ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែមិថុនា កម្ពុជានឹងប្រារព្ធទិវាជាតិនៃសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ជាលើកដំបូងរបស់ខ្លួន ជាវិស័យមួយដែលទទួលបានទាំងឱកាស និងបញ្ហាប្រឈម។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៥ ខែមិថុនា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ (Better MSMEs Ecosystem for Better Growth)»។
សារលិខិតរបស់លោកបានឱ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។
លោកនាយករដ្ឋមន្ដ្រី បានឱ្យដឹងក្នុងសារលិខិតនោះថា៖ «វិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់នូវអត្ថ ប្រយោជន៍ជូនប្រជាជននិងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន»។
នាយករដ្ឋមន្ត្រីបានបន្តនៅក្នុងសាររបស់លោកថា បច្ចុប្បន្ននេះ MSMEs មានប្រមាណ ៩០ភាគរយ លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុប ផ្តល់ការងារពី ៦០ភាគរយ ទៅ៧០ភាគរយ និងរួមចំណែក ៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។
នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២ភាគរយ ទៅ ៩៩,៩ភាគរយ) និងរួមចំណែកក្នុងរង្វង់ ៤៤,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។
យោងតាមសារលិខិតបានបង្ហាញថា៖ «យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់»។
លទ្ធផលជំរឿនបានបង្ហាញថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ ៦៣ភាគរយ និងផ្តល់ការងារលើសពី ៧០ភាគរយ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
ទោះបីជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះក៏ដោយ MSMEs ប្រឈមនឹងឧបសគ្គដែលគំរាមកំហែងដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។
ទោះបីជាប្រឈមមុខនឹងបរិយាកាសប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏MSMEs បានបង្ហាញភាពធន់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសាររបស់លោកថា៖ «MSMEs កំពុងខិតខំអភិវឌ្ឍនិងវិវត្តន៍ខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា»។
លោក តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២៦ ខែមិថុនា។ ពេលទាក់ទង លោកប្រាប់យ៉ាងខ្លីថា លោករវល់នឹងការងារជាច្រើននៅក្នុងដៃ។
យោងតាមលោកនាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រនេះជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបង្កើនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងយន្តការស្ថាប័នដែលគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកបានបន្ដថា ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏កំពុង បន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែងាយស្រួល រហ័ស និងមាន ប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច និងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។
លោកនាយករដ្ឋមន្ដ្រី បានបន្ថែមនៅក្នុងសារលិខិតថា៖ «ស័យឯកជន មានតួនាទីកន្លឹះក្នុងការទ្រទ្រង់និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាលសូមជំរុញនិងលើកទឹកចិត្ត ឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព វិនិយោគលើការរាង្រឹងស្តង់ដារ និងគុណភាពនៃផលិតផល និងសេវាកម្មរបស់ខ្លួន បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិត និងផ្តល់នូវរបបសន្តិសុខសង្គម ក៏ដូចជាការចាប់យកបច្ចេកវិទ្យានិងទំនើបកម្មខ្សែច្រវាក់ ផលិតកម្ម សេវាកម្មរបស់ខ្លួន»។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះជាច្រើនរួមទាំងការអនុគ្រោះ ផ្នែកពន្ធដារ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ការបំពេញអនុលោមភាព។
