ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) បាន​ប្រកាស​រួមគ្នា​អំពី​ការ​ចាប់ផ្តើម​គម្រោង​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ (FTC)។

ការ​ប្រកាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា ក្នុង​ពិធី​មួយ​នៅ Istana ប្រទេស​សិង្ហបុរី ដោយ​មាន​ការ​ចូលរួម​ពី​លោក ឡូរ៉េន វ៉ុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី និង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​កម្ពុជា ដែល​ជា​ផ្នែកមួយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស សិង្ហបុរី ចាប់​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម បាន​បង្ហាញ​ថា៖ «FTC មាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម និង​សេវាកម្ម​ហិរញ្ញ​វត្ថុ​ឆ្លង​កាត់​ព្រំដែន​រវាង​សហគ្រាស​ធុនតូច និង​មធ្យម (SMEs) ក្នុង​ប្រទេស​​សិង្ហបុរី និង​កម្ពុជា តាម​រយៈ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​កាន់តែ​ងាយស្រួល​ និង​ឆាប់​រហ័ស​»។

ថ្នាល​ FTC ជួយ​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ចូលរួម ធ្វើឱ្យ​ការ​វាយ​តម្លៃ​ហានិភ័យ​ឥណទាន​មាន​ភាព​ត្រឹមត្រូវ​ជាង​មុន និង​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ពាណិជ្ជកម្ម​សហគ្រាស​ធុនតូច និង​មធ្យម (SMEs)។ FTC ត្រូវ​បាន​បង្កើត​និង​គ្រប់គ្រង​ដោយ Proxtera Pte Ltd។

លោក ជៀ ដឺ ចាយ​អិន នាយក​គ្រប់គ្រង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ​បាន​ថ្លែង​ថា៖ «​ការ​ចាប់​ផ្តើម​គម្រោង FTC រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​សិង្ហ​បុរី នឹង​គាំទ្រ​ដល់​លទ្ធភាព​នៃ​ការ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​កាន់​តែ​ប្រសើរ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈការ​ផ្លាស់ប្តូរ ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល FTC»​។ 

លោក​បន្ដថា​៖ «ការណ៍​នេះ​នឹង​ផ្តល់​កាលានុវត្តភាព​ដល់​សហគ្រាស​ធុនតូច និង​មធ្យម និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល ចូល​រួម​ក្នុង​គម្រោង»។

គំនិត​ផ្តួចផ្តើម​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ (FTC) បាន​ស្វាគមន៍​ការចូលរួម​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​លេចធ្លោ​ក្នុងប្រទេស​កម្ពុជា និង​សិង្ហបុរី។

ពី​ប្រទេស​កម្ពុជា ស្ថាប័ន​ដែល​បាន​ចូលរួម មាន​ដូចជា​ ធនាគារ​អេស៊ីលីដា ធនាគារ​ហ្វីលីព ធនាគារ​ស្ថាបនា ធនាគារ​វីង ធនាគារ​​វឌ្ឍនៈ​អាស៊ី​ចំកាត់​។​

ប្រទេស​សិង្ហ​បុរី​ត្រូវបាន​តំណាង​ដោយ​ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និង​គ្រឹះស្ថាន Sing Investment & Finance Limited។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ថា៖ «​គម្រោង FTC ជា​ចក្ខុវិស័យ​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ដើម្បី​គាំទ្រ​លំហូរ​ព័ត៌មាន​សម្រាប់​អាជីវកម្ម ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម តាម​រយៈ​ពង្រឹង​គុណភាព ទិន្នន័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​តម្លាភាព​និង​ទំនុកចិត្ត​សម្រាប់​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​រវាង​ប្រទេស​កម្ពុជា និង​សិង្ហបុរី ដែល​នឹង​ផ្តល់​លទ្ធភាព​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​ប្រសើរ»។ 

