ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង (Zhejiang) ដែលស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងបានប្ដេជ្ញាចិត្តក្នុងការទាក់ទាញក្រុមហ៊ុនវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងតំបន់នេះឱ្យបានចំនួន១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤ នេះ ខណៈបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចនេះមានក្រុមហ៊ុនមកបណ្ដាក់ទុនវិនិយោគចំនួន២៨ក្រុមហ៊ុន។
លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត (Koh Kong Zhejiang SEZ) បានថ្លែងថា៖ «តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បច្ចុប្បន្ន មានការបណ្ដាក់ទុនវិនិយោគចំនួន២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្ដាក់ទុនក្នុងតំបន់នេះឱ្យបាន១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤ នេះ»។
លោកថ្លែងដូច្នេះក្នុងកិច្ចប្រជុំនាថ្ងៃទី២១ ខែមិថុនា រវាងមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃCDC ជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន។
ក្រុមហ៊ុនទាំង១១នេះមានអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។
លោក ជូ ចាងជីន ថ្លែងថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្ដើមសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេសនៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។
លោកបន្ថែមថា ការអភិវឌ្ឍន៍ឧស្សាហកម្មទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធដឹកជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹងជួយធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
លោក ជា វុទ្ធីបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំង១១នេះ សម្រេចចិត្តវិនិយោគនៅកម្ពុជាដើម្បីច្បាមយកផលចំណេញរួមគ្នា ដោយលោកបញ្ជាក់ថា នៅ CDC មានតុចិន (China Desk) សម្រាប់រង់ចាំផ្ដល់ការប្រឹក្សា និងកិច្ចសម្រួលនានាជូនវិនិយោគិនចិនផងដែរ។ លោកកត់សម្គាល់ពីកំណើនវិនិយោគចិននៅកម្ពុជា។
លោកបន្ថែមថា លោកជូ ចាងជីន បានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា ទី១តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី (Cambodian Zhejiang Guoji SEZ) ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបានគោលការណ៍អនុញ្ញាតប្រតិបត្តិការនៅឆ្នាំ២០១៨ និងទី២តំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពី CDC កាលពីខែឧសភា ឆ្នាំ២០២៤។
លោក ជូ ចាងជីន ថ្លែងថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់៕