ភ្នំពេញ : ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ពិភព​លោក​ជួប​ប្រទះ​នឹង​​ជំងឺ​រាតត្បាត ក៏ដូចជា​ការកើនឡើង​នៃ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ការប្រែប្រួល​ទីផ្សារ ​សេដ្ឋកិច្ច​កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ងាយ​រង​គ្រោះ​មួយ​ផង​ដែរ។​

ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​កត្តា​ខាងក្រៅ ដូចជា ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ រួមទាំង​មហាយក្ស​​ចិន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន ប៉ុន្តែ​ងាយ​រងគ្រោះ​នោះ សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​ដែល​ទាមទារ​ការ​អនុវត្ដ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ។

បញ្ហា​ប្រឈម​ដែល​កម្ពុជា​កំពុង​ជួប​ រួមទាំង​​តំបន់​អាស៊ាន​+៣ ដូចដែល​បាន​រៀបរាប់​នៅ​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី ១៣ ឧសភា ស្តីពី «2024 ASEAN+3 Regional Economic Outlook (AREO) Cambodia Outreach Seminar: Navigating Tomorrow» ដោយ​អ្នកស្រី​ Marthe Hinojales សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ ASEAN+3​ បាន​គូសបញ្ជាក់​ពី​បញ្ហា​​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះទាំង​ក្នុង និង​ក្រៅ​។​

សិក្ខាសាលា​ដែល​ធ្វើឡើង​នៅសណ្ឋាគារ Rosewood នៅថ្ងៃទី ១៣ ខែ​ឧសភា​នេះ​ ជា​វេទិកា​មួយ​សម្រាប់​អ្នកសេដ្ឋកិច្ច និង​អ្នកបង្កើត​គោលនយោបាយ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​ប្រឈម​ដែល​កើតមាន​ចំពោះ​កម្ពុជា និង​តំបន់​អាស៊ាន+៣​។​

ចំពោះ​បញ្ហា​​ខាងក្រៅ សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ដំណើរការ​នៃ​សេដ្ឋកិច្ចពិភពលោក​ធំៗ ដែលជា​ប្រភព​ដ៏​សំខាន់​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ទេសចរណ៍​។​

អ្នកស្រី Hinojales បានធ្វើ​បទ​បង្ហាញ​​ថា៖ «​ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ចំពោះ​ការប្រែប្រួល​តម្លៃ​សកល ជាពិសេស​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​អាហារ​ដែល​បង្កឡើង​ដោយ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ឬ​ភាព​មិនប្រក្រតី​នៃ​អាកាសធាតុ ដូចជា បាតុភូត​ អែល នីណូ ដែល​អាច​នាំឱ្យមាន​សម្ពាធ​អតិផរណា​កើនឡើង​»​​។​

អ្នកស្រីបាន​បន្ដថា​៖ «ចំពោះ​បញ្ហា​​ក្នុងស្រុក វិស័យ​អចលនទ្រព្យ​កម្ពុជា​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ដ៏​ធំ​។ បើទោះបី​ជាមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក៏ដោយ ក៏វិស័យនេះ​ត្រូវបាន​ញាំញី​ដោយ​បំណុល​​ធនាគារ​​​​​ដែល​អាច​​ធ្វើឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​អស្ថិរភាព​»​។​

សិក្ខាសាលា​ ស្តីពី «2024 ASEAN+3 Regional Economic Outlook (AREO) Cambodia Outreach Seminar: Navigating Tomorrow» ធ្វើឡើង​នៅ សណ្ឋាគារ Rosewood កាលពី​ថ្ងៃទី ១៣ ឧសភា

លោក ឃូ វុឍ្ឍី អគ្គនាយក​គោលនយោបាយ និងសហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ឱ្យដឹង​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំនេះ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាព​ធន់ ប៉ុន្តែ​ត្រូវតែ​ទប់​ទល់​នឹង​ហានិភ័យ​ជាច្រើន ជាពិសេស​បណ្តា​ប្រទេស​អាស៊ី​។​

លោក​បាន​កត់សម្គាល់ថា ប្រទេស​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត ដោយសារ​សេដ្ឋកិច្ច​របស់ខ្លួន​ពឹង​ផ្អែកលើ​វិស័យ​ខាងក្រៅ រួមមាន​ការនាំចេញ​វាយនភណ្ឌ និង​សម្ភារៈ​ធ្វើដំណើរ ទេសចរណ៍ និង​សំណង់ ដែល​ទាំងអស់នេះ​រង​ផលប៉ះពាល់​ដោយ​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​ចុះ​កិច្ច​សន្យា​យ៉ាងខ្លាំង។​

