ភ្នំពេញ៖ ស្ថិតក្នុងបរិយាកាសសេដ្ឋកិច្ចកំពុងជួបការលំបាកពេលបច្ចុប្បន្ន ក្រុមហ៊ុនអាជីវកម្មមួយចំនួនអាចប្រឈមហានិភ័យក្ស័យធន ដែលធ្វើឱ្យតួនាទីអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធនកាន់តែមានសារៈសំខាន់។
អភិបាលបណ្ដោះអាសន្ននេះអាចជួយស្តារស្ថានភាពរបស់ក្រុមហ៊ុនឱ្យឆ្លងកាត់ភាពតំណាក់កាលលំបាកបំផុតនៃបញ្ហាហិរញ្ញវត្ថុ និងធានាឱ្យមានដំណើរការជម្រះបញ្ជីមួយប្រកបដោយប្រសិទ្ធភាព សមភាព និងតម្លាភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
ដោយទទួលស្គាល់ពីសារៈសំខាន់នេះ ក្រុមហ៊ុនមេធាវី អេច ប៊ី អេស និង មន្ទីរសារការី អេច ប៊ី អេស សហការជាមួយក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាមួយស្តីពី «ប្រកាសស្ដីពីការផ្ដល់អាជ្ញាបណ្ណជាអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន» នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។
សិក្ខាសាលានេះបានផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយចំពោះការអនុវត្ត ច្បាប់ក្ស័យធនរបស់កម្ពុជា បើនិយាយជារួម និងឱ្យសិក្ខាកាមយល់ពីសិទ្ធិ និងកាតព្វរបស់អភិបាលបណ្តោះអាសន្ន និយាយដោយឡែក។
លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងក្នុងពេលបើកសាលាសិក្ខាថា សិក្ខាសាលាផ្សព្វផ្សាយនេះ ដោយការសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អភិបាលបណ្ដោះអាសន្នក្នុងការផ្តល់ជំនួយដល់ក្រុមហ៊ុនតាមរយៈការស្តារនីតិសម្បទា និងជំរះបញ្ជីអំឡុងពេលដំណើរការនីតិវិធីក្ស័យធន។
ដោយមានការចូលរួមពីភាគីចម្រុះទាំងអ្នកនៅក្នុងវិស័យច្បាប់ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គណនេយ្យ សាវនកម្ម និងការគ្រប់គ្រងក្រុមហ៊ុន លោកបានឱ្យដឹងថា នេះគឺជាសិក្ខាសាលាដំបូងដែលក្រសួងយុត្តិធម៌បានរៀបចំ បន្ទាប់ពីប្រការខាងលើត្រូវបានដាក់ចេញឱ្យអនុវត្ដ។
សេចក្ដីប្រកាសដែលត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ កើត រិទ្ធ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នេះ ដើម្បីអនុវត្ដច្បាប់ក្ស័យធន នៃមាត្រា ៦៨ នៃ ច្បាប់ក្ស័យធន បានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីសម្រាប់ផ្ដល់អាជ្ញាបណ្ណជាអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន។
លោក ដាវ័ណ្ណ បានថ្លែងថា៖ «អភិបាលបណ្ដោះអាសន្នមានតួនាទីសំខាន់ក្នុងការជួយក្រុមហ៊ុនកំពុងជួបបញ្ហាតាមរយៈការសង្គ្រោះ និងដំណើរការនីតិវិធីក្ស័យធនក្នុងស្ថានភាពលំបាកបំផុត»។
លោកបានបកស្រាយថា ច្បាប់ក្ស័យធនពិតជាសារៈសំខាន់ក្នុងទីផ្សារសេរីនេះ ដែលគ្រប់អាជីវកម្មទាំងអស់មិនសុទ្ធតែទទួលជោគជ័យនោះទេ។
