ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រទេសកូរ៉េខាងត្បូងឱ្យមកវិនិយោគបន្ថែមនៅកម្ពុជា ដោយលោកលើកឡើងថា កម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប។
លោកអំពាវនាវដូច្នេះក្នុងពិធីបើកវេទិកាធុរកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល (Seol) នៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែឧសភា។
សេចក្ដីប្រកាសព័ត៌មានខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក» ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល បានបង្កើតយន្តការក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «សាធារណរដ្ឋកូរ៉េគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទិដ្ឋាការដែលមានសុពលភាព៣ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េនៅកម្ពុជា។
លោកបានកត់សម្គាល់ពីការកើនឡើងនៃវត្តមានគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំនៅកម្ពុជា ហើយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើស ១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្ដប់វិស័យវាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។
លោកថ្លែងថា៖ «ក្រុមហ៊ុនកូរ៉េបាន និងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅលើវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា»។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ពីការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយលោកបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនជាង ៥៩ ០០០ នាក់ កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ហើយប្រជាជនកូរ៉េខាងត្បូងប្រមាណ ៧ ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ថ្លែងថា ការនាំចេញពីកម្ពុជាទៅកូរ៉េមួយភាគធំជាផលិតផលកសិកម្ម។ ប្រសិនបើកម្ពុជាមានលទ្ធភាពវិនិយោគលើការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញទៅកូរ៉េ វានឹងអាចជួយបន្ថែមនូវតម្លៃបន្ថែមដល់ផលិតផលទាំងនោះដើម្បីនាំចេញទៅកូរ៉េ និងជួយបន្ថែមទៀតដល់ប្រជាជនកម្ពុជាឱ្យមានការងារធ្វើ ក៏ដូចជាបង្កើនការនាំចេញទៅតាមបទដ្ឋានគុណភាពកសិផលដែលបានកែច្នៃ និងគោរពបាននូវបទដ្ឋានអនាម័យ និងភូតគាមអនាម័យ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៧ ឧសភា ថា៖ «សម្រាប់ការវិនិយោគរបស់កូរ៉េទៅលើវិស័យឧស្សាហកម្មនេះ ជាពិសេសលើវិស័យកម្មន្តសាលនេះគឺជាសក្ដានុពលមួយធំណាស់។ កន្លងមកយើងឃើញថា កូរ៉េបានវិនិយោគហើយទាក់ទងនឹងវិស័យនេះ ដូចជាទាក់ទងនឹងរោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក ជាពិសេស រោងចក្រដំឡើងរថយន្ត»។
លោកបន្ថែមថា៖ «ដោយសារតែកម្ពុជាផ្ដល់អាទិភាពសំខាន់ទៅលើវិស័យនេះ ជាពិសេស ការបណ្ដុះបណ្ដាលកម្មករដែលមានជំនាញដើម្បីបម្រើទៅលើវិស័យឧស្សាហកម្ម ហើយនិងវិស័យកម្មន្តសាលនេះ ដូច្នេះ វាជាឱកាសមួយសម្រាប់ការបង្កើនការវិនិយោគរបស់កូរ៉េទៅលើវិស័យគ្រឿងបង្គុំអេឡិចត្រូនិកនេះ»។
លោក ជ័យ តិច លើកឡើងថា ដើម្បីបង្កើននូវការវិនិយោគពីកូរ៉េខាងត្បូងមកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការបន្ថែមទៀតក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានពេញលេញ ធ្វើការផ្លាស់ប្ដូររវាងធុរកិច្ចនៃប្រទេសទាំងពីរ និងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរដើម្បីធ្វើការផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាការអនុម័តនូវច្បាប់ទាក់ទងនឹងពន្ធត្រួតស៊ីគ្នា ដើម្បីបង្កើនការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ឧសភា លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ាណែត ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង និងការជំរុញឱ្យមានយន្តការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅកម្ពុជា៕