ភ្នំពេញៈ ក្នុងខែឧសភា ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានជិត៥០ភាគរយនៃទុនវិនិយោគសរុប ចំណែកការវិនិយោគក្នុងស្រុកមានជាង៣០ភាគរយ ខណៈការវិនិយោគមកពីសហរដ្ឋអាមេរិកមានតិចជាង១ភាគរយ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងខែឧសភានេះ CDC បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍ CDC។
របាយការណ៍ CDC នាថ្ងៃទី១០ មិថុនា បង្ហាញថា ក្នុងចំណោម៨ប្រទេស ការវិនិយោគមកពីប្រទេសចិនមាន៤៩,៦៧ភាគរយ ឈរនៅលេខរៀងទី១ កម្ពុជាមាន៣០,៨៥ភាគរយ ឈរនៅលេខរៀងទី២ សិង្ហបុរីមាន១០,១៥ភាគរយ លេខនៅលេខរៀងទី៣។
របាយការណ៍បន្តថា ការវិនិយោគពីអូស្ត្រាលីមាន២,៣៣ភាគរយ ឈរលេខរៀងទី៤ វៀតណាម២,២៩ភាគរយ ស្ថិតនៅលេខរៀងទី៥ កូរ៉េខាងត្បូង ២,០៥ភាគរយ ឈរលេខរៀងទី៦ សេណេហ្គាល់៣,០៣ភាគរយ លេខរៀងទី៧ ខណៈសហរដ្ឋអាមេរិកមាន ០,៦៣ភាគរយ ឈរនៅលេខរៀងទី៨។
ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៨គម្រោង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភា ក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន៣គម្រោង។
ទី១គឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៥កន្លែង។
ទី២គឺគម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង២៦លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
ទី៣គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
ចំណែកគម្រោងដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន១គម្រោងគឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ (Jiangsu) ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។
របាយការណ៍ដដែលបន្ថែមថា ក្នុងចំណោមគម្រោងទាំង ២៥ វិស័យឧស្សាហកម្មមានជាង ១៨០ លានដុល្លារអាមេរិក ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមានជាង៦៥លានដុល្លារអាមេរិក។
រាជធានីភ្នំពេញ និងខេត្តព្រះសីហនុមានគម្រោងច្រើនជាងគេគឺ៥ គម្រោងរៀងៗខ្លួន ខណៈខេត្តកំពង់ឆ្នាំង កំពត កណ្ដាល និងកំពង់ចាមមានគម្រោងតិចជាងគេគឺ១គម្រោងរៀងៗខ្លួន៕