ភ្នំពេញ៖ លោក ផា លីណា បាន​ចំណាយ​ប្រាក់​ជាង ១ម៉ឺន​ដុល្លារ​ទិញ​រថយន្ដ​ប្រភេទ​ ១២​កៅអី​សម្រាប់​ដឹក​ភ្ញៀវ​អតិថិជន​ដែល​មាន​បំណង​ជួល​រថយន្ដ​ជិះ​ទៅ​កាន់​បណ្ដា​ខេត្ដ ក៏ដូចជា​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស។

នៅ​រដូវ​សម្បូរ​ភ្ញៀវ​បំផុត ឬ​ថ្ងៃ​បុណ្យ​ទាន​ធំៗ រថយន្ដ​ស៊េរី​ឆ្នាំ​២០០២​របស់​លោក​តែងតែ​វិល​កង់​ជាប់​ជា​ប្រចាំ ជួនកាល​មួយ​សប្ដាហ៍​ លោក​អាច​ដឹក​ពី ២ ទៅ ៣ ជើង​ ខណៈ​រដូវ​ភ្លៀង​នេះ លោក​ទទួល​ការ​កក់​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ទោះបីជា​ខ្ញុំ​មិន​អាច​មានបាន​ពី​ការ​រត់​ឡាន​នេះ​បាន​យ៉ាង​ណា​ក៏ដោយ ក៏​ឡាន​ចាស់​មួយ​នេះ​អាច​ជួយ​លើក​កម្ពស់​ជីវភាព​ខ្ញុំ​មួយ​កម្រិត​ដែរ»។

នេះ​ជាមូល​ហេតុ​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​មិន​បាន​ឯកភាព​ទៅនឹង​សំណើ​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុងការ​ដាក់​កំណត់​ការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​នៅ​កម្ពុជា។ 

លោក ហ៊ុន ម៉ាណែត បាន​បន្ដ​ចែក​រំលែក​សារ​របស់លោក​ក្នុង​ការ​អនុញ្ញាត​បន្ដ​ឱ្យ​នាំ​ចូល​រថយន្ដ​ស៊េរី​ចាស់​ ដោយសារ​ភាព​ចាំបាច់​ចំពោះ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ។ 

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា​៖ «​ការ​គិតគូរ​អំពី​ស្តង់ដា​បច្ចេកទេស​សុវត្ថិ​ភាព និង​ស្តង់ដា​បរិស្ថាន សម្រាប់​រថយន្ត​ជា​កិច្ចការ​សំខាន់​ដែល​ត្រូវ​យកចិត្ត​ទុកដាក់។ ប៉ុន្តែ​យើង​មិន​ទាន់​មាន​ការ​ចាំបាច់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​កំណត់​ឆ្នាំ​ផលិត​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​នាំចូល​រថយន្ត​នោះ​ទេ ដើម្បី​ទុក​លទ្ធភាព ​និង​ភាព​បត់បែន​ជូន​ប្រជាពលរដ្ឋ អាច​ទិញ​រថយន្ត​នាំចូល​ដោយ​តម្លៃ​សមរម្យ ​និង​សម្បូរបែប»។

លោក​បាន​បន្ថែម​ថា៖ «អ្វីដែល​ត្រូវ​យកចិត្ត​ទុកដាក់ គឺ​ត្រូវ​ពង្រឹង​យន្តការ​អនុវត្ត​ដែល​មាន​ស្រាប់​ក្នុង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឲ្យ​បាន​ម៉ត់ចត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព»។

គិត​ត្រឹ​មឆ្នាំ២០២៣ កម្ពុជាមា​ន​យានយន្ដ​ដែល​បាន​ចុះ​បញ្ជី​រួច ដូចជា ​ទោចក្រ​យានយន្ត​ប្រមាណ ៦លានគ្រឿង និង​រថយន្ត​ប្រមាណ ១​លាន​គ្រឿង។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​កាល​លោក​ជា​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក UENO Atsushi ឯកអគ្គ​រាជទូត​ជប៉ុន ប្រចាំ​កម្ពុជា នាថ្ងៃ១៤ មិថុនា ឆ្នាំ​២០២៣។