លោកបានលើកឡើងពីភាពចាំបាច់នៃការចូលរួមនីតិវិធីសម្រាប់ការសងបំណុល ដើម្បីទប់ស្កាត់ការប្រកួតប្រជែងក្នុងចំណោមម្ចាស់បំណុល និងរក្សាសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ច។
លោកបានលើកឡើងថា៖ «ប្រសិនបើការសងបំណុលធ្វើឡើងទៅតាមទាមទារដោយម្ចាស់បំណុលរៀងៗខ្លួន វាប្រាកដជាជួបនូវការប្រកួតប្រជែងរវាងម្ចាស់បំណុលដើម្បីបានសំណងមុន។ នេះបង្កជាបញ្ហាសណ្ដាប់ធ្នាប់សង្គម និងសេដ្ឋកិច្ច ដោយត្រូវគិតអំពីផលប្រយោជន៍សាធារណៈ»។
លោកទទួលស្គាល់ថា ការស្វែងយល់អំពីច្បាប់ក្ស័យធននៅមានកម្រិតនៅឡើយ បើទោះបីជាច្បាប់បានចូលជាធរមានជិតពីរទសវត្សរ៍មកហើយក្ដី។
លោកបានឱ្យដឹងថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លះមកនេះ ចំពោះការអនុវត្ដច្បាប់ក្ស័យធន មានសំណុំរឿងក្ស័យធនត្រូវបានបើ តែជាង ១០ ករណីប៉ុណ្ណោះ ដោយសារតែ ការយល់ អំពីច្បាប់នៅមានកម្រិត និងខ្វះខាតបទបញ្ញត្ដិក្នុងការគាំទ្រដល់ការអនុវត្ត។
ដូច្នេះ ប្រកាសនេះត្រូវបានដាក់ចេញក្នុងគោលបំណងគាំទ្រការអនុវត្ដច្បាប់ ដោយបង្កើតជាយន្ដការ លក្ខខណ្ឌ ឬនីតិវិធី សិទ្ធិ និងកាតព្វកិច្ចរបស់អភិបាលបណ្ដោះអាសន្ន។
លោកបានបញ្ជាក់ថា៖ «ភារកិច្ចរបស់អភិបាលបណ្ដោះអាសន្ន ត្រូវធ្វើយ៉ាងណា ដើម្បីធានាទាំងសិទ្ធិរបស់ម្ចាស់បំណុល និងសិទ្ធិកូនបំណុលផងដែរ»។
លោក ដាវ័ណ្ណ លើកឡើងថា អភិបាលបណ្ដោះអាសន្នត្រូវគោរពតាមល័ក្ខខណ្ឌមួយចំនួន រួមទាំងសមត្ថភាព សីលធម៌ ក៏ដូចជាវិជ្ជាជីវៈ និងសុច្ចរឹតភាព ដើម្បីផ្ដល់ប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាគ្រប់ភាគីក្នុងសំណុំរឿងក្ស័យធននេះ។
លោក លី តៃសេង អភិបាលបណ្តោះអាសន្ន នាយកប្រតិបត្តិក្រុមហ៊ុនមេធាវី និងជាប្រធានមន្ទីរសារការីអេចប៊ីអេស បានថ្លែងថា សិក្ខាសាលានេះ មានគោលបំណងចម្បងដើម្បីផ្សព្វផ្សាយប្រកាសដែលមានចែងកំណត់អំពីស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងអភិបាលបណ្តោះអាសន្ន លក្ខខណ្ឌ បែបបទ នីតិវិធីក្នុងការផ្តល់ និងការដកហូតអាជ្ញាបណ្ណជាអភិបាលបណ្តោះអាសន្ន ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់អភិបាលបណ្តោះអាសន្ន ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
លោកបានលើកឡើងថា៖ «វាក៏ជាឱកាសដ៏មានសារសំខាន់ សម្រាប់វាគ្មិនជំនាញ មកពីស្ថាប័នតុលាការ មេធាវី អភិបាលបណ្តោះអាសន្ន អ្នកច្បាប់នានា អាចចែករំលែក និងផ្ទាស់ប្តូរនូវចំណេះដឹង និងបទពិសោធន៍»។
លោកបន្ដថា៖ «វាមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់ក្ស័យធនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណងបង្កើតយន្តការដែលអាចព្យាករណ៍បាន សមភាព និងតម្លាភាពសម្រាប់ដោះស្រាយការក្ស័យធន»។