លោកស្រី​បាន​បន្ថែម​ថា៖ «ការ​ដាក់​ឱ្យ​ដំណើរការ​គម្រោង FTC បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​កណ្តាល​ទាំង​ពីរ​ក្នុង​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ ព្រម​ទាំង​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព»។ 

កិច្ច​សហការ​នេះ​មាន​គោលបំណង​លើក​កម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម និង​ផ្តល់​ឱ្យ​សហគ្រាស​ធុនតូច និងមធ្យម​នូវ​ការ​ចូល​ទៅ​កាន់​បណ្តាញ​ពាណិជ្ជកម្ម​ឌីជីថល​កាន់តែ​ទូលំទូលាយ ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេស​ទាំងពីរ។

ប្រតិបត្តិការ​ដំបូង​ក្រោម​ក្រប​ខ័ណ្ឌ FTC កំពុង​ដំណើរការ​រួច​ហើយ។ ឧទាហរណ៍ ក្រុមហ៊ុន Sing Investments & Finance Limited កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​សិង្ហបុរី ដូចជា JR Group សម្រាប់​ការ​ទិញ​វត្ថុ​ធាតុដើម និង​ទំនិញ​ពី​សហគ្រាស​ធុនតូច និង មធ្យម​កម្ពុជា។
Liquid Group Pte Ltd កំពុង​សម្របសម្រួល​ការ​ត្រួត​ពិនិត្យ​ការ​ទូទាត់​ជា​រូបិយប័ណ្ណ​បរទេស​ទាក់ទង​នឹងពាណិជ្ជកម្ម​នេះ។ 

នៅ​កម្ពុជា ធនាគារ​ស្ថាបនា ភីអិលស៊ី កំពុង​ប្រើប្រាស់ FTC ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា រួម​ទាំង​ក្រុមហ៊ុន Comin Khmer Company Ltd ​ជា​ក្រុមហ៊ុន​នាំចូល​សម្ភារ​សំណង់​ពី​សហគ្រាស​ធុនតូច និង​មធ្យម​សិង្ហបុរី​នានា។

លោក តែ តាំងប៉ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (Fasmec) មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនានេះ​។

ដំណាក់​កាល​អនាគត​នៃ​គំនិត​ផ្តួចផ្តើម FTC នឹង​ពង្រីក​ខ្លួន​ជាមួយ​​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​ជាច្រើន​ទៀត ដោយ​មាន​ផែនការ​ស្វែង​រក​ហិរញ្ញវត្ថុ​បៃតង និង​ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម។

ការ​ពង្រីក​នេះ​មាន​គោលបំណង​ពង្រឹង​បន្ថែម​ទៀត​នូវ​សមត្ថភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ គំនិត​ផ្តួចផ្តើម FTC គឺ​ផ្អែក​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដែល​បាន​ចុះ​ហត្ថលេខា​រវាង MAS និង NBC ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣។

លោក សុខ ចាន់ នាយក​ផ្នែក​បរិយាបន្ន​ហិរញ្ញ​វត្ថុ និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នក​នាំពាក្យ​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ សមាគម​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សិង្ហ​បុរី ក្នុង​ការជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ 

លោក ចាន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ថ្នាល​ច្រក​របៀង​តម្លាភាព​ហិរញ្ញវត្ថុ​នេះ ជួយ​ឱ្យ​មាន​ការ​ត​ភ្ជាប់​រវាង SMEs នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ប្រព័ន្ធ​ធនាគារ។ ក្នុង​ន័យ​នេះ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ចូលរួម នឹង​ចូលរួម​សម្រប​សម្រួល​ដល់​ការ​ទូទាត់ ផ្តល់​ឥណទាន​ចេញ​លិខិត​ធានា (Letter of Credit) ពី​ធនាគារ ការ​ប្រតិបត្តិ​ការ​នានា ទាក់ទង​និង​ការដោះដូរ​ទំនិញ​ក្នុង​ផ្លេតហ្វម​របស់ SMEs»៕