ភ្នំពេញៈ ចិនបានឯកភាពសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា តាមសំណើរបស់កម្ពុជា និងសន្យាជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនឱ្យមកវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ប្រទេសចិនថែមទៀត។
ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសលោកបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា តបតាមការអញ្ជើញពីសមភាគីរបស់លោក។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែច្រើន ឯកឧត្ដម វ៉ាង យី ស្វាគមន៍សំណើរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្ដម វ៉ាង យី ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត»។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនាថ្ងៃទី២៧ ខែឧសភា ថា ភាគីចិនក៏បានបញ្ជាក់ពីការបន្តគាំទ្រផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ភស្តុភារកម្ម ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
ក្រសួងចាត់ទុកវិស័យទាំងនេះមានសារសំខាន់ជាយុទ្ធសាស្ត្រ ដោយចិនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។
ភាគីទាំងពីរបានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្ដានុពល ដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល (Digital) និង បញ្ញាសិប្បនិម្មិត (AI)។
ក្រៅពីជំនួបជាមួយលោក វ៉ាង យី ប្រមុខការទូតកម្ពុជាក៏បានជួបជាមួយ លោក ហាន ចឹង (Han Zheng) អនុប្រធានាធិបតីចិន និងលោក ចាង ជៀនហ័រ (Zhang Jianhua) សមាជិកក្រុមដឹកនាំនៃបក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ និងជាប្រធានរដ្ឋបាលថាមពលជាតិចិន។
ភាគីកម្ពុជា-ចិនបានចាត់ទុក «ចំណងមិត្តភាពដែកថែប» រវាងប្រទេសទាំងពីរថាមានកំណើនរឹងមាំ ហើយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានដំណើរការដ៏ល្អប្រសើរ ដែលត្រូវបានលើកទឹកចិត្តតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់។
ភាគីទាំងពីរបានឯកភាពបន្តជំរុញឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ខណៈភាគីចិនបានគូសបញ្ជាក់អំពីការបន្តគាំទ្រកម្ពុជាក្នុងការជ្រើសរើស
«មាគ៌ាអភិវឌ្ឍន៍» ប្រទេសស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងការដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។
លោក សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» និងចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជំាង (Xinjiang) ជាកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រតួនាទីកាន់តែសកម្មរបស់ចិនក្នុងកិច្ចការអន្តរជាតិ។
ភាគីទាំងពីរបានទទួលស្គាល់សារសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏ដូចជាវប្បធម៌និងវប្បធម៌ និងបានឯកភាពគ្នាសហការជិតស្និទ្ធក្នុងការបង្កើនការផ្លាស់ប្ដូរនេះ ជាពិសេសក្នុងចំណោមយុវជន ។
លោក សុខ ចិន្តាសោភា និងលោក ចាង ជៀនហ័រ បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងក្របខ័ណ្ឌត្បូងពេជ្រ ដោយផ្ដោតទៅការអភិវឌ្ឍថាមពលបៃតង ដែលមានសារសំខាន់ចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ថា សន្ទុះនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគចិននៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំដាប់ ខណៈពេលដែលកម្ពុជាបានបង្កើនការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ប្រទេសចិនកាន់តែច្រើនឡើង បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោកថ្លែងថា៖ «ចិនគឺជាទីផ្សារធំជាងគេនៅអាស៊ីសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលរបស់ខ្លួន ក៏ដូចជាបង្កើនឱកាសការងារ និងការបណ្ដាក់ទុនបន្ថែមពីក្រុមហ៊ុនចិន។ ក្រោមកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ កម្ពុជារំពឹងថា ចិននឹងបង្កើនបន្ថែមការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលផលិតផលកសិកម្មកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការកសាងមូលធនមនុស្ស ការអភិវឌ្ឍពលកម្មជំនាញ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលចិន និងក្រុមហ៊ុនចិននៅកម្ពុជា»៕