ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ដោយផ្លាស់ប្ដូរពីការប្រើក្រដាសទៅជាការមិនប្រើក្រដាស ដោយប្រព័ន្ធនេះមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នាថ្ងៃទី៧ ខែឧសភា នៅរាជធានីភ្នំពេញ លោកថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា។
ប្រព័ន្ធនេះមានគោលដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន ព្រមទាំងបង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យា និង ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និង ចំណាយពាក់ព័ន្ធផ្សេងៗ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជាមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើកមកជាការស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក»។
លោកបន្ថែមថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិរួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ឬហៅថា អាស៊ីគូដា (ASYCUDA) នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាដោយផ្លាស់ប្ដូររបៀបរបបការងារពីការពឹងផ្អែកទៅលើក្រដាសទៅជាការមិនប្រើក្រដាស។ ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូជីឌីថលសម្រាប់ធុរកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាពនិងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «សមិទ្ធផលនេះក៏ជាការបន្តជំរុញនូវការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើរភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ចនិងនីតិវិធីសារពើពន្ធ»។
លោករំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះនឹងក្លាយទៅជាគំរូជោគជ័យមួយទៀតនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ននៃរដ្ឋាភិបាលដែលបានជម្នះនូវការលំបាក ក្នុងដំណើរការសម្របសម្រួលស្ថាប័ន។ ប្រព័ន្ធនេះអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា គឺជាសមិទ្ធផលរួមគ្នារបស់ក្រសួង ស្ថាប័ននៃរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រមចីរភាពនៃប្រព័ន្ធតួអង្គតែមួយ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការធ្វើការរួមគ្នា «ប្រកបដោយជោគជ័យ» នេះក៏បានហុចផលដល់វិស័យឯកជន និង ទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិ មានជាអាទិ៍ ចំណេញពេល កាត់បន្ថយចំណាយដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីនេះថា ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលគាំទ្រដល់មុខងារបច្ចេកទេសនីមួយៗ ក្រសួងរបស់លោកបានគិតគូរលើការរៀបចំជាប្រព័ន្ធអេកូឡូស៊ី និង ថ្នាលបច្ចេកវិទ្យាដែលមានភាពប្រទាក់ក្រឡាគ្នាដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗ ទាំងប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងរបស់លោក និងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ស្ថាប័នផ្សេងទៀត អាចធ្វើការប្រទាក់ក្រឡាជាមួយគ្នាបានជាចង្កោមនៃអង្គតែមួយ។
លោកថ្លែងថា៖ «ការដាក់ចេញនូវថ្នាលឌីជីថលគន្លឹះសំខាន់ៗ ដូចជា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX បានបើកឡើងនូវឱកាសឱ្យប្រព័ន្ធដទៃទៀតអាចធ្វើការរួមគ្នានិងប្រទាក់ក្រឡាគ្នា ដោយបង្កើតបានជាសេវាឌីជីថលថ្មីៗឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ ជាក់ស្ដែង ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតនៃក្រសួងស្ថាប័នចំនួន ២១ បានអនុញ្ញាតឱ្យធុរជនចុះបញ្ជីអាជីវកម្មដោយប្រើពេលត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ»។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងរយៈជិត៤ឆ្នាំ បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើរការ CamDX នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់ដំណាច់ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនចំនួន ៣៥ ៧៥៥ ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារអាមេរិកបានចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធអេកូឡូស៊ីនេះ៕