ភ្នំពេញៈ កំណើនសេដ្ឋកិច្ចសកលបានជួយឱ្យកម្ពុជារកចំណូលពីការនាំចេញផលិតផលគ្រឿងសង្ហារិម និងផលិតផលក្នុងបន្ទប់គេង នៅក្នុងខែដំបូង ឆ្នាំ ២០២៤ មានចំនួនជិត ៦០ លានដុល្លារ កើនជាង ៦០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើយោងតាម GDCE ក្នុងខែមករា ឆ្នាំ ២០២៤ ការនាំចេញជំពូកទំនិញ (HS ២ខ្ពង់) លេខកូដ ៩៤ ដែលរួមមានគ្រឿងសង្ហារិម សម្ភារគ្រែ ពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ៥៩,៩៣ លានដុល្លារ កើនឡើង ៦២ ភាគរយធៀបខែមករា ឆ្នាំ ២០២៣ ដែលមាន ៣៧ លានដុល្លារ។ ទឹកប្រាក់នៃការនាំចេញទំនិញជំពូកលេខកូដ ៩៤ គឺស្មើនឹង ៣,០៥ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក្នុងខែមករា ឆ្នាំ ២០២៤ ដែលមាន ១,៩៧ ពាន់លានដុល្លារ។
ឆ្លើយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៦ ខែមីនា លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា គ្រឿងសង្ហារិម និងផលិតផលក្នុងបន្ទប់គេង គឺជាទំនិញអាទិភាពមួយដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិជាយូរមកហើយ។ កំណើនទឹកប្រាក់នាំចេញផលិតផលទាំងអស់នេះមានចាប់តាំងពីចុងឆ្នាំ ២០២៣ គឺបន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងពេលពិភពលោកជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩។
លោកប្រាប់ថា៖ «ដោយសារតម្រូវការទីផ្សារអន្តរជាតិមានកាន់តែច្រើន ហើយចំនួនរោងចក្រ/សហគ្រាសផលិតផលិតផលទាំងអស់ខាងលើដែលមកបើកដំណើរការនៅកម្ពុជាមានកាន់តែច្រើននោះ ដូច្នេះចំនួនទឹកប្រាក់នាំចេញផលិតផលទាំងអស់នេះនឹងបន្តកើនឡើងទៀតនាពេលខាងមុខ»។
លោកបន្ថែមថា នៅពេលនេះសមត្ថភាពផលិតកម្មនៅកម្ពុជាបានកើនឡើងស្ទើរគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ ខណៈការវិនិយោគផ្ទាល់នៅកម្ពុជា គឺវិនិយោគិននឹងទទួលបានផលវិជ្ជមានជាច្រើនទាំងកត្តាខាងក្នុង និងខាងក្រៅ។
លោកបន្ថែមថា កត្តាខាងក្នុងមានដូចជា ទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ ច្បាប់វិនិយោគ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ជាដើម ចំណែកកត្តាខាងក្រៅសំដៅដល់ប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារធំៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាបានធ្វើជាមួយប្រទេសជាច្រើនលើពិភពលោក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង កាលពីពេលថ្មីៗនេះបាននិយាយថា កំណើនសេដ្ឋកិច្ចសកល និងការថយចុះទំនិញនៅក្នុងឃ្លាំងស្តុករបស់ក្រុមហ៊ុនបញ្ជាទិញ (អន្តរជាតិ) បានធ្វើឱ្យការបញ្ជាទិញពីក្រៅប្រទេសកើនឡើងស្ទើរគ្រប់វិស័យ។ កម្លាំងបញ្ជាទិញនឹងមានជាទំហំកាន់តែធំនៅពេលខាងមុខ។
លោកអះអាងថា៖ «នៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អ តម្រូវការផលិតផលទាំងនេះនឹងហក់ឡើងវិញ ដូច្នេះការបញ្ជាទិញនឹងកើនឡើង»។
តារាងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជារកបានពីការនាំចេញជំពូកក្នុងទំនិញ (HS ២ខ្ពង់) លេខកូដ ៩៤ ដែលរួមមានគ្រឿងសង្ហារិម, សម្ភារគ្រែ ពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ៨៨៩,៦២ លានដុល្លារ ធ្លាក់ចុះ ៦,២ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមាន ៩៤៨,២៦ លានដុល្លារ។ ទឹកប្រាក់ការនាំចេញទំនិញជំពូកលេខកូដ ៩៤ ស្មើនឹង ៣,៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាទៅទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៣ ដែលមាន ២២,៦៤ ពាន់លានដុល្លារ៕