សភាពាណិជ្ជកម្មកម្ពុជា (CCC) និង សមាគមធុរកិច្ចកម្ពុជាវៀតណាម (VCBA) គ្រោងនឹងសហការគ្នាបង្កើត ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បីជំរុញការដោះស្រាយការលំបាករបស់ពាណិជ្ជករ ក៏ដូចជាប្រជាជននៅតាមព្រំដែនទ្វេភាគីឱ្យបានទាន់ពេលវេលា រវាងវិស័យឯកជន និងឯកជន។
គម្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាវៀតណាមនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និង សមាគមធុរកិច្ចកម្ពុជាវៀតណាម កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅការិយាល័យសភាពាណិជ្ជកម្មកម្ពុជា នៅរាជធានីភ្នំពេញ។
នាកិច្ចពិភាក្សានោះ លោក លឹម ហេង ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបលើកនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។
លោកបានបន្ថែមថា វាក៏ជាការពង្រីកធុរកិច្ច ចាប់ដៃគូរវាងសភាពាណិជ្ជកម្ម ជាមួយសមាគមធុរកិច្ចកម្ពុជា វៀតណាម ដោយសភាពាណិជ្ជកម្មកម្ពុជាបានសង្កេតឃើញថា ភាគីវៀតណាមបានដឹកនាំក្រុមហ៊ុនធំៗជាច្រើនមកដូចជា វិស័យទូគមនាគម, វិស័យធនាគារ, និងវិស័យអាកាសចរណ៍ជាដើម។
លោកបានបញ្ជាក់ថា៖«ការវិនិយោគរបស់ក្រុមហ៊ុនទាំងនេះ បានសបញ្ជាក់ឱ្យឃើញថាអ្នកវិនិយោគវៀតណាម កំពុងតែធ្វើធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា»។
លោក ឡេង ឬទ្ធី ប្រធានសមាគធុរកិច្ចកម្ពុជា វៀតណាម បានលើកឡើងដែរថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា បានដោះស្រាយច្រើនចំពោះបញ្ហាប្រឈមរបស់ក្រុមហ៊ុនវិនិយោគវៀតណាម ដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ។
លោកបានបន្ថែមថា ដើម្បីអនុវត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន រវាងកម្ពុជា និងវៀតណាម ស្ថាប័នទាំងពីរត្រូវតែបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាវៀតណាម។
លោកបានបញ្ជាក់ថា៖«យើងនឹងលើកយកបញ្ហារួម មកពិភាក្សាររួមគ្នា ដើម្បីឈានទៅដល់ការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាវៀតណាម ដើម្បីដោះស្រាយការលំបាករបស់ពាណិជ្ជករ ក៏ដូចជាប្រជាជននៅតាមព្រំដែនកម្ពុជាវៀតណាមឱ្យទាន់ពេលវេលា រវាងវិស័យឯកជន និងឯកជន»។
បើតាមសភាពាណិជ្ជកម្មកម្ពុជា គិតត្រឹមដើមឆ្នាំ២០២៤ ធុរជន និងវិនិយោគវៀតណាមនៅកម្ពុជាមានចំនួន ៥០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពធុរកិច្ចលើវិស័យកសិកម្ម ជាដើម។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញ កាលពីត្រីមាសទី១ ឆ្នាំ២០២៣ ប្រទេសវៀតណាម បានជាប់លេខ៥ ក្នុងចំណោម ១០ ប្រទេស ក្នុងនាមជាប្រទេសដែលបានបោះទុនវិនិយោគដោយផ្ទាល់មកកម្ពុជា ដោយមានទំហំទឹកប្រាក់ជាង១០,២ ទ្រីលានរៀល ស្មើនឹងជិត ៣ ពាន់លានដុល្លារ។ ដោយឡែកទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅក្នុងខែមករា ឆ្នាំ២០២៤នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៦៧៧ លានដុល្លារ កើនឡើងជាង ៤១ ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៣៕