ៥៦,៦៩ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០២២៕