លោក តៃសេង បានរៀបរាប់ពីគោលបំណង និងអត្ថប្រយោជន៍ជាមូលដ្ឋាននៃច្បាប់ក្ស័យធន រួមទាំងការចែកចាយរំលែកពីហានិភ័យ ការការពារទ្រព្យសម្បត្តិ និងការពារសិទ្ធិ និងពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកពាក់ព័ន្ធជាអតិបរិមា ភាពជឿជាក់ និងស្ថិរភាពហិរញ្ញវត្ថុ ការស្តារនីតិសម្បទាកូនបំណុល និងការការពារសម្រាប់ប្រតិបត្តិករសាជីវកម្ម។
លោកបាននិយាយថា ច្បាប់នេះធានាថា ហានិភ័យត្រូវបានចែករំលែកក្នុងចំណោមភាគីពាក់ព័ន្ធ ដោយបង្កើតតួនាទី និងការទទួលខុសត្រូវច្បាស់លាស់សម្រាប់តួអង្គដែលពាក់ព័ន្ធ។ វាក៏កំណត់នូវយន្តការ និងនីតិវិធីសមូហភាព ដែលម្ចាស់បំណុលទាំងអស់ចូលរួមក្នុងការសម្រេចចិត្ត ដោយសមភាព និងតម្លាភាព។
លោកបានថ្លែងថា៖ «ច្បាប់ក្ស័យធន រួមមានយន្ដការនៃការពារសិទ្ធិ និងការពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកពាក់ព័ន្ធជាអតិបរិមា ដូចជាការបន្តអនុវត្តកិច្ចសន្យាដែលមានស្រាប់ដោយអភិបាលបណ្តោះអាសន្នរហូតដល់ចប់»។
លោក តៃសេង បាននិយាយថា ច្បាប់ក្ស័យធនចូលរួមចំណែកផ្តល់នូវការជឿជាក់លើប្រព័ន្ធឥណទាន បង្កើនការផ្តល់ឥណទាន និងលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានដែលមានការប្រាក់ទាបជាងពេលដែលពុំបានដំណើរការច្បាប់ក្ស័យធនមួយដែលធានាបានភាពសិទ្ធភាពនៃការអនុវត្តសិទ្ធរបស់តួអង្គពាក់ព័ន្ធ។
លោកបានបន្ដថា៖ «ទាំងនេះវាក៏ជួយជំរុញឱ្យមានស្ថេរភាពប្រព័ន្ធហិរញវត្ថុ និងកំណើនសេដ្ឋកិច្ចដែលបានជាប្រយោជន៍ដល់អ្នកចូលរួមទាំងអស់គ្នា»។
ច្បាប់ក្ស័យធនក៏ចូលរួមចំណែកផ្តល់លទ្ធភាពឱ្យកូនបំណុល ជារូបវ័ន្តបុគ្គល ឬក្រុមហ៊ុនសហកម្មសិទ្ធិ មានលទ្ធភាពអាចរួចផុតពីការទទួលខុសត្រូវក្រោយពេលបញ្ចប់នីតិវិធីក្ស័យធន។
ពួកគេអាចចាប់ផ្តើមកសាងជីវភាព និងអាជីវកម្មឡើងវិញ ដើម្បីមានលទ្ធភាពរកចំណូលចញ្ចឹមជីវិត ដោយជៀសវាងនូវជម្រើសធ្វើអត្តឃាត ឬរត់ចោលស្រុក ប៉ោះបង់គ្រួសារ ជាអាទិ៍ ដោយសារតែបំណុលវ័ណ្ឌករ។
លោក តៃសេង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រព័ន្ធតុលាការឯករាជ្យ និងគួរឱ្យទុកចិត្ត ក៏ដូចជា អភិបាលបណ្តោះអាសន្នមួយដែលមានសមត្ថភាពខ្ពស់ទាំងខាងផ្នែកច្បាប់ ការគ្រប់គ្រងអាជីវកម្ម មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានសីលធម៌ខ្ពស់ដើម្បីទទួលខុសត្រូវបំពេញភារកិច្ចដ៏លំបាកនេះ។
តួនាទីរបស់អភិបាលបណ្ដោះអាសន្ន
លោក តាន់ គាតតិច ជាមេធាវី និងជាសហការីជាន់ខ្ពស់របស់ក្រុមហ៊ុនមេធាវី អេច ប៊ី អេស បានឱ្យដឹងថា ដំណើរការនីតិវិធីក្ស័យធន ត្រូវបានធ្វើឡើងក្នុងគោលបំណងពីរ គឺផ្តល់នីតិសម្បទាដល់អាជីវកកម្មរបស់កូនបំណុល និងជំរះបញ្ជី ដោយការផ្តល់នូវការទូទាត់ ឬការសងតាមលំដាប់អទិភាព និងត្រឹមត្រូវតាមសិទ្ធិលើបំណុល ដែលជាគោលការណ៍ ត្រូវបានអនុវត្ដនៅទូទាំងពិភពលោក។
