ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងបំផុសស្មារតីជាតិនិយមក្នុងចំណោមប្រជាជនកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល»។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១-២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។
ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គោលបំណងបង្កើតពិព័រណ៍កសិកម្មភូមិកសិផលខ្មែរនេះ ដោយសារយើងចង់ជំរុញកសិផលក្នុងស្រុក លើកទឹកចិត្ដដល់កសិករខ្មែរយើងជាអ្នកដាំ ដើម្បីជំរុញបង្កើនស្មារតីជាតិនិយមក្នុងការប្រើប្រាស់ និងគាំទ្រដល់កសិផលក្នុងស្រុក។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងបានបញ្ចូលនូវកម្មវិធីវេទិកាវិភាគវែកញែក និងលើកទឹកចិត្ដឱ្យអ្នកផលសេវាម្ហូបអាហារ និងអាពាហ៍ពិពាហ៍ក្នុងស្រុកងាកមកប្រើប្រាស់កសិផលជាធាតុចូលក្នុងការផលិតជាម្ហូបអាហាររបស់ខ្លួនផងដែរ»។
ពិភាក្សាជាមួយក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការ និងសហគ្រិន មេចុងភៅ ណាក់ ក្នុងកម្មវិធីពិភាក្សានឹងចែករំលែកការយល់ដឹងអំពីរបៀបបញ្ចូលគ្រឿងផ្សំរបស់ខ្មែរទៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា ពិធីទទួលអាពាហ៍ពិពាហ៍ជាដើម។
អ្នកស្រី រស់ រតនៈ ឬចុងភៅ ណាក់ បានឱ្យដឹងថា៖ «កម្មវិធីពិភាក្សានេះគឺជាពេលវេលាមួយដែលយើងជជែកគ្នាអំពីអ្វីដែលយើងអាចធ្វើបានចំពោះគ្រឿងផ្សំ និងផលិតផលកសិផលខ្មែរក្នុងកម្មវិធីធំៗ ជាពិសេស ពិធីមង្គលការ ដែលជាជំនួញដ៏ធំនៅកម្ពុជា»។
មេចុងភៅ ណាក់ បន្ដថា ដើម្បីគាំទ្រដល់ផលិតផលកសិកម្មក្នុងស្រុក អ្នកស្រីលើកទឹកចិត្ដឱ្យជ្រើសរើសមុខម្ហូបខ្មែរក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាកដជាប្រើប្រាស់គ្រឿងផ្សំខ្មែរ។
ដោយមានបំណងចង់លើកតម្កើងមុខម្ហូបខ្មែរ អ្នកស្រី ចង់ឱ្យមានការចូលរួមចែករំលែកទស្សនៈផ្សេងៗក្នុងការលើកស្ទួយមុខម្ហូបខ្មែរនៅតាមតំបន់ ដែលអាចប្រើប្រាស់ក្នុងពិធីមង្គលការ។
មេចុងភៅ ណាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំសង្ឃឹមថា ការងាររបស់ខ្ញុំ ឬតួនាទីរបស់ខ្ញុំដែលខ្ញុំបាននិងកំពុងតែធ្វើនេះ គួបផ្សំផលសម្រេចដែលលេចចេញជារូបហើយនេះ វាជាការលើកទឹកចិត្ដថ្មីមួយ និងនាំយកភាពសម្បូរបែប ក៏ដូចជា ការមើលមុខម្ហូបខ្មែរក្នុងន័យថ្មី ថ្លៃជាងមុន និងប្រសើរជាងមុន»។
អ្នកស្រីបានលើកឡើងថា អ្នកស្រីចង់លើកពីផលលំបាកមួយចំនួនអំពីទីផ្សារ និងចំណេះដឹងនៃការចម្អិនម្ហូប ដែលមុខម្ហូបមានភាពសម្បូរបែបលើសពីការគិតតែពីគ្រឿងប្រហុក។
