វាជាមោទនភាពមួយទៀតរបស់កម្ពុជាដែលផលិតផលមានគុណភាពមួយប្រភេទបានទៅដល់ទីផ្សារបរទសនៅក្នុងឆ្នាំនេះ។ ម្រេចខ្មៅចំនួន ៣០តោនបានទៅដល់ប្រទេសចិន កាលពីខែមេសា ប៉ុន្តែ បញ្ហាប្រឈមអាចកើតមាននៅឆ្នាំ២០២៥ សម្រាប់ផលិតផលកសិកម្មមួយនេះ។
ម្រេចខ្មៅចំនួន ៣០តោន ដែលជាផលិតផលរបស់ក្រុមហ៊ុន Sela Pepper ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាលើកដំបូង។ ផលិតផលនេះបានទៅដល់ទីក្រុង Qingdao ស្ថិតនៅក្នុងខេត្ត Shandong នៅភាគខាងកើតនៃប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។
អ្នកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper បានឲ្យដឹងថា ការនាំចេញលើកទីមួយទៅកាន់ប្រទេសចិននេះធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសអំពីការអនុញ្ញាតឲ្យកម្ពុជានាំចេញម្រេចទៅប្រទេសចិនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
អ្នកស្រីពន្យល់ថា ម្រេចដែលអាចនាំចេញទៅបានត្រូវតែអនុលោមទៅតាមការកំណត់របស់អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។ អ្នកស្រីថា ម្រេចពីក្រុមហ៊ុនរបស់អ្នកស្រីមានគុណភាពទៅតាមតម្រូវការរបស់អតិថិជនចិន។
អ្នកស្រីនិយាយថា៖ «វាជាការប្រារព្ធខួបមួយឆ្នាំនៃការប្រកាសអំពីការផ្ដល់សិទ្ធិនាំចេញម្រេចទៅប្រទេសចិន។ វាជាសមិទ្ធិផលមួយដ៏ធំគួរឲ្យកត់សម្គាល់ និងថ្ងៃដ៏ល្អសម្រាប់កសិករដាំម្រេចកម្ពុជា និងសម្រាប់ក្រុមហ៊ុន Sela Pepper ផ្ទាល់តែម្ដង។ ខ្ញុំសូមអរគុណដល់កសិករទាំងអស់»។
ក្រៅពីនាំចេញទៅប្រទេសចិន ក្រុមហ៊ុន Sela Pepper ក៏នាំចេញម្រេចខ្មៅទៅប្រទេសប្រមាណ ១០ផ្សេងទៀតនៅលើពិភពលោក។
អ្នកស្រី Anna Cai បញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកស្រីបានដំណើរការ ៩ឆ្នាំមកហើយ ដោយធ្វើការរួមគ្នាជាមួយកសិករដើម្បីផលិតម្រេចដែលមានគុណភាពសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញ។
កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចសរុបជាង ៦ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះជិត ២៧ភាគរយប្រៀបធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះបណ្ដាលមកពីកត្តារួមផ្សំផ្សេងៗបូករួមទាំងការស្ទាក់ស្ទើររបស់កសិករដែលមិនចង់លក់ចេញដោយសារបានតម្លៃទាប។ នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យ៉ាងណាក៏ដោយ អាកាសធាតុក្ដៅ និងគ្រោះរាំងស្ងួតរយៈពេលវែងនៅ២០២៤ឆ្នាំនេះ នឹងធ្វើឲ្យផលិតផលកសិកម្មប្រឈមនឹងការធ្លាក់ចុះ ក្នុងនោះក៏មានទាំងម្រេចផងដែរ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ក្រុមហ៊ុន Sela Pepper ក៏ជាសមាជិករបស់សមាគមនេះដែរ។
លោកថា ការនាំចេញនេះជាការចូលរួមលើកកម្ពស់ផលិតផលកម្ពុជា។ យ៉ាងណាក៏ដោយលោកបង្ហាញកង្វល់អំពីកង្វះផលិតផលសម្រាប់ឆ្នាំ២០២៥ ដោយសារតែដំណាំម្រេចក្នុងឆ្នាំនេះរងគ្រោះពីគ្រោះរាំងស្ងួត។
បើតាមលោក ងួន ឡាយ ម្រេចដែលមានក្នុងប្រទេសនៅក្នុងឆ្នាំ២០២៤នេះ គឺជាផលិតផលកាលពីឆ្នាំមុន ហើយក៏មានមិនច្រើននោះដែរ។
លោកនិយាយថា៖ «ស្ថានភាពសម្រាប់ឆ្នាំ២០២៤នេះ ម្រេចខូចខាតអស់ច្រើនណាស់។ យើងអាចប៉ាន់ស្មានថា ការខូចខាតមាន ៦០ភាគរយបាត់ទៅហើយ។ កាលពីឆ្នាំមុន ភ្លៀងច្រើនពេក ធ្វើឲ្យរលួយគល់ដើមម្រេចមួយចំនួនធំ។ ដល់មករដូវប្រាំងឆ្នាំនេះ មានការរាំងរហូតដល់ ៦ឬ ៧ខែ ធ្វើឲ្យខ្វះទឹក ដល់អីចឹងទៅវាងាប់អស់ច្រើនណាស់»។
លោកបន្តថា៖ «ខ្ញុំធ្លាប់បេះម្រេចបាន ៨ឬ៩តោនក្នុងមួយឆ្នាំ តែឆ្នាំនេះអត់បាន គឺបានយ៉ាងច្រើន ២០០គីឡូក្រាម។ បើយើងមើលទៅលើកសិដ្ឋានផ្សេងៗក៏មិនខុសគ្នាដែរ គឺខូចច្រើនណាស់។ សម្រាប់ឆ្នាំ២០២៥ យើងមិនសង្ឃឹមថានឹងមានម្រេចសម្រាប់នាំចេញរាប់រយតោនដូចមុនទេ។ បានតែ៥០ ទៅ៦០តោន វាល្អណាស់ទៅហើយ»។
ទោះបីជាមានបញ្ហាប្រឈមបណ្ដាលមកពីគ្រោះធម្មជាតិបែបនេះក្ដី អ្នកស្រី Anna Cai អះអាងថា ក្រុមហ៊ុនអ្នកស្រីបន្តធ្វើការជាមួយកសិករដើម្បីមានម្រេចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ។
អ្នកស្រីថ្លែងថា៖ «ពិតណាស់ រដូវប្រាំងនេះធ្វើឲ្យមានបញ្ហាលំបាកសម្រាប់ដំណាំម្រេច។ ប៉ុន្តែ មិនថាលំបាកយ៉ាងណាទេ កសិករនឹងក្រុមហ៊ុនរបស់យើងនឹងបន្តពុះពារតទៅទៀត»។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា អាកាសធាតុឡើងកម្ដៅខ្លាំងក្នុងឆ្នាំនេះពិតជាប៉ះពាល់ដល់ដំណាំកសិកម្ម បូករួមទាំងម្រេចផងដែរ។ ដើម្បីកាត់បន្ថយការផលប៉ពាល់នេះ ម្ចាស់កសិដ្ឋានម្រេចអាចប្រើសំណាញ់ពណ៌ខ្មៅដើម្បីបាំងពីលើទប់កម្ដៅ ឬ ចំហាយទឹក ឬ ទឹកសាចដើម្បីស្រោចឲ្យបានញឹកញាប់។ ធ្វើដូច្នេះដើម្បីកាត់បន្ថយកម្ដៅ និង ផ្ដល់ទឹកដល់ដំណាំឲ្យបានគ្រប់គ្រាន់៕