លោកបាននិយាយថា ច្បាប់មានអានុភាពអនុវត្តចំពោះពាណិជ្ជករ និងនីតិបុគ្គលដែលមានទ្រព្យសម្បត្តិនៅក្នុងប្រទេសកម្ពុជា រួមមាន ពាណិជ្ជករ សំដៅលើបុគ្គលទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយដែលយកពាណិជ្ជកិច្ចនេះជាមុខរបរប្រចាំថ្ងៃ (មាត្រា ២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម)។
ពាណិជ្ជករទាំងនោះ រួមមាន សហគ្រិន អ្នកលក់ដូរ សហគ្រាសឯកបុគ្គល (មាត្រា ៨ ស្ទួន) សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈផ្សេងៗទៀត។
នីតិបុគ្គល ស្ថិតក្នុងក្រុមហ៊ុនមូលធន និងក្រុមហ៊ុនសហកម្មសិទ្ធិ (លើកលែងបុគ្គលស្ថិតក្រោមវិសាលភាពច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ស្តីការធានារ៉ាប់រង និងច្បាប់ស្តីពីបោះផ្សាយ និងការជួយដូរមូលបត្រមហាជន)។
លោក គាតតិច បានឱ្យដឹងថា៖ «អ្នកដែលអាចប្តឹងបើកសំណុំរឿងក្ស័យធន (មាត្រា ៨ កថាខណ្ឌទី ១) រួមមាន ម្ចាស់បំណុល កូនបំណុលខ្លួនឯង (ឬ អភិបាលក្រុមហ៊ុនមូលធន) និង តំណាងអយ្យការ។ មូលហេតុនៃការបើកសំណុំរឿងក្ស័យធន៖ កូនបំណុល មិនបំពេញកាតព្វកិច្ចមួយ ឬ ច្រើនដែលដល់កាលកំណត់ត្រូវសង ដែលមានទឹកប្រាក់សរុបចំនួន ៥ លានរៀល (មាត្រា ៧) ឬ (១២៥០ ដុល្លារ)»។
លោកនិយាយថា កូនបំណុល មានកាតព្វកិច្ចប្តឹងបើកសំណុំរឿងដោយខ្លួនឯង ក្នុងករណីលែងមានលទ្ធភាពបំពេញកាតព្វកិច្ចបង់ប្រាក់ (៥លានរៀល) ដែលនៅមានសុពលភាពក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទត្រូវសង។
អភិបាលបណ្តោះអាសន្ន ត្រូវចាត់រាល់វិធានការចាំបាច់ ឬសមស្របដើម្បីការពារផលប្រយោជន៍របស់ម្ចាស់បំណុល (អាចស្នើសុំឃាត់ទុកទ្រព្យសម្បត្តិ ឬព្យួរបណ្តឹងទាមទាររបស់ម្ចាស់បំណុលផ្សេងៗ)។
តុលាការ ត្រូវបើកសវនាការក្នុងរយៈពេល ១៥ ថ្ងៃគិតចាប់ពីពេលទទួលបណ្តឹង របស់កូនបំណុល ឬ មិនឲ្យលើសពី ៣០ ថ្ងៃ (គិតចាប់ពីពេលទទួលបណ្តឹងរបស់ម្ចាស់បំណុល អភិបាលក្រុមហ៊ុនមូលធន ឬតំណាងអយ្យការ)។
តុលាការ ត្រូវលើកបណ្តឹងចោលក្នុងករណីជាឧបាយកល ឬ បណ្តឹងនោះ មានបំណងទុច្ចរិត។ តុលាការ មិនអាចបើកសំណុំរឿងក្ស័យធនបានទេ ប្រសិនបើទ្រព្យសកម្មរបស់កូនបំណុល មានចំនួនមិនគ្រប់គ្រាន់សម្រាប់ការធានាការចំណាយក្នុងការដំណើរការនីតិវិធី (លើកលែងតែមានបុគ្គលពាក់ព័ន្ធណាមួយ ផ្តល់ប្រាក់ជាមុនសម្រាប់ការធានាការចំណាយនោះ)។
សេចក្តីសម្រេចបើកសំណុំរឿងក្ស័យធន ត្រូវផ្សាយជាសាធារណៈក្នុងសារព័ត៌មានប្រចាំថ្ងៃ (យ៉ាងហោចណាស់ ២) និង ជូនដំណឹងទៅការិយាល័យចុះបញ្ជី និងការិយាល័យតម្កល់ព័ត៌មានសិទ្ធិប្រាតិភោគ។
លោក គាតតិច បានបន្ថែមថា៖ «អភិបាលបណ្តោះអាសន្ន អាចអនុញ្ញាតជាលាយលក្ខណ៍អក្សរឱ្យម្ចាស់បំណុលមានកិច្ចធានាក្នុងការរឹបអូស កាន់កាប់ និងលក់ទ្រព្យធានា (ប្រាតិភោគ) ឬ អនុញ្ញាតឲ្យប្រើប្រាស់ទ្រព្យធានានោះ ដោយទូទាត់រំលោះបំណុលពីការប្រើប្រាស់នោះ»។