លោក វុឍ្ឍី បានកំណត់​បញ្ហាសំខាន់ៗ​ចំនួន​បី​។​ ​ទី​១ កម្ពុ​ជាមាន​ប្រជាជន​វ័យក្មេង ជា​បញ្ហា​ក្នុង​រយៈពេល​ខ្លី​។​ ​ការគ្រប់​គ្រង​​ចំនួន​ប្រជាជន​វ័យក្មេង​គឺជា​បញ្ហា​ប្រឈម​មួយ ដោយសារ​ការបង្កើត​ការងារ​ត្រូវតែ​​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​។​

ទន្ទឹមនឹងនោះ លោក​បាន​បន្ដ​ថា ការអប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានាបាន​នូវ​ការបង្កើន​ផលិតភាព​។​

លោកបាន​បន្ថែមថា៖ «​ទី​ពីរ ការពិត​ដែលថា​ទីផ្សារ​នាំចេញ​ទំនិញ​សម្រាប់​ផលិតផល​ចិន​គឺ​សហរដ្ឋអាមេរិក និង​សហភាព​​អឺរ៉ុប ខណៈដែល​ការនាំ​ចូល​វត្ថុធាតុដើម​ដ៏​ធំ​របស់​យើង មកពី​​​ប្រទេស​ចិន អាច​បង្ហាញ​ពី​ភាពមិនប្រាកដប្រជា ​គ្រោះថ្នាក់ និង​ហានិភ័យ​»​។​​ ដោយសារតែ​បញ្ហា​នេះ លោក​បាន​ពន្យល់ថា ភាព​តានតឹង​ផ្នែក​នយោបាយពា​ណិជ្ជកម្ម​អាមេរិក​-ចិន ​អាច​បង្ក​ហានិភ័យ​​​សេដ្ឋកិច្ច​ចុះ​ថយ​។​

លោក ឃូ វុឍ្ឍី អគ្គនាយក​គោលនយោបាយ និងសហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា។ ហុង​ រស្មី

លោក អ៊ុង លុយណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ពី​ហានិភ័យ​ដែល​អាច​កើតមាន​ចំពោះ​​សេដ្ឋកិច្ច​ផងដែរ​។​ ​លោក​បាន​កត់​សម្គាល់ថា​ អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅតែ​ជា​កង្វល់​។​

លោក​បាន​ប្រាប់​​​ក្នុងអំឡុងពេល​ពិភាក្សា​ជា​ក្រុម​ថា៖ «វា​មាន​ឥទ្ធិពល​ផ្ទាល់​យ៉ាងខ្លាំង​ទៅលើ​សេដ្ឋកិច្ច ពីព្រោះ​យើង​ជួប​បញ្ហា​​សេដ្ឋកិច្ចមិន​នឹងន»​។​

លោក​បាន​ព្រមាន​ថា អត្រា​ការប្រាក់ និង​ភាពរឹងមាំ​នៃ​រូបិយប័ណ្ណ​អាមេរិក​អាច​នឹង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក លុយណា ​​និយាយថា ហានិភ័យ​ទី​ពីរ​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​

លោក​បាន​ឱ្យដឹងថា​៖ «ខ្ញុំ​មានន័យថា ទំនាក់ទំនង​អន្តរជាតិ​លើ​គោលនយោបាយ​ការបរទេស​មាន​សារៈសំខាន់​ណាស់​។ បើ​និយាយ​ពី​ការធ្វើឱ្យមាន​កំណើន​ វា​មាន​ភាព​តានតឹង​ខ្លាំងណាស់​»​។​

ហានិភ័យ​ទី​បី​ត្រូវតែ​ពិនិត្យ​តាម​ទស្សនៈ​ម៉ាក្រូ​ អនុបាត​ឥណទាន​ឯកជន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ផលិត​ផល​ក្នុងស្រុក​សរុប​គឺជា​ផ្នែក​មួយ​នៃ​កម្រិត​ខ្ពស់បំផុត​នៅក្នុង​តំបន់ ដែលជា​ការព្រួយបារម្ភ​ពិតប្រាកដ​។​