អ្នកស្រី បាននិយាយថា ដោយលើកសិកម្ម ប្រសិនបើប្រទេសមួយពឹងផ្អែកទៅលើគេ ដូចជា គ្រឿងផ្សំកសិផលមុខម្ហូប ជាផ្នែកធំ កសិករក្នុងស្រុកកំពុងតែរអ៊ូអត់មានទីផ្សារ ទន្ទឹងនឹងអ្នកប្រើប្រាស់អាចយល់ឃើញថា ផលិតផលមកពីខាងក្រៅមានតម្លៃថោក និងអាចផ្គង់ផ្គង់តម្រូវការបានជាប្រចាំ ឬក៏ពួកគេមិនអាចស្វែងរកប្រភពកសិផលក្នុងស្រុក។ នេះគឺជាឱកាសមួយដែលអ្នកប្រើប្រាស់បានជួបអ្នកផលិត និងមានទំនាក់ទំនងជាមួយគ្នា។
ក្នុងនាមជាអ្នកស្រឡាញ់មុខម្ហូបខ្មែរ និងយល់ដឹងអំពីសេដ្ឋកិច្ច អ្នកស្រី រតនៈ មានភាពជឿជាក់ចំពោះផលិតផលស្ទួយសុខភាពដែលផលិតនៅក្នុងស្រុក ខណៈផលិតផលនាំចូលបានថមថយគុណភាពដោយការចំណាយពេលដឹកជញ្ជូនជាដើម ដែលនាំឱ្យបាត់បង់អាហារូបកណ៍ គួបផ្សំនឹងរឿងរ៉ាវជាច្រើនទៀត។
មេចុងភៅ ណាក់ បានបង្ហាញចំណាប់អារម្មណ៍ថា អ្នកស្រីសប្បាយចិត្ដខ្លាំងដែលក្រសួងកសិកម្មរៀបចំពិព័រណ៍កសិកម្ម ដោយការជំរុញយ៉ាងធំធេងប្រើប្រាស់ផលិតផលក្នុងស្រុក។ នេះជាឱកាសដែលអ្នកផលិតតាំងបង្ហាញផលិតផលរបស់ខ្លួនសម្រាប់អតិថិជនប៉ះ កាន់ និងភ្លក្ស។
អ្នកស្រី បានថ្លែងថា ក្នុងកិច្ចពិភាក្សាខាងមុខនេះ អ្នកស្រីនឹងចូលរួមចែករំលែកបទពិសោធជាមួយប្រធានក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារធំដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកឱ្យបានច្រើន និងជំរុញការធ្វើម្ហូបខ្មែរឱ្យបានច្រើនក្នុងកម្មវិធីនានា។
មេចុងភៅ ណាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «វាដល់ពេលវេលាដែលត្រូវសិក្សាពីភាពសម្បូរបែបនៃមុខម្ហូប និងដាក់បញ្ចូលមុខម្ហូបខ្មែរក្នុងកម្មវិធីនានាឱ្យបានច្រើនជាងមុន។ ខ្ញុំត្រូវបានអញ្ជើញដោយក្រសួង [កសិកម្ម] ដោយយល់ឃើញថា ខ្ញុំជាមនុស្សម្នាក់ដែលបានចូលរួម និងលើកស្ទួយមុខម្ហូបខ្មែរនេះច្រើនមកហើយក្នុងការបង្កើតភាពវិសេសលើសពីធម្មតា»។
មេចុងភៅល្បីម្ហូបខ្មែរ បាននិយាយថា គ្រឿងផ្សំមុខម្ហូបដ៏ច្រើនលើសលប់ត្រូវបានប្រើប្រាស់ពីផលិតផលក្នុងស្រុក ពីព្រោះអ្នកស្រីយល់ថា ការប្រើប្រាស់គ្រឿងផ្សំពីបរទេស អ្នកស្រីមិនអាចអួតភ្ញៀវថា ម្ហូបមួយនេះជាមុខម្ហូបខ្មែរដោយមោនទនភាពនោះទេ។
អ្នកស្រី រតនៈ បានឱ្យដឹងថា អ្នកស្រីមិនសូវជួបបញ្ហាក្នុងការផលិត ឬស្វែងរកគ្រឿងផ្សំក្នុងស្រុកនោះទេ ដោយសារអ្នកស្រីធ្វើម្ហូបអាហារទៅតាមតំបន់នៅទូទាំងប្រទេស។
យ៉ាងណាមិញ ដោយសំដៅលើអ្នកប្រើប្រាស់ទូទៅ ដូចជាភោជណីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនតុការ ការស្វែងរកគ្រឿងផ្សំក្នុងស្រុកសម្រាប់ផលិតជាមុខម្ហូបរបស់ពួកគេសម្រាប់ទទួលទាន ឬបម្រើភ្ញៀវ វាមានការលំបាក ពីព្រោះនៅកម្ពុជាមានគ្រឿងផ្សំដែលអាចរកបានទៅតាមរដូវប៉ុណ្ណោះ ខុសពីផលិតផលនាំចូល។
