សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យបរទេសនៃខេត្តសានតុង កំពុងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សម្ភារមេកានិច និងអេឡិចត្រូនិក ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកទឹកចិត្តឱ្យវិនិយោគិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កសិកម្ម កសិ-ឧស្សាហកម្ម និងវារីវប្បកម្ម ដើម្បីរួមគ្នាអភិវឌ្ឍ ច្រករបៀងឧស្សាហកម្ម និង ច្រករបៀងមច្ឆា និងអង្ករ។
ការជំរុញកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្នុងការអភិវឌ្ឍ ច្រករបៀងឧស្សាហកម្ម និង ច្រករបៀងមច្ឆា និងអង្ករ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
នាកិច្ចប្រជុំនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងថា វត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា នាពេលនេះ ពិតជាមានសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
លោកបានបន្ថែមថា៖«ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បានដំឡើងកម្រិតជា “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។ CDC សង្ឃឹមយ៉ាងមុតមាំប្រកបដោយសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំ ដែលនឹងអាចជួយពន្លឿនការអភិវឌ្ឍ ច្រករបៀងឧស្សាហកម្ម និង ច្រករបៀងមច្ឆា និងអង្ករ»។
លោកអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យវិនិយោគិនចិនអញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជាដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។
បើតាមលោកអគ្គលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ដនៅកម្ពុជា។
បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយនឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសម្បករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។
ជាមួយគ្នានោះដែរ លោក លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា-ចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សម្ភារៈមេកានិក និងអេឡិចត្រូនិកជាដើមដែលសុទ្ធសឹងតែជាវិស័យចម្បងរបស់ខេត្តសានទុង និងមានកាលានុវត្តភាពសហការជាមួយកម្ពុជា។
លោកបានលើកឡើងទៀតថា កម្ពុជា និងចិន មានទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ខណៈដែលសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាចិន។
លោកគូសបញ្ជាក់ថា៖« កម្ពុជា គឺជាគោលដៅដ៏ប្រសើរសម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលំទូលាយ គោលនយោបាយអំណោយផល និង កំណើនសក្តានុពល។ វិនិយោគិនចិន អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញផលិតផលដោយទទួលបាននូវការអនុគ្រោះពន្ធគយទៅកាន់ប្រទេសជាច្រើនក្រោមក្របខ័ណ្ឌពាណិជ្ជកម្មសេរីកម្រិតតំបន់ ពហុភាគី និងទ្វេភាគី»។
លោកបានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ ការពារ ថែទាំ និងលើកទឹកចិត្ត វិនិយោគិន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និងអាណត្តិក្រោយ តែងយកចិត្តទុកដាក់ និងដឹកនាំ វេទិការាជដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់វិស័យឯកជនទាំងក្នុងស្រុក និង បរទេសដែលមកវិនិយោគនៅកម្ពុជា។ ដូច្នេះ លោកជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់ការជួបជុំក្នុងឱកាសនៃកិច្ចប្រជុំនេះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ឆ្ពោះទៅ កសាងតំបន់ដែលរឹងមាំងជាងមុន រីកចម្រើនជាងមុន និង សមាហរណកម្មជាងមុន។
យោងតាមទិនិ្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រំហូរទុនវិនិយោគរបស់ចិនតែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ ស្ទើររៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម និងកសិ-ឧស្សាហកម្ម ជាដើម៕