លោក​បាន​កត់​សម្គាល់​ថា៖ «​បន្ទាប់ពី​ជំងឺ​រាតត្បាត ​វា​ដូចជា​ផ្ទុះឡើង»។​

យោងតាម​ទិន្នន័យ​របាយការណ៍ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ហាក់ដូច​ជាមាន​ភាព​ធន់ ដែល​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត ជាមួយនឹង​និន្នាការ​កើនឡើង​ដែល​ព្យាករណ៍​ថា​នឹង​បន្តទៅ​អនាគត​ដ៏​ខ្លី​។​

​របាយការណ៍​បាន​កត់​សម្គាល់​ថា កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការកើនឡើង​បន្តិច​ម្តងៗ​ទាំង​ការប្រើប្រាស់​ក្នុងស្រុក និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​កើតឡើង​ពី​​ទំនុកចិត្ត​អាជីវកម្ម ក៏ដូចជា​ការលើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។​

នៅ​ឆ្នាំ ២០២៣ កំណើនផលិតផល​ក្នុង​ស្រុក​សរុប​ ពិតប្រាកដ​របស់​កម្ពុ​ជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន ៥,៣ ភាគរយ​​កើនឡើង​បន្តិច​ពី ៥,២ ភាគរយ​។​ ​អតិផរណា​ដែល​កើនឡើង​ដល់ ៥,៣ ភារយ​​ ក្នុង​ឆ្នាំ២០២២ ​បាន​ធ្លាក់​ចុះមក​ត្រឹម ​២,១ ភាគរយ ក្នុង​ឆ្នាំ ២០២៣ ដោយសារ​ការបន្ធូរបន្ថយ​តម្លៃ​ប្រេង និង​អាហារ​ពិភពលោក​។​

វិស័យ​ខាងក្រៅ​ក៏បាន​បង្ហាញ​ពី​ភាពប្រសើរឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ ដោយ​សមតុល្យ​គណនី​ចរន្ត​បាន​ផ្លាស់ប្តូរ​ពី​ឱនភាព ២៥,៧ ភាគរយ​​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ ២០២២ ទៅជា​អតិរេក​តូច​មួយ​នៃ ១ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ ២០២៣​​។​

ទោះជា​យ៉ាងណា​ក៏ដោយ សុខភាព​សារពើពន្ធ​នៅតែ​ជា​កង្វល់ ដោយ​សមតុល្យ​សារពើពន្ធ​របស់​រដ្ឋាភិបាល​រំពឹងថា​នឹង​កាន់​តែ​អាក្រក់​ទៅ - ៦,៩ ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ដោយសារ​តែ​ការ​ប្រមូល​ចំណូល​យឺត និង​ការកើនឡើង​នៃ​ការ​ចំណាយ​លើ​កម្មវិធី​សង្គម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​សំដៅ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ភាព​ធន់​។​

លោក Hoe Ee Khor ប្រធាន​សេដ្ឋវិទូ​របស់ AMRO បាន​និយាយថា ប្រទេស​ភាគច្រើន​រីកចម្រើន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វា​មាន​ដែន​កំណត់​ចំពោះ​ល្បឿន​ដែល​អ្នក​អាច​រីកចម្រើន​បាន​។​

លោក​បាន​ពន្យល់ថា៖ «​យើង​អាច​ជំរុញ​សេដ្ឋកិច្ច​ដោយ​ការចំណាយ​កាន់តែ​ច្រើន រួម​ទាំង​កំណើន​ឥណទាន​ខ្ពស់ និង​ការចំណាយ​អាជីវកម្ម​ខ្ពស់ ប៉ុន្តែ​កំណើន​បែបនេះ​មិនមាន​និរន្តរភាព​ទេ។ ខ្ញុំ​គិតថា​ រឿង​សំខាន់​គឺ​ត្រូវ​កែលម្អ​មូលដ្ឋានគ្រឹះ ​ដូចជា ​ទម្រង់​ច្បាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ ប្រសិនបើ​អ្នកមើល​ទៅលើ​កំណើន យើង​គិតថា វា​អាច​នឹង​មាន ៨ ភាគរយ​ ក្នុង​មួយឆ្នាំ ហើយ​វា​អស្ចារ្យ​ណាស់​»​។​

