​ភ្នំពេញៈ ទំនាក់ទំនង​វិស័យ​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ឥណ្ឌា ត្រូវបាន​រំពឹង​នឹង​បង្ហាញ​សញ្ញា​វិជ្ជមាន​កាន់តែច្រើន​នាពេលខាងមុខ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Angkor Air បានប្រកាស​ពី​គម្រោង​នៃ​ការចាប់ផ្តើម​ហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​ដែ​លី ប្រទេស​ឥណ្ឌា​ក្នុងពេល​ឆាប់ៗ​។​

​យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ Cambodia Angkor Air កាលពី​សប្តាហ៍​មុន​សរសេរថា សូម​ទទួលយក​បទ​ពិសោធន៍​ថ្មី​ជាមួយ​ការហោះ​ហើរ​ទៅ​ទីក្រុង​ដែ​លី ប្រទេស​​ឥណ្ឌា​។ ការហោះហើរ​នឹង​ចាប់​ផ្ដើម​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​បា​ស៊ី​ហ្វិ​ក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៧ ខែមីនា​ថា គម្រោងការ​ចាប់ផ្តើម​ជើង​ហោះ​​ហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាស​​ចរណ៍ Cambodia Angkor Air ទៅ​ប្រទេស​ឥណ្ឌា ​នឹង​ផ្តល់​ផលចំណេញ​ច្រើនណាស់​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ ២​។ លោក​បន្តថា ទោះបីយ៉ាងណា​ភាព​ជោគ​ជ័យ​នៃប្រតិបត្តិ​ការហោះហើរ​ត្រង់នេះ ក៏​អាស្រ័យទៅលើ​ការ​កំណត់​តម្លៃ​សម្រាប់​ការហោះហើរ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​ដែល​យើង​រង់ចាំ​ជា​យូរ​ឆ្នាំ ដែល​យើង​ខំប្រឹងប្រែង​យូរ​ឆ្នាំ​។ ខ្ញុំ​ធ្លាប់​និយាយ​ច្រើនដង​ហើយ​ថា ទីផ្សារ​ឥណ្ឌា​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​ឥណ្ឌា​ជា​ប្រជាជាតិ​ធំ បើ​យើង​និយាយ​ពី​ចំនួន​អ្នកដំណើរ​ជុំវិញ​ពិភពលោក​បន្ទាប់ពី​ចិន គឺ​ឥណ្ឌា​ហ្នឹងហើយ​ដែល​ធំជាងគេ យើង​ឃើញ​ហើយ​ចិន​សព្វ​​ថ្ងៃនេះ​មិនមាន​ភាពទូលំទូលាយ​ទេ តែ​ទីផ្សារ​ឥណ្ឌា​នេះ​មាន​ទាំង​វប្បធម៌​​ប្រពៃណី​។ យើង​មាន​ទំ​នាក់​ទំនង​ច្រើន​ជាមួយ​ឥណ្ឌា ហើយ​ទីផ្សារ​ហ្នឹង​ធំ អ៊ីចឹង​កម្ពុជា​ចាំបាច់​ណាស់​មាន​ជើងយន្តហោះ​ដោយផ្ទាល់​ជាមួយ​ឥណ្ឌា​»​។​

​យោងតាម​លោក ស៊ីណាន ទីផ្សារ​ទេសចរណ៍​ឥណ្ឌា ត្រូវគេ​ចែកជា ៣ ​ប្រភេទ គឺ​ទី​១ តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​, ទី​២ តំបន់ Shopping និង Night Light (​ភាគច្រើន​ទៅ​ប្រទេស​ថៃ​) និងទី​៣ សាសនា​។​