លោកនាយករដ្ឋមន្ដ្រីបានឱ្យដឹថា៖ «គោលបំណងតែមួយគត់ គឺ ដើម្បីសហគ្រាសទាំងអស់មានលទ្ធភាពក្នុងការឈានទៅទទួលបាននូវការទទួលស្គាល់ មានទីផ្សារដែល មាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាននិងសេវាហិរញ្ញវត្ថុនានាសម្រាប់ការពង្រីកសក្តានុពល របស់ខ្លួន។ កម្មវិធីអភិវឌ្ឍជំនាញ ក៏ជាអាទិភាពគន្លឹះមួយផងដែរ»។
ទោះយ៉ាងណាក៏ដោយ សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនេះចៀសមិនផុតពីការជួបបញ្ហាប្រឈមសំខាន់ៗមួយចំនួន។
ជាអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ នាយកក្រុមហ៊ុនម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ភាគច្រើន ការអនុគ្រោះផ្សេងៗ ជាពិសេស ពន្ធជាដើម ត្រូវបានធ្វើឡើងនៅខេត្ដសៀមរាប ខណៈក្រុមហ៊ុននៅភ្នំពេញមិនទទួលបានការលើកលែងអ្វីនោះទេ ក្រៅពីប្រាក់ឧបត្ថម្ភដល់បុគ្គលិកអំឡុងពេលកូវីដ ១៩។
ដោយមិនបានលើកឡើងពីកត្ដាអនុគ្រោះ លោក អែល ជាន ជាអ្នកប្រកបអាជីវកម្មផលិតទឹកស៊ីអ៊ីវជិតមួយទសវត្សរ៍ មិនបានជួបការលំបាកក្នុងការប្រដេញបច្ចេកវិទ្យាប៉ុន្មានទេ ដោយសារការផលិតទឹកស៊ីអ៊ីវរបស់លោកត្រូវបានធ្វើឡើងតាមរូបមន្ដបុរាណ ជាមួយម៉ាស៊ីននាំចូលពីប្រទេសម៉ាឡេស៊ី។
លោក ជាន ជា ម្ចាស់សហគ្រាសទឹកស៊ីអ៊ីវ រូបស្ដ្រីកាន់សណ្ដែងសៀង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទោះបីជាវាមិនទំនើបខ្លាំង ម៉ាស៊ីនមកពីម៉ាឡេស៊ីនេះអាចជួយខ្ញុំផ្គត់ផ្គង់ទឹកស៊ីអ៊ីវដល់អតិថិជនក្នុងស្រុកតាមតម្រូវការដោយមួយខែ ខ្ញុំអាចផលិតបានច្រើនម៉ឺនដប»។
អ្នកស្រី ប៊ី ឧដ្ឋានវតី ជាអ្នកគ្រប់គ្រង និងសហស្ថាបនិកក្រុមហ៊ុន RTR Tours Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីនៅប្រើប្រាស់បុគ្គលិកចន្លោះ ៥០ ទៅ ៦០នាក់ក្នុងការទទួលការកក់កញ្ចប់ទេសចរណ៍របស់ភ្ញៀវទាំងក្នុង និងក្រៅប្រទេស ខណៈនិន្នការយុវវ័យបច្ចុប្បន្នចូលចិត្ដប្រើប្រាស់បច្ចេកវិទ្យាតាមអនឡាញ។
អ្នកស្រី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «អតិថិជនជាយុវវ័យចាប់ផ្ដើមបង្វែពីការកក់កញ្ចប់ទេសចរណ៍ដោយផ្ទាល់ទៅប្រើប្រាស់អនឡាញ។ ដូច្នេះ ការលក់របស់យើងភាគច្រើននៅសម្បូរតែភ្ញៀវវ័យចាស់ និងធ្វើការ ជាពិសេស ចំណេះដឹងបច្ចេកវិទ្យានៅមានកម្រិត»។
អ្នកស្រីបានបន្ដថា ដោយសារកត្ដាការវិវត្ដន៍នៃបច្ចេកវិទ្យា អ្នកស្រីព្យាយាមរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រតិបត្ដិការសេវាកម្ម រួមទាំង ធ្វើទីផ្សារឌីជីថលជាដើម។
យ៉ាងណាមិញ អ្នកស្រី ឧដ្ឋានវតី មើលឃើញថា ភ្ញៀវទេសចរក្នុងស្រុកដែលធ្វើដំណើរទៅលេងក្រៅប្រទេសមានការធ្លាក់ចុះជាងពេលវេលាទើបងើបពីវិបត្ដិកូវីដ ១៩ ដែលអាចមកពីកត្ដារដូវធ្លាក់ភ្លៀង និងសេដ្ឋកិច្ចគ្រួសារមិនអំណោយផល។
ជាមួយការត្រៀមដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោភ្នំពេញថ្មី និងអាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប រួមទាំងការតភ្ជាប់ជើងហោះហើរត្រង់ អ្នកស្រី រំពឹងថា ភ្ញៀវទេសចរបរទេសនឹងមកកាន់ប្រទេសកម្ពុជាច្រើនជាងមុន។
អ្នកស្រី ឧដ្ឋានវតី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌានឹងនាំយកទេសចរឥណ្ឌាច្រើនមកកាន់កម្ពុជា ដូចបានឃើញនៅបណ្ដាប្រទេសជិតខាង។ ទោះបីជាភ្ញៀវទេសចរចិនមិនច្រើនដូចមុន ខ្ញុំមើលឃើញថា ភ្ញៀវអឺរ៉ុបកំពុងតែមកវិញបណ្ដើរៗហើយ»៕