ខេត្តសៀមរាបដែលពឹងអាស្រ័យយ៉ាងខ្លាំងលើវិស័យទេសចរណ៍ កំពុងងើបឡើងវិញនៅក្រោយវិបត្តិកូវីដ១៩។ ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប និងអាមេរិកបានត្រឡប់មកវិញជាបណ្ដើរៗមកកាន់ប្រទេសកម្ពុជា ជាពិសេសមកកាន់ខេត្តដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមនីយដ្ឋានជាច្រើន។ ប៉ុន្តែទីផ្សារភ្ញៀវទេសចរសំខាន់ៗពីក្នុងតំបន់អាស៊ីដូចជា ចិន ជប៉ុន និង កូរ៉េ នៅមានតិចតួចនៅឡើយ។
ដើម្បីដឹងថា វិស័យទេសចរណ៍នៅខេត្តនេះបានងើបឡើងវិញក្នុងកម្រិតណានោះ ភ្នំពេញប៉ុស្តិ៍បានធ្វើបទសម្ភាសមួយជាមួយលោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបដូចខាងក្រោម៖
តាមការប៉ាន់ស្មាន តើអាជីវកម្មនិងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប បានងើបឡើងវិញក្នុងកម្រិតណា ចាប់តាំងពីការបើកប្រទេសឡើងវិញនៅក្រោយកូវីដ១៩?
អាជីវកម្មទេសចរណ៍ក្នុងខេត្តនេះក្រោយកូវីដ១៩ បានបើកឡើងវិញបានប្រមាណ ៨៨ ភាគរយ បើយើងប្រៀបធៀបទៅនឹងកម្រិតមុនកូវីដ។ កាលពីមុនកូវីដ មានអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចំនួន ១១៩០ កន្លែងក្នុងក្រុងសៀមរាប។ បើគិតត្រឹមដំណាច់ខែឧសភានេះ អាជីវកម្មទេសចរណ៍បានបើកឡើងវិញចំនួន ១០៤៣កន្លែង ស្មើនឹង៨៨ភាគរយនៃអាជីវកម្មទាំងអស់។
ខេត្តសៀមរាបមានវិស័យជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេស ដូចជាវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងសិប្បកម្មផ្សេងៗ។ វិស័យទេសចរណ៍រួមចំណែកយ៉ាងសំខាន់។ នៅក្រោយវិបត្តិកូរីដ១៩ យើងឃើញថា បងប្អូនដែលមានអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍មានបញ្ហាប្រឈមដោយសារតែទីផ្សារធំនៃទេសចរណ៍ខេត្តសៀមរាបគឺជាទេសចរអន្តរជាតិ។ បច្ចុប្បន្ន យើងឃើញមានការកើនឡើងឡើងវិញ ដូចជាទេសចរពីអឺរ៉ុប និងអាមេរិក បានកើនឡើងស្ទើរតែប្រហាក់ប្រហែលទៅនឹងចំនួនមុនសម័យកូវីដ។ ប៉ុន្តែទីផ្សារទេសចរណ៍ធំៗផ្សេងទៀតដូចជា ចិន កូរ៉េ ជប៉ុន និងថៃ មិនទាន់មានការកើនឡើងខ្លាំងដូចមុនកូវីដទេ។ ដូច្នេះ វាធ្វើឲ្យសណ្ឋាគារ ភោជនីយដ្ឋាន បាបែបបារាំង (bar bistro) និង ប៊ូហ្វេ ធំៗ មិនទាន់បើកដំណើរការទាំងស្រុងទេ ទើបតែបើកដោយផ្នែក ឬមួយចំនួនប៉ុណ្ណោះ។ ឧទាហរណ៍ បើសណ្ឋាគារមាន ៣០០ បន្ទប់ គេអាចបើកត្រឹមតែ ១០០បន្ទប់ ដើម្បីបន្ថយបុគ្គលិក ដោយសារភ្ញៀវទេសចរមានកម្រិត។
សម្រាប់ភ្ញៀវទេសចរក្នុងស្រុក យើងឃើញមានច្រើនតែនៅពេលមានបុណ្យជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ក្រៅពីព្រឹត្តិការណ៍ទាំងនេះ អាជីវកម្មទេសចរនៅមានការពិបាក ដែលធ្វើឲ្យគាត់ត្រូវបន្ថយចំនួនបុគ្គលិក ឬត្រូវបើកដោយផ្នែក។ អាជីវកម្ម ឬសណ្ឋាគារធំៗមួយចំនួននៅបន្តបិទនៅឡើយ ដោយសារតែទីផ្សារទេសចរណ៍ធំៗនៅអាស៊ីមិនទាន់មានច្រើនដូចមុន។
គិតចាប់ពីដើមឆ្នាំ២០២៤ មកទល់ពេលនេះ មានចំនួនភ្ញៀវទេសចរអន្តរជាតិ និងជាតិ ប៉ុន្មាននាក់បានមកទស្សនាខេត្តសៀមរាប?
