ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាជំរុញរដ្ឋាភិបាលប្រទេសហុងគ្រីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ហុងគ្រី ដោយកត់សម្គាល់ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។
ការជំរុញបែបនេះធ្វើឡើងក្នុងជំនួបរវាងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក ធីប័រ បល់ឡក (Tibor Baloghd) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៣០ ខែឧសភា នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក គិត ម៉េង ថ្លែងក្នុងជំនួបនេះថា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរមានទំនាក់ទំនងដ៏ជិតសិទ្ធជាមួយគ្នា ដោយបានសហការរៀបចំវេទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។
លោកថ្លែងថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានសភាពាណិជ្ជកម្មកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់នាថ្ងៃទី៣០ ឧសភា ថា៖ «អ្នកឧកញ៉ាប្រធាន [លោក គិត ម៉េង] ស្នើឯកឧត្ដមឯកអគ្គរដ្ឋទូត [លោក Tibor Baloghd] រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ហុងគ្រី»។
លោក គិត ម៉េង បានលើកទឹកចិត្តឱ្យធុរជនហុងគ្រីពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម បរិស្ថាន និងទឹក។
កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលនាពេលនោះជានាយករដ្ឋមន្ត្រី បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងបានចូលរួមកិច្ចប្រជុំកំពូលស្ដីពីទឹកនៅទីក្រុងប៊ូដាប៉េស (Budapest)។ ក្នុងឱកាសនោះ សភាពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មហុងគ្រី។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ហុងគ្រីគឺជាសមាជិកមួយនៃសហភាពអឺរ៉ុប (EU) ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហុងគ្រី-កម្ពុជានៅមានកម្រិតនៅឡើយ ដោយកន្លងមកប្រទេសកម្ពុជាបាននាំចេញនូវកសិផលសំខាន់ៗមួយចំនួនទៅប្រទេសហុងគ្រី ដូចជា អង្ករ និងថ្នាំជក់ ជាដើម ខណៈហុងគ្រីក៏បាននាំចូលមកកម្ពុជាវិញ មានដូចជាគ្រឿងសម្ភារៈបច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មជាដើម។
លោកថ្លែងថា៖ «ការបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរគឺមានភាពចាំបាច់ណាស់ គឺមានសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការបើកច្រកចូលនៃពាណិជ្ជកម្ម ការវិនិយោគទៅវិញទៅមក។ កម្ពុជានឹងអាចមានទ្វារចូលបន្ថែមទៀតទាក់ទងនឹងពាណិជ្ជកម្ម ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ប្រទេសអឺរ៉ុប ដោយសារតែហុងគ្រីជាសមាជិកសហភាពអឺរ៉ុប។ សម្រាប់ហុងគ្រីវិញ គឺនឹងអាចបើកច្រកចូលនូវពាណិជ្ជកម្ម ការវិនិយោគក្តីមកតំបន់អាស៊ានតាមរយៈច្រកចូលនៃប្រទេសកម្ពុជាដែលជាសមាជិករបស់អាស៊ាន»។
លោក ជ័យ តិច បន្ថែមថា ប្រទេសទាំងពីរគួរតែសិក្សាបន្ថែមនូវច្បាប់ និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាដើម ដើម្បីឱ្យកាន់តែមានការពង្រីក និងអភិវឌ្ឍបន្ថែមទៀតលើការនាំចេញនិងការនាំចូល ការវិនិយោគទៅវិញទៅមកទាក់ទងនឹងទេសចរណ៍ និងវិស័យផ្សេងៗដែលមានសក្ដានុពលបន្ថែមទៀតរវាងប្រទេសទាំងពីរ៕