មេចុងភៅ ណាក់ បានបន្ដថា៖ «ចំពោះបញ្ហារបស់ប្រជាកសិករ ពួកគាត់ធ្វើកសិផលតាមរដូវ និងនៅដាច់ដោយឡែកពីគ្នា ដែលកសិករបែបគ្រួសារម្នាក់មិនអាចផ្គត់ផ្គង់តម្រូវការខ្ពស់របស់អតិថិជនទេ។ នេះជាហេតុដែលពួកគាត់ពិបាកសម្រេចចិត្ដធ្វើកសិកម្មដែរ»។
បញ្ហាប្រឈមធំមួយទៀត គឺនៅពេលកសិករប្រមូលផលកសិកម្មរបស់ខ្លួន តែបែរជាកសិផលនោះធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមិនអាចប្រកួតប្រជែងផលិតផលនាំចូល។ ពេលនោះ កសិករខ្មែរប្រឈមមុខសូម្បីតែលទ្ធភាពជួលអ្នកប្រមូលផល ក៏ដូចជាលទ្ធភាពនៃការកែច្នៃ។
លោក ទូច រដ្ឋា អ្នកគ្រប់គ្រងទូទៅក្រុមចុងភៅ សេង ហុកហេង បានឱ្យដឹងថា ក្នុងនាម សេង ហុកហេង ជាចុងភៅចល័តដែលបាននិងកំពុងប្រើប្រាស់ផលិតផលកសិផលក្នុងស្រុក និងទទួលបានបានការគាំទ្រពីខ្លាំងពីអតិថិជន បានបង្ហាញចំណាប់អារម្មណ៍រីករាយក្នុងការចូលរួមពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល»។
លោកបានថ្លែងថា៖ «ពិព័រណ៍កសិកម្មដែលត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាឱកាសដើម្បីជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លា។ ខ្ញុំគិតថាពិព័រណ៍លើកទីមួយនេះ នឹងទទួលបានការគាំទ្រច្រើនពីសាធារណជន ហើយនឹងបន្តមាននៅឆ្នាំក្រោយៗទៀត»។
លោក រដ្ឋា បានបន្ដថា អ្វីដែលលោកសម្លឹងឃើញពីពិព័រណ៍នេះ ជាឨកាសជាជាងផលលំបាក ពីព្រោះវាជាការចាប់ផ្តើមប្រមូលផ្តុំអ្នកផលិត អ្នកដាំដុះ អ្នកចិញ្ចឹម អ្នកផ្គត់ផ្គង់ និងប្រតិបត្តករ ដូចជា ចុងភៅចល័ត ភោជនីយដ្ឋាន សណ្ឋាគារជាដើម។
លោកបានបន្ថែមថា វាជាឱកាសជួបជុំពិភាក្សា ស្វែងយល់ និងដឹងពីតម្រូវការ ក៏ដូចជាគុណភាព និងសក្តានុពលនៃផលិតផលកសិផលក្នុងស្រុក ហើយផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជនទូទៅដែលជាអ្នកទទួលទាន ឬប្រើប្រាស់ចុងក្រោយ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ផ្ទុយទៅវិញ ព្រឹត្តិការណ៍នេះ បានវាយបំបែកបញ្ហានៃផលលំបាកដែលរាំងស្ទះកន្លងមកវិញទេ ហើយបើកឨកាសដល់អ្នកផលិតទាំងឡាយណាដែលប្រកាន់នូវសុវត្ថិភាពចំណីអាហារ និងគុណភាពឱ្យឈានឆ្ពោះទៅរកសក្ដានុពលមួយកម្រិតទៀត»។
លោក ហែម ចន្ធូ មន្ត្រីគម្រោងជាន់ខ្ពស់ (កសិកម្ម និងធនធានធម្មជាតិ) នៃបេសកកម្មប្រចាំនៅកម្ពុជារបស់ធនាគារអភិវឌ្ឍអាស៊ី ADB បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងវិស័យកសិកម្មកម្ពុជា ដោយមានការកែលម្អគុណភាព បរិមាណ និងភាពសម្បូរបែបនៃផលិតផល។
លោក ចន្ធូ បាននិយាយថា៖ «ADB គាំទ្រដល់ពិព័រណ៍កសិកម្មដែលផ្តួចផ្តើមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារយើងជឿជាក់ថា វានឹងជួយសម្រួលដល់ការពង្រីកផលិតផលកសិកម្មក្នុងស្រុកសម្រាប់ទីផ្សារក្នុងស្រុក»។
