ភ្នំពេញ៖ បន្ទាប់ពីការផ្អាកប្រតិបត្ដិការមួយរយៈ Emirates បានចាប់ផ្តើមឡើងវិញនូវការហោះហើរមកកាន់រាជធានីភ្នំពេញ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវិស័យទេសចរណ៍ និងអាជីវកម្មរបស់កម្ពុជា។
ជើងហោះហើរប្រចាំថ្ងៃ EK348 តភ្ជាប់ទីក្រុងឌូបៃ និងសិង្ហបុរី មកទីក្រុងភ្នំពេញ បានចុះចតនៅថ្ងៃទី១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សេវាកម្មនេះដំណើរការដោយយន្តហោះ Boeing 777-300ER ត្រូវបានស្វាគមន៍ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយនឹងការសម្តែងរបាំប្រពៃណីខ្មែរ។
នេះមិនត្រឹមតែជាការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដែលមានដល់ ២១ ទីតាំងប៉ុណ្ណោះទេ ថែមទាំង ដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃនៅប្រទេសសិង្ហបុរីផងដែរ។
ការបើកសម្ពោធជាថ្មីនេះមានការចូលរួមពីលោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates និង លោក Orhan Abbas អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការពាណិជ្ជកម្មតំបន់ចុងបូព៌ាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និង លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានក្ដីសោមនស្សរីករាយដែលបានទទួលជើងហោះហើរជាថ្មីម្ដងទៀតរបស់អាកាសចរណ៍ Emirates ដែលហោះផ្ទាល់ពីទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងមកកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោយវិបត្ដិកូវីដ ១៩ ដែលបានញាំញីពិភពលោក។
លោកបានលើកឡើងថា៖ «ការអាក់ខានការហោះហើររបស់អាកាសចរណ៍ Emirates នេះមិនមែនដោយសារតែបញ្ហាកូវីដ ១៩ មួយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជម្លោះផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ដែលយន្ដហោះនេះត្រូវឆ្លងកាត់មុនពេលមកប្រទេសកម្ពុជា។ ការហោះហើរជាថ្មីនេះ ត្រូវបានអនុវត្ដជើងហោះហើរសិទ្ធិទី ៥ ដែលធ្វើចេញដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងមកចុះនៅព្រះរាជាណាចក្រកម្ពុជា»។
លោក Nabil Sultan បានសម្តែងការសាទរចំពោះសក្តានុពលលើសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា។
លោក ថ្លែងថា៖ «បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និង អាជីវកម្ម។ យើងពិតជារំភើបរីករាយណាស់សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សាភ្ជាប់ម្តងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់»។
លោកបន្ដថា តាមរយៈសេវាកម្មភ្ជាប់រវាងប្រទេស សិង្ហបុរី និង ភ្នំពេញ ពួកគេក៏អាចគាំទ្រសកម្មភាពអាជីវកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញកាន់តែងាយស្រួលរវាងសិង្ហបុរី កម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀតនៅក្នុងពិភពលោក។
លោក Sultan បាននិយាយថា៖ «យើងជឿជាក់ថា ឱកាសនេះ និងសេវាកម្មនេះនឹងបើកជើងមេឃសម្រាប់អ្នកដំណើរជាច្រើន ដោយសារពួកគេទទួលបានជម្រើសបន្ថែមក្នុងការហោះហើរពីភ្នំពេញទៅ ឌូបៃ ហើយអាចភ្ជាប់ទៅកាន់ ១៤០ គោលដៅ»។
លោកបានឱ្យដឹងថា ប្រជាជនកម្ពុជាមានឱកាសស្វែងយល់ពីពិភពលោក ក៏ដូចជាធ្វើដំណើរកម្សាន្ដទៅតាមគោលដៅថ្មីៗ។
លោកបន្តថា៖ «គ្មានអ្វីសង្ស័យ មួយផ្នែកនៃគោលបំណងរបស់យើងគឺដើម្បីនាំភ្ញៀវទេសចរឱ្យបានច្រើនមកកម្ពុជា។ ជាការពិតណាស់ ប្រទេសកម្ពុជាត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់គោលដៅដ៏សំខាន់របស់ខ្លួន ហើយជាការពិតណាស់ ប្រាសាទដែលអ្នកមាននៅទីនេះគឺគ្មានពីរបើនិយាយពីប្រវត្តិសាស្ត្រនោះទេ»។
បន្ថែមពីលើនោះ សេវាកម្មនេះនឹងបើកទូលាយនូវឱកាសសម្រាប់ការវិនិយោគ និងឱកាសអាជីវកម្មពីមជ្ឈិមបូព៌ា និងផ្នែកផ្សេងៗនៃពិភពលោកមកកម្ពុជា។
លោក Sultan បានបញ្ជាក់ថា៖ «យើងពិតជារីករាយដែលមានឱកាសបានចូលរួម និងជួយកែលម្អសេដ្ឋកិច្ច។ ជាការពិតណាស់ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតក្នុងឆ្នាំនេះស្ទើរតែ ៦ ភាគរយ»។
លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានថ្លែងពីភាពវិជ្ជមាននៃការបើកសម្ពោធឡើងវិញនៃជើងហោះហើរបស់ Emirates មកកាន់រាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «នេះជាដំណឹងដ៏ល្អសម្រាប់អ្នកដំណើរដែលនឹងមានជម្រើសក្នុងការធ្វើដំណើរក្នុង និងក្រៅប្រទេសកាន់តែច្រើនដែលធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍ធ្វើដំណើររបស់ពួកគេបន្ថែមទៀត»។
ជើងហោះហើរប្រចាំថ្ងៃរបស់ Emirates EK348 ចាកចេញពីទីក្រុង ឌូបៃ នៅម៉ោង ០២:៣០ ហើយមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់មកជើងហោះហើរចេញដំណើរពីសិង្ហបុរីនៅម៉ោង ១៥:៣៥ និងមកដល់ភ្នំពេញនៅម៉ោង ១៦:៣៥។
ជើងហោះហើរ EK349 ត្រលប់មកវិញរបស់ Emirates ចាកចេញពីភ្នំពេញនៅម៉ោង ២០:៥០ ហើយមកដល់សិង្ហបុរីនៅម៉ោង ២៣:៥០។ បន្ទាប់មកជើងហោះហើរចេញដំណើរពីសិង្ហបុរីនៅម៉ោង ០១:៤០ ថ្ងៃបន្ទាប់មកដល់ទីក្រុងឌូបៃនៅម៉ោង ០៤:៥៥ ដែលពេលវេលាទាំងអស់គឺក្នុងស្រុក។
លោក Sultan បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំគិតថា អ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើ ទាក់ទងនឹងការបើកឱកាសផ្សេងៗគ្នាជាមួយដៃគូជុំវិញពិភពលោកគឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដែលបោះជំហានឆ្ពោះទៅមុខ»។
លោកបានសម្តែងសុទិដ្ឋិនិយមដោយលើកឡើងថា Emirates ប្រតិបត្ដិការស្ទើរតែពេញលេញដូចសម័យមុនកូវីដ ហើយត្រៀមខ្លួនសម្រាប់កំណើនថ្មីៗ៕