ទ្រព្យសម្បត្ដិរបស់កូនបំណុល ត្រូវបានរាប់បញ្ចូលសម្រាប់ការទូទាត់សងបំណុល រួមមាន ទ្រព្យសកម្មសិទ្ធិ និងសិទ្ធិលើបំណុលគ្រប់ប្រភេទ។
ក្នុងករណីកូនបំណុលជារូបវន្តបុគ្គល ទ្រព្យសម្បត្តិត្រូវលើកលែង ដូចជា ទីកន្លែងជាលំនៅចម្បង ដែលមានតម្លៃមិនលើសពី ២០លានរៀល ទ្រព្យសកម្មសិទ្ធិ ឬសិទ្ធិលើបំណុលដែលក្រមនីតិវិធីរដ្ឋប្បវេណីលើកលែង (មាត្រា ៣៨០ និង មាត្រា ៣៨២នៃក្រមនីតិវិធីរដ្ឋប្បវេណី)។
លោកនិយាយថា ទ្រព្យសម្បត្តិរបស់កូនបំណុល ត្រូវស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងរបស់ អភិបាលបណ្តោះអាសន្ន។ កូនបំណុល ត្រូវសហការជាមួយអភិបាលបណ្តោះអាសន្នក្នុងការផ្តល់ព័ត៌មានផ្សេងៗពីទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ខ្លួន។
អភិបាលបណ្តោះអាសន្ន ត្រូវប្តូរទ្រព្យសកម្មដែលមិនមែនជាសាច់ប្រាក់របស់កូនបំណុលទៅជាសាច់ប្រាក់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ក៏ដូចជាប្រើរាល់មធ្យោបាយពាណិជ្ជកម្មសមស្រប ដើម្បីទទួលបានទិន្នផលជាសាច់ប្រាក់ខ្ពស់បំផុតសម្រាប់កូនបំណុល។
អភិបាលបណ្តោះអាសន្ន ត្រូវធ្វើរបាយការណ៍ស្តីពីសកម្មភាពរបស់ខ្លួន ដោយត្រូវបញ្ជាក់ពីគណនីចុងក្រោយនៃការបែងចែក និងបណ្តឹងទាមទារដែលមិនទាន់បានទូទាត់ ក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃបន្ទាប់ពីការជំរះនូវផ្នែកដែលអាចលក់នៃទ្រព្យរបស់កូនបំណុល។
តុលាការ ត្រូវកោះអញ្ជើញកិច្ចប្រជុំម្ចាស់បំណុលចុងក្រោយ ក្នុងរយៈពេល ១៤ ថ្ងៃក្រោយទទួលបានរបាយការណ៍ពីអភិបាលបណ្តោះអាសន្ន ដើម្បីអនុម័តលើគណនីចុងក្រោយនៃការបែងចែក និងបណ្តឹងទាមទារដែលមិនទាន់បានទូទាត់ និងសម្រេចលើការប្រើប្រាស់ផ្នែកនៃទ្រព្យរបស់កូនបំណុលដែលមិនអាចលក់បាន។ តុលាការ ត្រូវសម្រេចបញ្ចប់សំណុំរឿងក្ស័យធនភ្លាមៗបន្ទាប់ពីកិច្ចប្រជុំចុងក្រោយ។
គុណវុឌ្ឍិរបស់អភិបាលបណ្ដោះអាសន្ន
លោក វង្ស គីមសាន្ដ ប្រធានការិយាល័យគ្រប់គ្រងបណ្ដោះអាសន្ន និងអ្នកជំរះបញ្ជី នៃនាយកដ្ឋានកិច្ចការក្ស័យធន អភិបាលបណ្ដោះអាសន្ន និងអ្នកជំរះបញ្ជី ក្រសួងយុត្ដិធម៌ បានឱ្យដឹងថា អភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន សំដៅដល់រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពីក្រសួងយុត្តិធម៌ និងត្រូវបានតែងតាំងដោយសេចក្តីសម្រេចរបស់តុលាការ។
ពួកគេមានភារកិច្ចជួយសម្របសម្រួលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្តល់នីតិសម្បទាដល់អាជីវកម្ម របស់កូនបំណុល ព្រមទាំងសម្របសម្រួលដល់ការទូទាត់ ឬការសងជាសមូហភាពដល់ ម្ចាស់បំណុលតាមលំដាប់អាទិភាព ក្នុងករណីដែលអាជីវកម្មរបស់កូនបំណុលមិនអាចត្រូវបាន ស្តារនីតិសម្បទាឡើងវិញ។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអាជ្ញាបណ្ណ អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋកម្ពុជាដែលគ្មានប្រវត្តិឧក្រិដ្ឋកម្ម កំណត់ត្រាក្ស័យធន ឬការចូលរួមក្នុងអាកប្បកិរិយាមិនស្មោះត្រង់នោះទេ។
