ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង លោក Dukgeun Ahn បានលើកឡើងថា វិនិយោគិនកូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍ «យ៉ាងខ្លាំង» ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា ហើយលោកបានអំពាវនាវឱ្យមានការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកថ្លែងថា៖ «ក្រុមហ៊ុនកូរ៉េបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនកូរ៉េចំនួនជាង ៣០០ក្រុមហ៊ុន បានធ្វើការវិនិយោគរួចហើយក្នុងវិស័យកម្មន្តសាល វិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ ហើយគេរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតនាពេលអនាគត»។
លោក Dukgeun Ahn ថ្លែងដូច្នេះក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងកូរ៉េ នាថ្ងៃទី១៦ ខែឧសភា នៅទីក្រុងសេអ៊ូល (Seol) ប្រទេសកូរ៉េខាងត្បូង ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមផងដែរ ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។
នៅក្នុងវេទិកានេះ លោករដ្ឋមន្ត្រីបានស្នើនូវទិសដៅអនាគតដែលផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយលោកលើកឡើងថា៖ «ទី១ ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកគួរតែត្រូវបានពង្រីកបន្ថែមទៀត ហើយទី២ ត្រូវធ្វើឱ្យមានការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងបច្ចេកទេស»។
លោកបានបន្ថែមថា៖ «ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើកកម្ពស់ផ្នែកបច្ចេកវិទ្យា ដែលផ្តោតលើវិស័យវាយនភ័ណ្ឌ និងការកែច្នៃម្ហូបអាហារ ដែលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដោយផ្ទាល់»។
លោក Dukgeun Ahn បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នឹងត្រូវបានពង្រីកឆ្ពោះទៅកាន់វិស័យទំនើបៗ ដូចជារថយន្ត និងគ្រឿងចក្រធុនធ្ងន់ ជាដើម។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសកូរ៉េ និងកម្ពុជានឹងបន្តការរីកចម្រើន និងមានវិបុលភាពជាមួយគ្នា ក្នុងនាមជាគ្រួសារជិតស្និទ្ធ និងរស់នៅដោយសុខដុមរមនា»។
ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែឧសភា នៅទីក្រុងសេអ៊ូល លោក ប៉ាក សុងជីន (Park Sungjin) តំណាងក្រុមហ៊ុន SM Entertainment បានលើកឡើងពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្តនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមលោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះនៅកម្ពុជា។
ដោយឡែក លោក Lim Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នៅថ្ងៃដដែលនេះ បានបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកក្នុងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមដដែល៕