គួរ​បញ្ជាក់ថា ​មជ្ឍមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​ជំនិះ (ឈៀក) មាន​ចំនួន​ ២១ ទីតាំង ដែល​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៨ ទីតាំង និង​តាម​បណ្តា​ខេត្ត​ចំនួន ១៣ ទីតាំង រួម​ទាំង​ការ (ឈៀក) ជាច្រើន​ទៀត។

យោង​តាម​វេបសាយ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា​ ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​គឺ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​ការ​ដាស់​តឿន​ឱ្យ​ជួស​ជុល​រថយន្ត និង​ណែនាំ​ឱ្យ​ចេះ​ថែទាំ​យានយន្ត​ រួម​ចំណែក​ថែទាំ​ផ្លូវ​ថ្នល់​ដោយ​ការ​កំណត់​ទម្ងន់​ផ្ទុក និង​បច្ចេកទេស​ផ្ទុក​តាមដាន​ពី​ចំនួន​រថយន្ត​ដែល​កំពុង​ប្រើប្រាស់​ ទប់ស្កាត់​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ ចូលរួម​ថែ​រក្សា​បរិស្ថាន តាម​រយៈការ​កម្រិត​សារធាតុ​ពុល​ក្នុង​ផ្សែង​យានយន្ត។

លោក គី សេរីវឌ្ឍ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច និងជា​អ្នក​ស្រាវជ្រាវ​នៅ​រាជ្យបណ្ឌិត​សភា​កម្ពុជា បាន​ឱ្យ​ដឹងថា លោក​​យល់​ថា កម្ពុជា​មិន​គួរ​រឹត​បន្ដឹងការ​នាំចូល​​ខ្លាំង​លើ​រថយន្ដ​ចាស់​ក្រោម​​ ១០​ឆ្នាំ​នោះ​ទេ​ ដោយសារ​ជីវភាព​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​ចំពោះ​ការ​ទិញ​រថយន្ដ​ថ្មី។

លោក​បាន​ថ្លែង​ថា៖ «ទោះ​បី​ជា​វា​ចាស់​បន្ដិច​មែន វា​ក៏​អាច​ជួយ​ជា​មធ្យោបាយ​មួយ​ចំនួន​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ ហើយ​បើ​សិន​ជា​យើង​ពឹង​លើ​រថយន្ដ​ថ្មី និង EV តែម្ដង​ វា​នៅតែ​មាន​តម្លៃ​ថ្លៃ​។ ដូច្នេះ ប្រជាពលរដ្ឋ​នៅតាម​ខេត្ដ​មួយ​ចំនួន​មិន​អាច​មាន​រថយន្ដ​ប្រើ​ប្រាស់​នោះទេ»។ 

លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងបច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១ នៃ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា បាន​និយាយ​កាល​ពី​ខែ​មីនា ឆ្នាំ​ ២០២៣ ថា យាន​ជំនិះ​ទូទៅ​​នៅតែ​ជាប់​កាតព្វកិច្ច​នាំចូល​រហូត​ដល់ ១២០ ភាគរយ​​។​

នេះ​ជា​ហេតុផល​មួយ​ដែលធ្វើ​ឱ្យ​ការ​លក់​រថយន្ដ​ជជុះ​អាយុ​លើសពី​ ១០​ឆ្នាំ​មាន​ការ​ថយ​ចុះ​ជា​ខ្លាំង ដោយសារ​កត្ដា​ពន្ធ​នាំចូល​ដែល​មាន​តម្លៃ​ខ្ពស់​។ 

លោក សេង ណាក់ ជា​ឈ្មួញ​លក់​រថយន្ដ​ជជុះ​ម្នាក់ បាន​ឱ្យ​ដឹង​ថា រថយន្ដ​មួយ​ទឹក​មិន​មាន​កំណើន​កើន​ឡើង​នោះទេ ហើយ​រថយន្ដ​ចាស់​ៗ​ដែល​នាំ​ចូលមក ការ​គិត​ថ្លៃ​ពន្ធ​ស្មើ​នឹង​រថយន្ដ​ឆ្នាំ​២០១២​។ 