ភ្ញៀវទេសចរក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៤នេះមានសរុប ១.៨២៤.៦៥៨ នាក់។ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤៧៧.២៥៨នាក់ កើនឡើងចំនួន ៣៦,៩៨ ភាគរយប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកភ្ញៀវជាតិមានចំនួនជាង ១.៣៥២.៤០០ កើនឡើង ៥២,២៤ ភាគរយ។
សៀមរាប គឺជាគោលដៅទេសចរណ៍ដែលរដ្ឋាភិបាលកំណត់យកជាអាទិភាព ដូចជាតាមរយៈ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។ តើនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗអ្វីបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៤?
ឆ្នាំនេះរដ្ឋាភិបាលកំណត់យកខេត្តសៀមរាបជាឆ្នាំទស្សនាខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ជាច្រើនដូចជា បុណ្យទន្លេ ពិធីសម្ដែងរួមគ្នាក្បាច់គុនកុងហ្វូ និងក្បាច់គុនល្បុក្តតោ និងការប្រណាំងបង្ហាញម៉ូតូ ឡាន ហើយនៅចុងឆ្នាំនេះ ក្នុងខែធ្នូ នឹងមានព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅតំបន់អង្គរ។ ក្រៅពីនេះក៏មានកម្មវិធីផ្សេងៗទៀតក្រៅពីវិស័យទេសចរណ៍ ប៉ុន្តែកម្មវិធីទាំងនោះចូលរួមលើកកម្ពស់ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តសៀមរាបដើម្បីឲ្យប្រជាពលរដ្ឋទទួលបានចំណូល។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍ផ្សេងៗរៀបចំឡើងដោយសមាគមន៍ទេសចរណ៍ និងអង្គការក្រៅរដ្ឋាភិបាលដើម្បីជួយទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តនេះ។
ជាការកត់សម្គាល់ តើមានអាជីវកម្មទេសចរណ៍ថ្មីដែលមានលក្ខណៈច្នៃប្រឌិត ឬមានភាពទាក់ទាញជាងមុនដែរឬទេ?
បន្ទាប់ពីកូវីដ១៩ យើងឃើញមានអាជីវកម្មទេសចរណ៍មួយចំនួនបើកឡើងក្នុងទ្រង់ថ្មី ដូចជាសារមន្ទីរត្រី សួនផ្ការចម្រុះ និងរមនីយដ្ឋានកែច្នៃនៅតាមសហគមន៍។ ចំពោះគុណភាពសេវាកម្ម យើងឃើញថា អាជីករមួយចំនួនបានកែច្នៃសេវាស្នាក់នៅរបស់គាត់ទៅតាមភាពជាក់ស្ដែងដែលភ្ញៀវចង់បាន។ ឧទាហរណ៍ មូលដ្ឋានអាជីវកម្មដែលបានបិទ ពេលគាត់បើកឡើងវិញ គាត់បានកែច្នៃ ឬបន្ថែមចំនួន ឬធ្វើឲ្យវាល្អជាងមុន ដើម្បីទាក់ទាញ់ភ្ញៀវទេសចរដែលមានកំណត់។
ចំពោះរដ្ឋាភិបាល ក្រសួងទេសចរណ៍និងមន្ទីរទេសចរណ៍បានបង្កើតគំនិតផ្ដួចផ្ដើមដើម្បីធ្វើឲ្យកិត្យានុភាពកម្ពុជាមានភាពល្បីល្បាញនៅលើពិភពលោក។ លើសពីនេះក៏មានការពង្រឹងគុណភាពសេវាកម្មផងដែរ ដូចជាការផ្សព្វផ្សាយអំពីគោលការណ៍ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការបណ្ដុះបណ្ដាលដល់បុគ្គលិកបម្រើការតាមអាជីវកម្មទេសចរណ៍ ដោយផ្ដោតទៅលើស្តង់ដារជាតិ និងស្តង់ដារបៃតង និងការងារពាក់ព័ន្ធជាច្រើនទៀតសម្រាប់វិស័យនេះ។
បញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍នៅខេត្តនេះ គឺចំនួនភ្ញៀវទេសចរអន្តរជាតិនៅមានកម្រិត។ តើរដ្ឋាភិបាលមានដំណោះស្រាយដូចម្ដេច?