លោក​បានកត់សម្គាល់​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​សារពើពន្ធ​ដ៏​រឹងមាំ ដោយ​បន្ថែមថា ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​បាន​រកឃើញថា ​ការការពារ​សង្គម​រប​ស់​ពួកគេ​មិន​គ្រប់គ្រាន់​នោះទេ​។​

លោកបាន​បន្ដថា​៖ «​ឧទាហរណ៍​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ផ្លូវ​ល្បឿន​លឿន​ថ្មី​។ វា​ពិតជា​បាន​បើកចំហ​ដល់​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​។ ឥឡូវនេះ​យើង​ឃើញ​ភ្ញៀវទេសចរ​ជាច្រើន​នៅលើ​ឆ្នេរ​។ កំណើន​ទេសចរណ៍​ក្នុងស្រុក​មាន​និរន្តរភាព​»​។​

លោក​ក៏បាន​គូសបញ្ជាក់​​ ពី​របៀប​ដែល​កម្ពុជា​ឥឡូវនេះ​កំពុង​ទាក់ទាញ​ការវិនិយោគ​យ៉ាងច្រើន​ពី​ប្រទេស​ចិន និង​ជុំវិញ​ពិភពលោក ឧទាហរណ៍​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​កង់​។​​ ពួកគេ​កំពុង​ទាញយក​អត្ថប្រយោជន៍​ពី​ការពិត​ដែលថា​តម្លៃ​ពលកម្ម​នៅទីនេះ​គឺ​ថោក​ជាង​ប្រទេស​ជាច្រើន​ទៀត​។​ ​លោក Khor ព្រមាន​ថា ប្រសិនបើ​តម្លៃ​ពលកម្ម​កើនឡើង កម្ពុជា​អាច​នឹង​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង​ខ្លះ​។

លោក​បាន​លើកឡើង​ថា៖ «​នោះ​ហើយ​ជា​មូល​ហេតុដែល​ខ្ញុំ​គិតថា ​វា​មាន​សារៈសំខាន់​ក្នុងការ​ផ្តោតលើ​មូលដ្ឋានគ្រឹះ ព្យាយាម​បណ្ដុបណ្ដាញ​​​ជំនាញ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូច្នេះ​អ្នក​អាច​បន្ថែម​តម្លៃ និង​ទាក់ទាញ​ការវិនិយោគ​ដែលមាន​តម្លៃ​ខ្ពស់ជាង​នេះ»។​

លោក​បាន​បន្ថែមថា អាស៊ី​ត្រូវ​ការបង្កើត​ភាព​ធន់ និង​​លទ្ធភាព​នៃ​ការកើនឡើង​អត្រា​ការប្រាក់​ដែល​ជំរុញ​ដោយ​អតិផរណា​។​

លោក លុយណា​ បាន​និយាយថា ​ខណៈពេលដែល​កំណើន GDP មាន​សារៈសំខាន់ វា​ត្រូវតែមាន​និរន្តរភាព ជាមួយនឹង​ប្រភេទ​នៃ​ការអភិវឌ្ឍន៍​ពហុវិស័យ​​។​

លោក​បាន​កត់សម្គាល់ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​បានល្អ​​​ជាមួយនឹង​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់ខ្លួន​។​​ ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ ប្រទេស​កម្ពុជា​បានបង្ហាញ​អនុ​បាត​ឥណទាន​ឯកជនធៀប​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​​ ដែលមាន​ស្ថេរភាព​ខ្លាំង ខណៈ​​ប្រទេស​ជាច្រើន​ផ្សេងទៀត​មិនអាច​ធ្វើបាន​នោះទេ​។​

លោក វុឍ្ឍី បានបន្ដ​ថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​បច្ចុប្បន្ន​ពិតជា​បាន​ពង្រឹង​ការកំណត់​ព្រំដែន​សេដ្ឋកិច្ច​តាមរយៈ​ការជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

លោក​បាន​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​បាន​​ប្តេជ្ញាចិត្ត​​អនុវត្ត និង​លើកកម្ពស់​របៀបវារៈ​គោល​នយោបាយ​ឌីជីថល​ជាតិ​របស់ខ្លួន ដោយ​បង្កើត​ក្រប​ខ័ណ្ឌ​គោលនយោបាយ​មួយចំនួន ហើយ​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ការបង្កើត​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ នេះ​នឹង​ជា​ប្រភព​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​»​៕