លោក ណាក់ ដែល​សុខ​ចិត្ដ​លា​ឈប់​ពីការងារ​ប្រាក់​ខែ​រាប់​ពាន់​ទៅ​គួកជេ​ឡាន​ដោយសារ​មើល​ឃើញ​ពី​សន្ទុះ​កើនឡើង​នៃការ​ប្រើ​ប្រាស់​រថយន្ដ​ជជុះ​កាល​មុន​កូវីដ ១៩ រាត​ត្បាត បាន​និយាយ​ថា ដូច្នេះ ភាគច្រើន​អ្នក​លក់​យក​ម៉ូដែល Pruis 2010 ឡើង​ ខណៈ​ម៉ូដែល​ Pruis ឆ្នាំ​ផលិត​ក្រោម​នេះ ក៏ដូចជា Highlander ឬ Lexus 330 ដែល​ត្រូវបាន​នាំ​ចូល​ ដោយសារ​ពន្ធ​ថ្លៃ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ការ​ចរាចរណ៍​រថយន្ដ​មួយ​ទឹក​ដែល​មាន​ស្លាក​លេខ​ស្រាប់​ក្នុង​ប្រទេស​បច្ចុប្បន្ន​មិន​សូវ​ជា​ល្អ​នោះ​ទេ ដោយសារ​វា​ខាត​ច្រើន​ ជិត​ពាក់​កណ្ដាល​ឯនោះ។ ប៉ុន្ដែ​អ្នកមាន​បំណង​ចង់​ទិញ​ជិះ ក៏​បាន​ធូរ​ថ្លៃ​ដែរ»។ 

សុវត្ថិភាព​ជាចម្បង​

ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ លោក លីណា បាន​គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ក្នុងការ​បន្ដ​អនុញ្ញាត​ឱ្យ​មាន​ការ​ចាំ​ចូល​រថយន្ដ​អាយុ​កាល​លើសពី ១០ ឆ្នាំ​ ដោយសារ​ប្រជាជន​មិន​ទាន់​មាន​ជីវភាព​ធូរ​ធារ​នៅ​ឡើយ​ទេ។ 

លោកបាន​និយាយថា ការ​ប្រើ​ប្រាស់​រថយន្ដ​ថ្មី និង​មួយ​ទឹក​ផ្ដល់​អត្ថប្រយោជន៍​ដូចគ្នា ដូច​ជាការ​បង់​ពន្ធ​ ហើយ​ប្រជាជន​អាច​មាន​លទ្ធភាព​ទិញ​រថយន្ដ​មួយ​ទឹក​។ លោក​ឯកភាពថា ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ដ​គឺជា​រឿង​ចាំបាច់​បំផុត​។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ បាន​និយាយថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានជំនិះ (ឈៀក) ត្រូវបាន​ធ្វើ​ឡើង​គ្រប់​យានយន្ដ​ទាំង​អស់​ដោយ​មិន​កំណត់​ឆ្នាំ​ផលិតថ្មី ឬ​ចាស់​​នោះទេ។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «ចំពោះ​ឡានតូច​​ថ្មី ខ្លាញ់​គោ​ សុពលភាព​របស់​វា​មាន​រយៈ​ពេល ៤​ឆ្នាំ​ ហើយ​ឡាន​មួយ​ទឹក​ដែល​មិន​ទាន់​ប្រើ​ប្រាស់​នៅកម្ពុជា ឬ​ឡាន​ក្រដាស​ពន្ធ សុពលភាព​ឈៀក​មាន​រយៈ​ពេល ២ឆ្នាំ និង​រថយន្ដ​ធុន​ធំ​មាន​សុពលភាព ១​ឆ្នាំ​»។ 

លោក វន្ថា ទទួល​ស្គាល់​ថា នៅ​មាន​រថយន្ដ​ចាស់​ៗ​មួយ​ចំនួន​មិន​បាន​យក​មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានជំនិះ (ឈៀក) ជាពិសេស រថយន្ដ​ដឹក​ទឹកកក​មួយ​ចំនួន និង​រថយន្ដ​ដឹក​អីវ៉ាន់​ខ្លះ​។ ប៉ុន្ដែ​ការ​គេចវែស​ពី​ឈៀក​នេះ គឺជា​ដែន​សមត្ថកិច្ច​របស់​មន្ដ្រី​នរគបាល​ ដែល​ពួកគេ​ធ្វើការ​ណែនាំ ឬ​ពិន័យ​ទៅតាម​ច្បាប់​។ 