លោកបាននិយាយថា៖ «ពួកគេត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រនៅក្នុងមុខជំនាញ ដូចជា ច្បាប់ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ឬការគ្រប់គ្រងពាណិជ្ជកម្ម ហើយមានបទពិសោធន៍ពាក់ព័ន្ធយ៉ាងតិចប្រាំឆ្នាំ។ បេក្ខជនត្រូវមានកន្លែងធ្វើការដែលមានទីតាំងក្នុងប្រទេសកម្ពុជា»។
ដំណើរការដាក់ពាក្យស្នើសុំ រួមមាន ការបញ្ជូនទម្រង់បែបបទទៅកាន់ក្រសួងយុត្តិធម៌ អមដោយឯកសារមួយចំនួន លក្ខណៈសម្បត្តិអប់រំ បទពិសោធន៍ការងារ ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ លិខិតថ្កោលទោស រូបថត និងឯកសារបញ្ជាក់ការបង់ប្រាក់។
ក្រសួងនឹងពិនិត្យ និងសម្រេចលើពាក្យសុំក្នុងរយៈពេល ៤៥ ថ្ងៃ។ រាល់កម្រៃនៃការស្នើសុំ និងការបន្តត្រូវបានបញ្ជាក់នៅក្នុងប្រកាសអន្តរក្រសួងហើយមិនអាចដកវិញបានទេ ប្រសិនបើពាក្យសុំមិនត្រូវបានអនុម័ត។
លោក គីមសាន បាននិយាយថា អាជ្ញាបណ្ណមានសុពលភាពរយៈពេលពីរឆ្នាំ ហើយអាចបន្តជារៀងរាល់ពីរឆ្នាំម្តង។ សំណើបន្តត្រូវតែដាក់ជូនយ៉ាងហោចណាស់ ៦០ ថ្ងៃមុនពេលផុតកំណត់អាជ្ញាបណ្ណ។
លោកបានលើកឡើងថា៖ «អភិបាលបណ្ដោះអាសន្នដែលមានអាជ្ញាបណ្ណត្រូវដាក់របាយការណ៍ប្រចាំឆ្នាំត្រឹមថ្ងៃទី ៣០ ខែតុលា ជារៀងរាល់ឆ្នាំ។ អភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួង យុត្តិធម៌អំពីការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងព័ត៌មានសម្រាប់ធ្វើការទំនាក់ទំនង ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីការផ្លាស់ប្តូរនោះ»។
ពួកគេក៏ត្រូវរក្សាកំណត់ត្រា និងឯកសារសម្រាប់រយៈពេលយ៉ាងតិចប្រាំមួយឆ្នាំចាប់ពីថ្ងៃបិទដំណើរការ និងចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធដែលរៀបចំដោយក្រសួង ឬស្ថាប័នដែលមានការអនុញ្ញាត។
លោកបានបន្តថា ក្រសួងរក្សាសិទ្ធិក្នុងការដកហូតអាជ្ញាបណ្ណ ប្រសិនបើអភិបាលបណ្ដោះអាសន្ននោះមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ឬកាតព្វកិច្ចណាមួយ។ ការផាកពិន័យចំពោះការមិនអនុលោមតាមច្បាប់ រួមមានការស្តីបន្ទោសដោយពាក្យសម្ដី ឬជាលាយលក្ខណ៍អក្សរ ការព្យួរ ឬការដកហូតអាជ្ញាបណ្ណ។
លោក គឹមសាន ថ្លែងថា៖ «អភិបាលបណ្ដោះអាសន្នដែលធ្វើការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណីបន្ថែមទៀត»។
លោកបានបន្ថែមថា វិធានការតឹងរ៉ឹងទាំងនេះ មានគោលបំណងធានានូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងដំណើរការក្ស័យធន៕