ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា ទើបបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ដែលបានធ្វើសវនកម្មរួច។
យោងតាមរបាយការណ៍នេះ ធនាគារ ABA នៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរ ជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ច និងជាចលករដ៏សំខាន់ ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
កំណើនប្រាក់បញ្ញើ និងប្រាក់កម្ចី ឆ្លុះបញ្ចាំងអំពីទំនុកចិត្ត
ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងជាងឆ្នាំមុន ២៥% ដែលសម្រេចឈានដល់ ៩,០៣ ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីទំនុកចិត្តកាន់តែច្រើនឡើងរបស់អតិថិជន ចំពោះសេវាហិរញ្ញវត្ថុរបស់ ABA។ ផលបត្រប្រាក់កម្ចី ដែលផ្ដល់ជូនដល់ចម្រុះវិស័យ កើនឡើង ២១% សម្រេចឈានដល់ ៧,៧៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
កំណើននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រអាជីវកម្ម និងធុរកិច្ចកម្ពុជា ខណៈដែលតម្រូវការឥណទានមានការកើនឡើងជាលំដាប់ នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដែលងើបឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតជាសកល។
ផលបត្រប្រាក់កម្ចី ស្របតាមកំណើន
ផលបត្រប្រាក់កម្ចីកើនឡើង ២១% ដោយសារធនាគារបានផ្តល់ប្រាក់កម្ចីចម្បងជាច្រើន ទៅឲ្យបណ្ដាសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការផ្តោតជាយុទ្ធសាស្ត្រនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការបង្កើនសហគមន៍សហគ្រិនកម្ពុជា និងជំរុញឧស្សាហកម្មសំខាន់ៗ ឲ្យបន្ដរីកចម្រើនទៅមុខ។
ការបង្កើនដើមទុន ជំរុញផែនការពង្រីកវិសាលភាព
ដើមទុនពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA បានកើនឡើងពី ៦៦០ លានដុល្លារ ក្នុងឆ្នាំ ២០២២ ដល់ ១,១០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២៣។ ការបន្ថែមដើមទុននេះ កាន់តែធ្វើឲ្យមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA រឹងមាំ និងផ្តល់នូវបង្អែកដ៏មាំមួន សម្រាប់ផែនការពង្រីកវិសាលភាពនាពេលអនាគត។
ការវិនិយោគជាបន្តបន្ទាប់ពីភាគហ៊ុនិក និងការវិនិយោគដោយរក្សាទុកប្រាក់ចំណេញទាំងអស់នៅតែក្នុងធនាគារ បានបញ្ជាក់ពីទំនុកចិត្តរបស់ភាគហ៊ុនិកមកលើការដឹកនាំរបស់ ABA និងសក្ដានុពលនៃការរីកចម្រើន។ គិតមកទល់បច្ចុប្បន្ន ដើមទុនសរុបរបស់ធនាគារ ABA បានកើនដល់ ១,៧៨ ពាន់លានដុល្លារ ។
ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ
ទ្រព្យសកម្មសរុបរបស់ ABA បានកើនឡើង ២៧% ដែលសម្រេចឈានដល់ ១១,៤៨ ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៣។ សាច់ប្រាក់ងាយស្រួលក្នុងធនាគារកើនឡើង ៤០% ក្នុងឆ្នាំ ២០២៣ ស្មើនឹងទឹកប្រាក់ដែលបានតំកល់ទុកជាមួយ NBC និងធនាគារផ្សេងទៀត។ នេះបង្ហាញពីភាពប្រសើរឡើង នៃស្ថានភាពសន្ទនីយភាព (ការបម្លែងទ្រព្យសកម្មឱ្យទៅជាសាច់ប្រាក់) របស់ធនាគារ និងគូសបញ្ជាក់អំពីភាពធន់ទៅកាន់ការប្រែប្រួលរបស់ទីផ្សារ។
ប្រាក់ចំណេញឆ្លុះបញ្ចាំងពីការគ្រប់គ្រងដ៏ត្រឹមត្រូវ
ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២៣ បានកើនឡើងដល់ ២៧៦,៤៨ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកិច្ចគ្រប់គ្រងហិរញ្ញវត្ថុដ៏ត្រឹមត្រូវរបស់ ABA។ កំណើននេះ ក៏ត្រូវបានទទួលស្គាល់ថា ជាសញ្ញានៃកិច្ចគ្រប់គ្រងផ្ទៃក្នុង និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏រឹងមាំ។ ធនាគារអាចរក្សាបាននូវកំណើនប្រាក់ចំណេញ តាមរយៈការផ្តល់ឥណទាន (ប្រាក់កម្ចី) ជាច្រើនរបស់ខ្លួន ។ ABA បានបង្កើនផលបត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១,៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលនាំឲ្យធនាគារទទួលចំណូលជាច្រើន ពីការប្រាក់សុទ្ធ។
ការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាពកម្ពុជា
ការបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋចំនួន ៧០,២៩ លានដុល្លារក្នុងឆ្នាំ ២០២៣ បានគូសបញ្ជាក់អំពីតម្លាភាព និងការយកចិត្តទុកដាក់របស់ ABA ចំពោះសុខុមាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ បង្ហាញពីសមិទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារ ស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
បណ្តាញទូលំទូលាយធានាបាននូវលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ
ជាមួយនឹងបណ្តាញសាខាចំនួន ៩៥ និងម៉ាស៊ីនស្វ័យសេវាជាង ១៧០០ ទូទាំងប្រទេស ធនាគារ ABA ធានាបាននូវការប្រើប្រាស់សេវាហិរញ្ញវត្ថយ៉ាងងាយស្រួល សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការប្តេជ្ញាចិត្តនេះ ជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពបន្ថែម ជូនដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្ម ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចជាតិ។ ដោយមានបណ្តាញសាខាដ៏រឹងមាំ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈជាង ៩៥០០ នាក់ ABA បន្តវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងឱកាសអប់រំនានា ដើម្បីជំរុញដល់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងធនាគារ។
សមត្ថភាពខ្ពស់ក្នុងបង្កើតសេវាហិរញ្ញវត្ថុឌីជីថល ជូនអ្នកប្រើប្រាស់ និងអាជីវកម្ម
ក្នុងនាមជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ABA បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងគ្រប់គ្រងហិញ្ញវត្ថុរបស់ខ្លួន តាមរយៈអេបធនាគារ ដែលងាយស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់បំផុត។ អ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការបង់ និងផ្ទេរប្រាក់, បង់ពន្ធ និងវិក្កយបត្រ, ព្រមទាំងអាចរៀបចំផ្ទាំងវិចិត្រ និងប្តូរម៉ូដរចនារបស់អេប ទៅតាមចំណង់ចំណូលចិត្តខ្លួន បានយ៉ាងងាយស្រួល។
ការប្ដេជ្ញាចិត្តលើឌីជីថលូបនីយកម្មនេះ ក៏បានជួយពង្រឹងដល់សេវាធនាគារសម្រាប់អាជីវកម្មផងដែរ ដោយបានជួយឲ្យអាជីវកម្មទាំងអស់ អាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងលុយកាក់តាមបែបឌីជីថល។
លើសពីនេះ ABA ក៏ឈានមុខគេផងដែរ ក្នុងការលើកកម្ពស់ការទូទាត់ជាប្រាក់រៀល ដែលត្រូវបានដាក់បញ្ចូលទៅគ្រប់សេវាកម្មឌីជីថលរបស់ខ្លួនទាំងអស់។ នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការលើកស្ទួយរូបិយបណ្ណជាតិខ្មែរ។ អតិថិជន ABA អាចបើកគណនីសន្សំ និងដាក់ប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងអាចដាក់ ឬដកប្រាក់ជាលុយរៀល នៅតាមម៉ាស៊ីនស្វ័យសេវា ២៤ ម៉ោង លើ ២៤ ម៉ោង។
ដៃគូសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
លទ្ធផលហិរញ្ញវត្ថុដ៏ល្អ និងការផ្តោតលើកំណើនរបស់ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួន ជាដៃគូដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនទៅមុខរបស់កម្ពុជា។ ធនាគារនឹងបន្ដគាំទ្រដល់អាជីវកម្ម និងរូបវន្ដបុគ្គល តាមរយៈដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ ដោយផ្តោតលើការផ្តល់ប្រាក់កម្ចីជូនសហគ្រាសធុនតូច និងមធ្យម និងការប្តេជ្ញាចិត្តចំពោះវិបុលភាពជាតិ។
ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេ ABA ទទួលយក និងគាំទ្រយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត។ ការប្តេជ្ញាចិត្តដ៏មុតមាំនេះ បានរួមបញ្ចូលនូវគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជាច្រើន ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដោយ ABA គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលដៅយុទ្ធសាស្ត្រនេះ និងបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការរួមចំណែកដល់ការសម្រេចគោលដៅរបស់រដ្ឋាភិបាល៕