យ៉ាងណាមិញ លោក​ លីណា បាន​ឱ្យដឹងថា​៖ «កត្ដា​បង្ក​គ្រោះថ្នាក់​ខ្ពស់​បំផុត​មិន​មែន​ដោយសារ​ឡាន​ទេ តែ​ជា​អត្ដចរឹក​របស់​អ្នកបើក​បរ ដែល​បើក​លឿន​ហូស​កំណត់ ស្រវឹង​ ហើយ​បច្ចេកទេស​យានយន្ដ​ចូលរួម​បង្ក​ផល​ប៉ះពាល់​តិច​តួច​នោះទេ»។ 

លោក ​សំ វិច្ឆិកា ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​​ភ្នំពេញ កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ដបន្ទាប់ ប្រជាពលរដ្ឋ​មួយចំនួន ជា​អ្នក​បង្ក ភាគច្រើន​ចេញពី​កម្មវិធី​ទទួល​​ទាន​គ្រឿង​ស្រវឹង ដែលមាន​ហា​​និ​ភ័យ​។ សំខាន់បំផុត​ប្រជា​ពល​​រដ្ឋ​ត្រូវ​ដឹកនាំ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ត្រូវមាន​ទោសទណ្ឌ​ចំពោះ​ច្បាប់​ច​រា​ចរណ៍​ផ្លូវគោក​។

លោកស្រី មឹន មាណវី រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យដឹងថា មូល​ហេតុ​ដែលបណ្ដាលឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍​ គឺការបើកបរដោយលើសល្បឿនកំណត់ មិន​គោរព​សិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់មិនត្រឹមត្រូវ បើកបរក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត និង​ងងុយ។

កម្ពុជា​ក្នុង​ទំនោរសកល​ចំពោះ​​រថយន្ដ​អគ្គិសនី​

ក្នុងការ​ផ្លាស់ប្តូរ​ដើម្បី​ធ្វើ​ទំនើបកម្ម​ចំពោះ​វិស័យ​​ដឹកជញ្ជូន​របស់​កម្ពុជា និង​លើកកម្ពស់​និរន្តរភាព រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​បន្ថយពន្ធ​នាំចូល​រថយន្ត​អគ្គិសនី (EVs) យ៉ាងច្រើន​ប្រមាណ ៥០ភាគរយ​ គិត​ត្រឹម​ដើមឆ្នាំ ២០២៣​។​

គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ការប្រើ​ប្រាស់​​រថយន្ត EV ជាង​​រថយន្ត​ប្រើសាំង និង​ប្រេង​ម៉ាស៊ូត​ ដែល​នៅតែ​ជា​កម្មវត្ថុ​នៃ​ការ​ជាប់​ពន្ធ​នាំចូល​រហូតដល់ ១២០​ភាគរយ​នៃ​តម្លៃ​រថយន្ត​។​

​ការកាត់បន្ថយ​ពន្ធ​នាំចូល​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ដើម្បី​កាត់បន្ថយ​ការបំពុល និង​លើកកម្ពស់​ការអនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ទូទាំងប្រទេស​។​

នៅក្នុង​ខែមករា ឆ្នាំ ២០២៣​ រថយន្ត EV ចំនួន ១៣២​ ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ៧៩៤ គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ៤០៨ គ្រឿង ត្រីចក្រយានយន្ត​ចំនួន ៣៥៥ គ្រឿង និង​ម៉ូតូ​ចំនួន ៣១ គ្រឿង​។​
​នេះ​កើនឡើង​ពី ៦៦២ គ្រឿង​ នៅ​ចុងឆ្នាំ ២០២២ និង​ ៦៣ គ្រឿង​ ដែល​បាន​ចុះបញ្ជី​នៅ​ចុងឆ្នាំ ២០២១​ ដែល​បង្ហាញ​ពី​ការកើនឡើង​ជិត ៩៥​ភាគរយ​ នេះ​បើ​យោងតាម​ក្រសួង​។​

