ជើង​ហោះហើរ​ត្រង់​ជា​ប្រវត្តិសាស្ត្រ​ពី​កម្ពុជា​ទៅ​កាន់​ទីក្រុង​ញូវដេលី​នៃ​ប្រទេស​ឥណ្ឌា បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា​នេះ ដោយ​ក្រុមហ៊ុន​អង្គរ​អ៊ែរ។ ការ​ហោះ​ហើរ​ដំបូង​នេះ​ដឹក​អ្នក​ដំណើរ​និង​ប្រតិភូ​កម្ពុជា​ទៅ​បើក​ព្រឹត្តិការណ៍​«ឆ្នាំ​ទេសចរណ៍​កម្ពុជា-ឥណ្ឌា ​លើក​ទី១ ២០២៤» នៅ​ទីក្រុង​ញូវដេលី។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សរសេរ​ថា៖ «ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ! ការ​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា​និង​ឥណ្ឌា​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ ដោយ​លោក​ឧបនាយករដ្ឋ​មន្ត្រី នេត សាវឿន និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក​ស្រី Devyani Khobragade។ 

ព្រឹត្តិការណ៍​នេះ​ក៏​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​ឆ្នាំ​ទេសចរណ៍​ដំបូង​ផងដែរ ​រៀប​ចំ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​និង​ផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ»។

យោង​តាម​ក្រសួង​ទេសចរណ៍ ការ​ហោះ​ហើរ​ត្រង់​លើក​ដំបូង​នេះ​ក៏​មាន​ភ្ញៀវ​ពិសេស​ពី​កម្ពុជា​ដែរ គឺ​ប្រតិភូ​ពី​ក្រសួង​ទេសចរណ៍​ដែល​ដឹកនាំ​ក្រុម​សិល្បៈ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដើម្បី​​បើក​សម្ពោធ​កម្មវិធី «ឆ្នាំ​ទេសចរណ៍​កម្ពុជា-ឥណ្ឌា ​លើក​ទី១ ២០២៤» ក្នុង​ទីក្រុង​ញូវដេលី ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​មិថុនា​នេះ។

សារព័ត៌មាន​រដ្ឋ AKP បាន​រាយការណ៍​ថា ការហោះ​ហើរ​ត្រង់​នេះ​នឹង​ធ្វើ​ឡើង ៤ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដែល​រួម​មាន​ថ្ងៃ​ចន្ទ ពុធ សុក្រ និង អាទិត្យ។​

លោក នេត សាវឿន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​ AKP ដោយ​លោក​សង្ឃឹម​ថា ការ​ហោះ​ហើរ​ត្រង់​នេះ​នឹង​ទទួលបាន​ជោគជ័យ​ដោយ​ហេតុថា កម្ពុជា​និង​ឥណ្ឌា​មាន​មរតក​សាសនា​ដូចគ្នា មាន​តម្រូវ​ការ​ផ្នែក​សុខភាព ហើយ​ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា​ផងដែរ។ លោក​ថា ការ​ហោះ​ហើរ​ត្រង់​នេះ​និង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។

ស្របពេល​ជាមួយ​នឹង​​​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជើង​ហោះ​ហើរ​ត្រង់​ទៅ​ឥណ្ឌា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ (Lao Airlines) ​បាន​សម្រេច​បញ្ឈប់​ការ​ហោះ​ហើរ​ត្រង់​រវាង​ឡាវ​និង​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៦ ​ខែមិថុនា​តទៅ​ ដោយសារ​តែ​មាន​ចំនួន​អ្នក​ធ្វើ​ដំណើរ​តិច​តួច។ ការ​សម្រេច​បញ្ឈប់​ការ​ហោះ​ហើរ​ត្រង់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ដំណើរ​ការ​មិន​ដល់​៣​ខែ​ផង។

លោក ស៊ិន ចាន់សេរីវុត្ថា  អ្នកនាំពាក្យ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា យោងតាម​ការ​ជូនដំណឹង​ពីក្រុមហ៊ុន ការផ្អាក​ការហោះ​ហើរ​ត្រង់​នេះ​ធ្វើ​ឡើង​ជា​បណ្ដោះ​អាសន្ន​ស្រប​ពេល​ជាមួយ​នឹង​ខែ​ខ្សត់​ភ្ញៀវ កត្តា​ទីផ្សារ និង​កត្តា​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​ចំណូល​ដែល​ទទួល​បាន​ពី​ប្រតិបត្តិការ​នេះ​មិន​ស្រប​ទៅ​នឹង​ការ​ចំណាយ​របស់​ក្រុមហ៊ុន។

លោក​ថ្លែង​ថា៖ «គាត់​បាន​ពិនិត្យ​ទៅ​លើ​ស្ថានភាព​អាជីវកម្ម និង​ហិរញ្ញវត្ថុ​ឡើង​វិញ ហើយ​ឃើញ​ថា ការ​ហោះ​ហើរ​នេះ​មិន​ទាន់​បាន​បំពេញ​កាព្វកិច្ច​ទីផ្សារ​រ​បស់​គាត់​ដូច​ការ​រំពឹង​ទុក ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ដំណើរ។ ដូច្នេះ​គាត់​សម្រេច​ផ្អាក​បណ្ដោះ​អាស្ន​រហូត​ដល់​កត្តា​ទីផ្សារ កត្តា​ពាណិជ្ជកម្ម និង​កត្តា​សេដ្ឋកិច្ច​ប្រសើរ​ឡើង​វិញ»។

អ្នកដំណើរ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​កាល​ពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​នេះ​ជា​ប្រភេទ​យន្ត​ហោះ​ខ្នាត​តូច​ដែល​មាន​ចំណុះ​ប្រមាណ​តិច​ជាង​១០០​នាក់។ ប៉ុន្តែ ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ មាន​អ្នក​ដំណើរ​ប្រហែល​១០​នាក់​ប៉ុណ្ណោះ៕