ចំពោះបញ្ហាប្រឈមនេះ រដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយយើងទាក់ទាញបានច្រើនសម្រាប់ភ្ញៀវទេសចរក្នុងស្រុក។ ប៉ុន្តែទេសចរណ៍ក្នុងស្រុកមានរយៈពេលខ្លី អាស្រ័យទៅលើព្រឹត្តិការណ៍នីមួយៗ។ ទាំងនេះនៅតែជាបញ្ហាប្រឈម ជាពិសេសសម្រាប់បងប្អូនអាជីវករ និងប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប ខ្លះក៏មានជាប់បំណុលធនាគារ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលបានផ្ដល់កម្ចីដែរ ប៉ុន្តែខ្លះគាត់មិនទាន់ទទួលយកបានដើម្បីស្ដារឡើងវិញ ហើយគាត់ក៏បន្តផ្អាកអាជីវកម្មនៅឡើយ។
ពលរដ្ឋមួយចំនួលើកឡើងថា សណ្ដាប់ធ្នាប់នៅតំបន់ផាប់ស្ត្រីត (Pub Street) ហាក់ដូចជាមិនល្អដូចពីមុនកូវីដ ដោយសារមានការចាក់បាសសំឡេងខ្លាំងៗដែលធ្វើឲ្យមានការរំខាន។ បើពិតជាមានបញ្ហាបែបនេះ តើនឹងមានដំណោះស្រាយដូច្នេះ?
ចំពោះតំបន់ផាប់ស្ត្រីត យើងមានអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក ដូចជាក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដូចជាប៉ូលិសចរាចរណ៍ សណ្ដាប់ធ្នាប់ មន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធ។ យើងតែងតែមានក្រុមការងារប្រចាំការដើម្បីដោះស្រាយ និងទប់ស្កាត់សកម្មភាពនានា ដូចជាបញ្ហាសំឡេងរំខាន។ យើងមានគោលការណ៍ ជាពិសេសមន្ទីរបរិស្ថានក្នុងការវាស់វែងស្តង់ដារជាក់លាក់ជូនដល់ប្រតិបត្តិករទេសចរណ៍ឲ្យយល់ថា គាត់ត្រូវប្រើប្រាស់សំឡេងកម្រិតណានៅពេលម៉ោងណា។ មន្ទីរបិរស្ថាននិងអាជ្ញាធរខេត្តក៏បានចេញលិខិតដល់អាជីវកម្មទេសចរណ៍មួយចំនួនដែលបានប្រព្រឹត្តខុស ដូចជាតម្រូវឲ្យបន្ថយសំឡេង ឬផ្អាកសំឡេងយ៉ាងណាដើម្បីកុំឲ្យមានផលប៉ះពាល់។
ក្នុងនាមជាប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្ត តើលោកមានពាក្យពេចន៍អ្វីដែលបង្ហាញពីសក្ដានុពលនៃខេត្តសៀមរាប?
ជាសំណូមពររបស់ខ្ញុំ គឺសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងគ្រប់ខេត្តក្រុងទាំងអស់ អញ្ចើញមកលេងខេត្តសៀមរាប ដោយសារខេត្តនេះមានសក្ដានុពល ជាទីក្រុងស្អាត មានផ្លូវល្អ ដូចជាផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ដើរ និងមានផ្លូវសម្រាប់ជិះកង់ទៅតាមប្រាសាទទៀត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋាភិបាលបានរៀបចំយ៉ាងស្អាតក្នុងពេលកូវីដ។
សម្រាប់ម្ហូបអាហារ ក្រៅពីម្ហូបខ្មែរ យើងមានការផ្គត់ផ្គង់ជាច្រើនដូចជាសេវាកម្មភេសជ្ជៈនិងម្ហូបអាហារដូចជា ម្ហូបចិន ម្ហូបកូរ៉េ ម្ហូបបែបអឺរ៉ុប ម្ហូបថៃ ម្ហូបជប៉ុន ម្ហូបអីតាលី ដែលអតិថិជនចង់បាន។
បើនិយាយពីសណ្ឋាគារវិញយើងមានលំដាប់ផ្កាយ៥ ផ្កាយ៤ និងផ្កាយ៤ ជាច្រើន និងសណ្ឋាគារបៃតង បែបប៊ូទិកសម្រាប់ឯកជន ឬគ្រួសារ និងមានសាលប្រជុំ សិក្ខាសាលាធំៗ។ បងប្អូនអញ្ជើមក អាចជួយដល់ជីវភាពអាជីវករ ក៏ដូចជាទទួលបានមកវិញនូវសុខភាពល្អ តាមរយៈរមនីយដ្ឋានដ៏ស្រស់ស្អាតនិងអាកាសធាតុបរិសុទ្ធនៅតំបន់អង្គរ។ ចំពោះរមនីយដ្ឋានកែច្នៃធម្មជាតិនៅតាមសហគមន៍ក៏មានច្រើនដែររហូតដល់ ១៧កន្លែង។ ចំណែកសន្តិសុខវិញគឺ យើងមានសុវត្ថិភាពពេញលេញដែរ ដោយសារយើងបានការពារសន្តិសុខល្អ ជារហូតមកហើយ៕