លោក ​សេរីវឌ្ឍ បាន​បន្ដ​ថា លោក​គាំទ្រ​លើ​ការ​ទម្លាក់​ពន្ធ​លើ​ប្រភេទ​រថយន្ដ​ថ្មី និង​រថយន្ដ​អគ្គិសនី (EV) ជាពិសេស រថយន្ដ (EV) ដោយ​លោក​មើល​ឃើញថា ថ្វីដ្បិតតែ​រាជរដ្ឋាភិបាល​បន្ថយ​ពន្ធ​ច្រើន​យ៉ាង​ណាក៏ដោយ ក៏​ម្ចាស់​ក្រុមហ៊ុន​នៅតែ​លក់​ថ្លៃ​ ពីព្រោះ​វា​ចំណេញ​ច្រើន​។ 

លោក​និយាយថា ការ​ប្រើ​ប្រាស់​រថយន្ដ (EV) នៅ​មាន​កម្រិត​ ទាំង​នៅ​មានតម្លៃ​ថ្លៃ និង​ពិបាក​រក​ទីតាំង​សាក​អាគុយ​របស់​វា ដែល​ទាមទារ​ពេល​វេលា​យូរ។ 

យ៉ាងណាមិញ លោក​ សេរីវឌ្ឍ លើកឡើង​​ថា រាជរដ្ឋាភិបាល​ត្រូវតែ​រឹតបន្ដឹង​លើ​ការ​ប្រើ​ប្រាស់​រថយន្ដ​ចាស់​ រួម​មាន​បច្ចេកទេស (ឈៀក) ការ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង (Spot Check) លើ​រថយន្ដ​ខ្លះ ដូចជា ឡាន​ដឹក​ទឹកកក និង​ទំទិញ​មួយ​ចំនួន ដែល​ខុស​បច្ចេកទេស​ទាំង​ស្រុង​ ដោយ​កែ​សម្រួល​ទៅតាម​បច្ចេកទេស​វិញ​ ទើប​ជា​រឿង​ត្រឹមត្រូវ។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ការ​កែខុស​បច្ចេកទេស​​ ការ​កាត់​ត​រថយន្ដ​ មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​។ នោះទើប​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​អនុវត្ដ​ក្នុង​ដំណាក់​កាល​នេះ​»។ 

ការ​គិតគូរ​អំពី​ចីរភាព​បរិស្ថាន​

ជា​ផ្នែក​មួយ​នៃ​ការ​គិត​គូរ​ដល់​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញុវត្ថុ​ មាន​ផែនការ​ហាម​នាំ​ចូល​រថយន្ដ​​ដែលមាន​​ឆ្នាំ​ផលិត​លើស ១០​ឆ្នាំ មុនពេល​ត្រូវបាន​ច្រាន​ចោល​ដោយ​លោក​នាយក​រដ្ឋ​មន្ដ្រី​។ 

កម្ពុជា​កំ​ពុង​ជំរុញ​យុទ្ធសាស្ត្រគិត​គូរ​ពី​​និរន្តរភាព តាមរយៈ​ការលើកកម្ពស់​យានជំនិះ​អគ្គិសនី (EVs) ​ជាមួយ​​គំនិត​ផ្តួចផ្តើម​ ដូចជា ​ការកាត់បន្ថយ​ពន្ធ​នាំចូល​លើ​រថយន្ត EV និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ EV​។​

យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​សម្រាប់​អព្យាក្រឹតភាព​កាបូន មាន​គោលបំណង​ផ្តល់​ទី​តាំង​សាក​ថាមពល​​​រថយន្ដ​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ២០៥០​ ដោយមាន​គោលដៅ​សម្រាប់ ៤០ភាគរយ​នៃ​រថយន្តគ្រួសារ​ និង​រថយន្តក្រុង​ក្នុង​ទីក្រុង និង ៧០ភាគរយ​នៃ​ម៉ូតូ។ នេះ​បើ​យោងតាម​ធនាគារពិភពលោក​។​

