លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងជួយគាំទ្រដល់វិស័យឯកជន ហើយថារដ្ឋាភិបាលមិនមែនប្រៀបបីដូចជាសត្វឆ្មាដែលចាំតែចាប់កណ្ដុរនោះទេ។
ក្នុងពិធីសម្ពោធសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែឧសភា លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងជួយគាំទ្រដល់វិស័យឯកជន និងក្រុមហ៊ុននានាដែលកំពុងរកស៊ីនៅកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យមានការចូលមកវិនិយោគបន្ថែមទៀតពីក្រុមហ៊ុននានានៅក្រៅនិងក្នុងប្រទេស។ យ៉ាងណាក៏ដោយ លោកចង់ឃើញមានកិច្ចសហការគ្នាល្អរវាងវិស័យទាំងពីរនេះដោយគោរពអនុលោមភាព។
លោកនិយាយថា៖ «ការពង្រឹងអនុលោមភាព គឺពង្រឹងភាពស្របតាម ឬប្រព្រឹត្តទៅតាមគោលការណ៍ ផែនការ នីតិវិធីច្បាប់ បទបញ្ញត្តិ និងកិច្ចសន្យា។ តើការពង្រឹងអនុលោមភាពបានប្រយោជន៍អ្វី? ការពង្រឹងអនុលោមភាព គឺការពង្រឹងសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានតម្លាភាព ឲ្យមានបរិស្ថានមួយដែលមានភាពច្បាស់លាស់ និងងាយស្រួលធ្វើសកម្មភាពអាជីវកម្ម។ វាបង្កើតការទុកចិត្តគ្នារវាងឯកជននិងឯកជន រវាងរដ្ឋនិងឯកជន និងបង្កើតបរិស្ថានធុរកិច្ចដែលមានស្ថិរភាពនិងមានលំនឹង»។
លោកលើកឡើងថា នៅពេលឮពាក្យថាអនុលោមភាព មានក្រុមហ៊ុនខ្លះយល់ថា វាជារឿងរសើប។ លោកស្នើកុំឲ្យក្រុមហ៊ុននានាប្រៀបធៀបពាក្យនេះទៅនឹងសត្វឆ្មាដែលចាំតែចាប់កំហុសកណ្ដុរ ព្រោះថារដ្ឋាភិបាលមិនមែនជាឆ្មាដែលចាំតែចាប់កំហុសវិស័យឯកជននោះទេ។
លោកថ្លែងថា៖ «រដ្ឋមានតួនាទីគាំទ្រ មិនដើរតួនាទីផាកពិន័យទេ។ ខ្ញុំមិនចង់ឲ្យមានការយល់ឃើញថាឲ្យតែឮពាក្យថារដ្ឋគឺគេសំដៅថាចាំតែផាក ចាំតែចាប់កំហុស។ រដ្ឋមិនចង់ដើរតួនាទីបែបនេះទេ។ ភាពជាដៃគូខ្ញុំចង់បានការជួយគិត ជួយធ្វើ ជួយអនុវត្ត»។
លោកនាយករដ្ឋមន្ត្រីចង់ឲ្យវិស័យឯកជននិងរដ្ឋរួមគ្នាធ្វើឲ្យកម្ពុជាក្លាយជាកន្លែងដែលបរទេសចង់មកវិនិយោគ។ លោកថា រដ្ឋាភិបាលប្ដេជ្ញាក្នុងការបង្កលក្ខណៈងាយស្រួលឲ្យវិនិយោគិននៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ថា អនុលោមភាពរបស់វិស័យឯកជននៅមិនទាន់គ្រប់គ្រាន់ ឬមិនទាន់គ្រប់ក្រុមហ៊ុននៅឡើយទេ ដែលមូលហេតុអាចមកពីតម្រូវការអនុលោមភាពមានការតឹងតែងពេក។
លោកថ្លែងថា វាជាការសំខាន់ដែលក្រុមហ៊ុនប្រកួតប្រជែងដោយឈរលើអនុលោមភាពដូចគ្នា។ ប៉ុន្តែ ក្រុមហ៊ុនដែលអនុលោមទាំងស្រុង ប្រឈមនឹងការបង់ពន្ធច្រើន ដែលពិបាកធ្វើឱ្យទំនិញ ឬសេវាមានថ្លៃទាបដូចក្រុមហ៊ុនមិនអនុលោម ឬមិនអនុលោមទាំងស្រុង។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំយល់ថាគួរតែសម្រួលអនុលោមភាព ឱ្យមានភាពប្រាកដនិយមសម្រាប់ក្រុមហ៊ុនទាំងអស់អនុលោមបានទាំងស្រុង ដើម្បីឲ្យមានភាពយុត្តិធម៌ក្នុងការប្រកួតប្រជែង។ ឧទាហរណ៍ ដូចជាការបន្ទាបអត្រាពន្ធ។ នៅពេលក្រោយ អាចមានការតំឡើងបន្តិចម្តងៗបាន ដោយមានការចូលរួមទាំងអស់គ្នា»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTA ថ្លែងថា អនុលោមភាពមានទិដ្ឋភាពនានាដូចជា ផ្នែកពលកម្ម បរិស្ថាន ពន្ធ សុវត្ថិភាពផ្នែកអាគារ និងចំណុចជាច្រើនទៀត ហើយផ្នែកទាំងនេះមានបញ្ហាប្រឈមខុសៗគ្នា។
លោកថ្លែងថា៖ «វិស័យឯកជនបាននិងកំពុងអនុវត្តទៅតាមគោលការណ៍នៃការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ដើម្បីឲ្យសម្រេចបាននូវអនុលោមភាពពេញលេញ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា អ្វីដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងគឺលោកចង់ឲ្យគ្រប់ក្រុមហ៊ុនទាំងអស់គោរពច្បាប់ឲ្យបានស្មើរៗគ្នា សូម្បីតែខាងរដ្ឋាភិបាលក៏ត្រូវតែគោរពដូចគ្នាដែរ។
លោកថ្លែងថា៖ «ដូច្នេះអនុលោមភាពគឺការគោរពច្បាប់ទាំងអស់គ្នា ទាំងមន្ត្រី ទាំងអ្នករកស៊ី គឺយើងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីទៅថ្ងៃមុខយើងអាចអនុវត្តបានល្អប្រសើរទាំងអស់គ្នា បំបាត់នូវភាពមិនប្រក្រតី ឬការិយាធិបតេយ្យជាដើម គឺយើងដើរទៅដោយស្របគ្នា។ នេះជាអ្វីដែលវិស័យឯកជនចង់បាន គឺប្រកួតប្រជែងដោយស្មើភាព។ បើមានអនុលោមភាព ការប្រកួតប្រជែងគឺស្មើគ្នា»។
លោកជាឧទាហរណ៍ថា ក្នុងករណីនាំចេញ ក្រុមហ៊ុនទាំងអស់ត្រូវគោរពតាមអនុលោមភាពពន្ធ គឺត្រូវបង់ពន្ធត្រឹមត្រូវ។ លោកថា ការអនុវត្តអនុលោមភាពបានត្រឹមត្រូវនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនថវិកាជាតិ៕