កម្ពុជានិងតួកគី បន្តព្យាយាមរកវិធីដើម្បីឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ខណៈដែលការពិភាក្សាលើរឿងនេះបានធ្វើឡើងជាច្រើនឆ្នាំមកហើយ តែមិនទាន់មានលទ្ធផល។
កិច្ចពិភាក្សាចុងក្រោយលើរឿងនេះត្រូវបានធ្វើឡើងរវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងថ្នាក់ដឹកនាំតួកគី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសតួកគីកាលពីថ្ងៃទី២៩ ខែឧសភា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៣១ ខែឧសភា ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្នុងកិច្ចពិភាក្សាអំពីការវិនិយោគ ភាគីទាំងពីរបានឯកភាពគ្នាទៅលើតម្រូវការក្នុងការមានការហោះហើរត្រង់រវាងតួកគីនិងកម្ពុជា។ ដូច្នេះ តួកគីនឹងប្រឹងប្រែងលើកទឹកចិត្តឲ្យក្រុមហ៊ុនហោះហើរ Turkish Airlines ចាប់ផ្ដើមហោះហើរត្រង់មកកម្ពុជាឆាប់ៗនេះតាមតែអាចធ្វើទៅបានដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍»។
ក្រសួងការបរទេសបន្តថា៖ «ភាគីទាំងពីរទទួលស្គាល់នូវសក្ដានុពលដ៏ធំធេងសម្រាប់ការវិនិយោគនាពេលអនាគតនៅក្នុងវិស័យនានាដូចជា ឧស្សាហកម្មកសិកម្ម ការអប់រំ ការកែច្នៃម្ហូបអាការ ការអភិវឌ្ឍថាមពលបៃតង និង ទេសចរណ៍»។
ឆ្នាំនេះគឺជាខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីការបរទេសក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើនផងដែរ។
លោកប្រាប់ដល់ភាគីតួកគីថា ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងដើម្បីអនុវត្តការព្រមព្រៀងគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរដែលធ្វើឡើងក្នុងគោលបំណងបង្កើនទំហំសេដ្ឋកិច្ចទ្វេភាគីឲ្យដល់ទំហំ ១ពាន់លានដុល្លារ។
លោក សុខ ចិន្តាសោភា ស្នើឲ្យតួកគីមើលមកកម្ពុជាថាជាផ្នែកមួយនៃទីផ្សារដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋជាង ៦៥០លាននាក់ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។
លោក តុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា ការហោះហើរត្រង់រវាងកម្ពុជានិងតួកគីពិតជាមានសារៈសំខាន់ពីព្រោះភ្ញៀវទេសចរពីតួកគីមកកម្ពុជាក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ២០២៤នេះមានចំនួន ២ ៤៨០នាក់ ដែលជាចំនួនដ៏ទាបមួយ។ លោករំពឹងថា ចំនួនភ្ញៀវទេសចរពីតួកគីអាចកើនឡើងនៅពេលមានជើងហោះហើរត្រង់។
លោកថ្លែងដូច្នេះថា៖ «ប្រសិនបើមានការហោះហើរត្រង់វានឹងមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរពីតួកគីនិងប្រទេសក្បែរៗហ្នឹង។ ការភ្ជាប់ជើងហោះហើរត្រង់មានសារៈសំខាន់ពីព្រោះវាកាត់បន្ថយការចំណាយរបស់ភ្ញៀវទេសចរ និងចំណេញពេលវេលា»។
លោក ធួន ស៊ីណាន សមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) ក៏បានបង្ហាញពីផលប្រយោជន៍នៃការហោះហើរត្រង់រវាងតួកគីនិងកម្ពុជាផងដែរ ដោយលោកថា តួកគីប្រៀបបីដូចជាមជ្ឈមណ្ឌលតភ្ជាប់ជើងហោះហើរមួយ។ ប៉ុន្តែលោកថា ការពិភាក្សារវាងប្រទេសទាំងពីរលើការហោះហើរត្រង់នេះធ្លាប់ត្រូវបានជជែកគ្នាជាយូរមកហើយ តែមិនទាន់ឃើញមានលទ្ធផលអ្វី។
លោកថា៖ «តួកគីគឺជាមជ្ឈមណ្ឌលតភ្ជាប់រវាងមជ្ឈិមបូព៌ានិងអឺរ៉ុប ទាំងធុរកិច្ច និងការហោះហើរ។ បើយើងជិះយន្តហោះទៅអឺរ៉ុប ហើយឆ្លងកាត់តួកគីយើងឃើញមានមនុស្សចេញចូលឆ្លងកាត់តួកគីច្រើនណាស់ គឺច្រើនជាងនៅប្រទេសថៃទៅទៀត។ ដូច្នេះការភ្ជាប់ការហោះហើរត្រង់ជាមួយតួកគីគឺជាការតភ្ជាប់រវាងមជ្ឈិមបូព៌ា សហគមន៍អឺរ៉ុប និងជាមួយនឹងកម្ពុជា ក៏ដូចជាតភ្ជាប់កម្ពុជាជាមួយនឹងអាមេរិកនិងកាណាដាផងដែរ»។
យ៉ាងណាក៏ដោយយលោកថា កម្ពុជាត្រូវមានយុទ្ធសាស្ត្រនិងធ្វើសកម្មភាពជាក់ស្ដែងបន្ថែមទៀតឲ្យបានលើសពីការនិយាយ និងត្រូវធ្វើឲ្យមានភាពទាក់ទាញផងដែរ។
ប៉ុន្តែ លោក តុប សុភ័គ និយាយថា ក្រសួងទេសចរណ៍និងក្រសួងពាក់ព័ន្ធកំពុងប្រឹងប្រែងធ្វើឲ្យការធ្វើដំណើរមកកម្ពុជាកាន់តែងាយស្រួល ដូចជាការហោះហើរត្រង់ជាដើម។ ប៉ុន្តែការងារនេះក៏មិនងាយស្រួលនោះដែរ។
លោកថ្លែងថា៖ «ប៉ុន្តែវាមិនមែនថា យើងធ្វើបានភ្លាមៗទេ ព្រោះត្រូវការលក្ខខណ្ឌច្រើនដែរនៅក្នុងការតភ្ជាប់ជើងហោះហើរត្រង់នេះ។ ដូច្នេះហើយយើងនៅតែខិតខំដើម្បីឲ្យបានល្អប្រសើរសម្រាប់វិស័យទេសចរណ៍របស់យើង។ នៅពេលយើងមានការហោះហើរត្រង់ មិនមែនមកតែទេសចរទេ គឺមកទាំងអ្នកវិនិយោគនិងអ្នកដំណើរផ្សេងៗដែលធ្វើឲ្យពួកគាត់កាន់តែងាយស្រួល»។
បើតាមក្រសួងទេសចរណ៍ ក្នុងត្រីមាសទី១នៃឆ្នាំ២០២៤នេះ ចំនួនទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន ១,៥៨លាននាក់ កើនឡើង ២២,៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ចំណែកឯជើងហោះហើរអន្តរជាតិមានចំនួន ៦ ៤៨៨ ជើង ឬចន្លោះពី៥០០ ទៅ៥១០ជើងក្នុងមួយសប្ដាហ៍ក្នុងត្រីមាសទី១។ កម្ពុជាមានក្រុមហ៊ុនទេសចរណ៍កំពុងដំណើរការចំនួន ៣០ក្រុមហ៊ុន។ នេះបើតាមក្រសួងទេសចរណ៍៕