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ រួមទាំង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅក្នុង​រោងចក្រ​ដំឡើងរថយន្ត EV និង​ការបង្កើត​ស្ថានីយ៍​សាក​ថ្ម គឺជា​ផ្នែក​នៃ​គោលដៅ​​របស់​កម្ពុជា​ក្នុងការ​ផ្លាស់ប្តូរ​ទៅកាន់​សេដ្ឋកិច្ច​អព្យាក្រឹត​​កាបូន​។​

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ឱ្យដឹងថា​ ​ជា​លក្ខណៈ​បច្ចេកទេស វិស័យ​ដឹកជញ្ជូន គឺជា​ប្រភព​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ មួយ​យ៉ាងសំខាន់​ក្នុងចំណោម​ប្រភព នៃ​ការបញ្ចេញ​ជាច្រើន​ទៀត ដូចជា​វិស័យ​កសិកម្ម ការផលិត​ថាមពល ការប្រើប្រាស់​ដី និង​ព្រៃឈើ ការគ្រប់គ្រង​សំណល់ សំរាម ប្លា​ស្ទិ​ក​បោះចោល​ពាសវាល​ពាសកាល និង​ដំណើការ​ផលិតកម្ម​ឧស្សាហកម្ម​។

យ៉ាង​ណាមិញ លោក​បាន​លើក​ឡើង​ថា ដោយសារ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ការរីកចម្រើន ចំនួន​យានយន្ត​ដែល​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​ក៏មាន​ការកើនឡើង​ដែរ​។ ប្រជាពលរដ្ឋ​ត្រូវ​បាន​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​យានយន្ត​អគ្គីសនី ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចជាង​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «រាជរដ្ឋាភិបាល​បានកំណត់​អាទិភាព នៃ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​គ្រប់​ប្រភាព​នៃ​ការបញ្ចេញ​ទាំងអស់ រួមទាំង​វិស័យ​ដឹកជញ្ជូន នៅក្នុង​ផែនការ​រួមចំណែក​ជាតិ (NDC) នៃ​ការអនុវត្ត​អនុសញ្ញា​ក្របខណ្ឌ សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​វែង សម្រាប់​អ​ព្យា​ក្រិត​ការ​បូ​ន»។

លោក​បាន​បន្ដ​ថា ​រាជរដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​ផែនការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ​ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន ស្ពាន់​អាកាស​ក្នុង​ទីក្រុង ដើម្បី​បញ្ជៀ​ស​ការកកស្ទះចរាចរណ៍ ជំរុញ​ការប្រើប្រាស់​រថយន្តក្រុង និង​យានយន្ត​យន្ត​អគ្គីសនី​។​

លោក អាទិត្យា បាន​ថ្លែង​ថា៖ «​ប្រជាពលរដ្ឋ​គួរតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​គោលនយោ​បាយ ដូចជា​ប្រើប្រាស់​វិធិ​សាស្ត្រ​ងាយៗ​តាមរយៈ​ការប្រើប្រាស់​សេវា​រដ្ឋ​យន្ត​ក្រុង ការធ្វើដំណើរ​រួមគ្នា ជាដើម»​។

ចូលរួម​ក្នុងការ​អនុវត្ត​ភាព ស្អាត បៃតង និង​ចីរភាព មុំ​យុទ្ធសាស្ត្រ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក្នុងនោះ​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក តាមរយៈ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ចូលរួម​គ្រប់​មូ​ឡ​ដ្ឋា​ន សំអាត​អនាម័យ ប្រមូល​ទុកដាក់​សំរាម តាមរយៈ​យុទ្ធនាការ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើបាន​» និង​ចូលរួម​យុទ្ធនាការ​«​ពន្លក​បៃតង​» ពង្រឹង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដាំ​ដើ​ឈើ​ឱ្យបាន​ច្រើន យ៉ាងតិច​១ ​ដើម​ក្នុង​១​ឆ្នាំ ដើម្បី​បង្កើន​គម្រប​បៃតង​៦០ភាគរយ​ និង​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន នៅ​ឆ្នាំ ​២០៥០​។ 

លោក​បាន​បញ្ជាក់ថា លើសពីនេះ ការ​​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន តាមរយៈ​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ការពារ​ធម្មជាតិ ឈប់​ដាក់​សម្ពាធ​លើ​ព្រៃឈើ៕​