​សម្រាប់​ភ្ញៀវ​ជនជាតិ​ឥណ្ឌា​មក​កម្ពុជា គឺ​ចូលចិត្ត​ធ្វើដំណើរ​ទៅ​តំបន់​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក ស៊ីណាន​។​​យោងតាម​គេហទំព័រ worldometers.info បច្ចុប្បន្ននេះ​ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភព​លោក​ជាមួយនឹង​ប្រជាជន​ប្រ​មាណ ១ ៤៣៧,៥៨​ លាន​នាក់ ​(​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤) នាំមុខ​ប្រទេស​ចិន ដែល​ស្ថិតនៅ​លេខ ​២ ដែលមាន​ប្រជាជន ១ ៤២៥,៣៣​ លាន​នាក់​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា ស្ថានភាព​វិស័យ​ទេស​ចរណ៍​កម្ពុជា​បានចាប់ផ្តើម​ល្អ​ប្រសើរ​ឡើងវិញ​បណ្តើរៗ​ហើយ ក្រោយពី​ធ្លាក់ចុះ​យ៉ាងគំហុក​ជាង ៣ ​ឆ្នាំ​ ដោយសារ​ការលេចឡើង​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ព្រមទាំង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ មួយរយៈ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវទេសចរ​ដែល​មកពី​ឥណ្ឌា កូរ៉េខាងត្បូង និង​តំបន់​អឺរ៉ុប​ខាងកើត​ដូចជា ប៉ូឡូញ ហុង​គ្រី និង​ប៊ុលហ្គារី បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​លោក​អះអាងថា​៖ «​ការបើក​ជើងហោះហើរ​ត្រង់​នឹង​ជួយ​ឱ្យ​ភ្ញៀវ​ឥណ្ឌា​កាន់តែច្រើន​ចូលមក​ទស្សនា​តំបន់​ប្រាសាទបុរាណ​​កម្ពុជា ខណៈ​ប្រាសាទបុរាណ​ភាគច្រើន​សុទ្ធ​តែមាន​ប្រវត្តិ​នៃ​ការសាងសង់​ទាក់ទង​នឹង​សា​​សនា​ដែល​មាននៅ​ឥណ្ឌា​»​។​

​ជុំវិញ​ការភ្ជាប់​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​ឥណ្ឌា លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋ​​លេខាធិការដ្ឋាន​អាកាសចរ​ស៊ី​​វិល បាន​ប្រាប់ថា នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ជាក់លាក់​បានទេ​។​

​បើតាម​លោក ចាន់​សិរី​វុត្ថា ចំនួន​ជើងហោះហើរ​នៅ​កម្ពុជា​បាន​កើន​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ ​២០២៤ ចំនួន​ជើងហោះហើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា គឺមាន​ជិត ១៧០​ ជើង​ ក្នុង ១ ​ថ្ងៃ​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស ៥,៤៥​ លាន​នាក់​បាន​ចូលមក​ប្រទេស​កម្ពុជា កើនឡើង ១៣៩,៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​ជនជាតិ​ឥណ្ឌា មាន​ចំនួន ៦៨ ៨៣ ៦​នាក់ កើន ១០២,៤ ​ភាគ​រយ​។ ភ្ញៀវ​ជនជាតិ​ឥណ្ឌា ស្ថិតនៅ​លេខ​រៀង​ទី ​១៤ បន្ទាប់ពី​ប្រទេស​ថៃ វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូ​នេ​​ស៊ី បារាំង អង់គ្លេស ម៉ាឡេស៊ី អូស្ត្រាលី ជប៉ុន និង​រុស្ស៊ី​។​

​ក្រៅពី​ទំនាក់ទំនង​ផ្នែក​ទេស​​ចរណ៍ កម្ពុជា​-​ឥណ្ឌា ក៏មាន​ទំ​នាក់​ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ផងដែរ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​សរុប ៤៨៥,៧​ លាន​ដុល្លារ​កើនឡើង ១០,៤ ​ភាគរយ​ ធៀប​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​នេះ គឺ​កម្ពុជា​នាំទៅ​ឥណ្ឌា ២៩៣,០៦ ​លាន​ដុល្លារ កើន ៤៩​ ភាគរយ និង​ទំនិញ​ឥណ្ឌា​នាំមក​កម្ពុជា ១៩២,៦៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២០,៨​ ភាគរយ​។ ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១៧ របស់​កម្ពុជា​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ឆ្នាំ ​២០១៩ គឺជា​ពេលដែល​ប្រទេស​កម្ពុជា​ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើនជាងគេ​ដោយមាន​ចំនួន​សរុប ៦,៦១ ​លាន​នាក់ កើន ៦,៦ ភាគរយ​ធៀប​ឆ្នាំ ​២០១៨ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ឥណ្ឌា មាន​ចំនួន ៧៥ ២៨៦ ​នាក់ កើនឡើង ១៤,៣ ​ភាគរយ​៕