ភ្នំពេញៈ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ប្ដេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ និងបង្កើតការងារ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែឧសភា នៅទីស្តីការក្រសួង។
ភាគីទាំង២ បានឯកភាពលើសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះរវាងកម្ពុជា-UAE ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៥ ឧសភា ថា៖ «ភាគីទាំង២ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគទាំង២បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំង២»។
ភាគីទាំង២ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ ឧសភា លោក Aldhaheri បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសង្គមលោកនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន។
លោកថ្លែងថា៖ «ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-UAE ដោយលោកមានជំនឿថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ៕