លោកបានឱ្យដឹងថា កសិកម្មនៅតែជាវិស័យសំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹង ២១,២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ ២០២៣ និងចូលរួមជិត ៩៥ភាគរយ នៃគ្រួសារជនបទ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដូចជាការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបមានកម្រិត ការផ្តល់ហិរញ្ញប្បទាន និងភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុនៅតែមាន។
លោកបន្តថា ការទទួលបានសេវាហិរញ្ញវត្ថុកំពុងមានការលំបាកនៅតាមតំបន់ជនបទដោយសារតម្រូវការក្នុងការផ្តល់វត្ថុបញ្ចាំ។ ការយល់ដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើននឹងជួយកសិករឱ្យទទួលបានហិរញ្ញវត្ថុសមស្រប និងតម្លៃសមរម្យជាងមុន។
លោក ចន្ធូ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ADB សហការជាមួយរដ្ឋាភិបាល និងដៃគូនានា បានអនុវត្តគម្រោងគាំទ្រដល់ការបង្កើតក្រុមកសិករ ឬសមាគមដែលមានប្រជាជនក្រីក្របំផុតជាសមាជិក ដើម្បីជួយគ្នាទៅវិញទៅមក»។
គម្រោងនេះក៏គាំទ្រដល់ការធ្វើពិពិធកម្មកសិកម្ម ការធ្វើពាណិជ្ជកម្ម និងកសិកម្មដែលធន់នឹងអាកាសធាតុផងដែរ។
ជាមួយនឹងផលប៉ះពាល់អាកាសធាតុពិភពលោកកាន់តែអាក្រក់ទៅៗ លោកបានលើកឡើងថា ADB ជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក កំពុងបង្កើនការវិនិយោគអាកាសធាតុយ៉ាងខ្លាំងលើវិស័យនានា ជាពិសេសវិស័យកសិកម្ម។
ADB បាននិងកំពុងអនុវត្តគម្រោងដើម្បីជួយវិស័យកសិកម្មក្នុងប្រទេសកម្ពុជាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យមានភាពធន់នឹងអាកាសធាតុ។
លោក ចន្ធូ បានបន្ដថា៖ «ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជាមួយនឹងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគចំនួនប្រាំមួយ ដែលមានតម្លៃជាង ៥៧៣ លានដុល្លារ ដែលជួយវិស័យកសិកម្មកម្ពុជា ដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់នឹងអាកាសធាតុ»។
លោកបានបន្ថែមថា កម្ពុជាត្រូវតែបន្តការកសាងសមត្ថភាពរបស់ស្ថាប័នក្នុងការធ្វើសមាហរណកម្មការបន្ស៊ាំអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងបង្កើតគោលនយោបាយគាំទ្រសម្រាប់ការបន្សាំអាកាសធាតុកសិកម្ម។
លោក ចន្ធូ បាននិយាយថា វាធានានូវលទ្ធភាពទទួលបានបច្ចេកវិទ្យាអាកាសធាតុដែលមានតម្លៃសមរម្យ ធានាបាននូវហិរញ្ញប្បទានអាកាសធាតុបៃតង និងលើកកម្ពស់ការធ្វើពិពិធកម្មកសិកម្ម និងពាណិជ្ជកម្ម ដើម្បីកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់កសិករ៕