ភ្នំពេញ៖ ក្រុមហ៊ុន CBC​ បាន​ចាប់​ផ្តើម​ដោយ​ជោគជ័យ​នូវ​គំនិត​ផ្តួចផ្តើម​ចែករំលែក​របាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន​លើក​ដំបូង​រវាង​ប្រទេស​កម្ពុជា និង​សិង្ហបុរី ដើម្បី​ឆ្ពោះទៅ​រក​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ភាព​ងាយស្រួល។

គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​បន្ដ​បោះជំហាន​ទៅ​សហការ​ជាមួយ​ការិយាល័យ​ឥណទាន​អន្ដរជាតិ​ដទៃ​ទៀត​ដើម្បី​សម្រួល​ការ​ទទួល​បាន​ឥណទាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ 

ព្រឹត្តិការណ៍​នេះ ដែល​សម្រេច​បាន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ការិយាល័យ​ឥណទាន​សិង្ហបុរី (CBS) គឺជា​ជំហាន​​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​លទ្ធភាព​ទទួល​បាន​ឥណទាន​នៅ​ក្នុង​ទីផ្សារ​ថ្មីៗ​កាន់​តែ​ប្រសើរ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២៣ ឆ្ពោះ​ទៅ​រក​បរិយាបន្ន​ហិរញ្ញវត្ថុ​ជាមួយ​នវានុវត្ដន៍​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន​ឥណទាន​របស់ CBC។​

កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ CBC និង CBS បានធ្វើ​កិច្ចសហការ​ជា​ផ្លូវការ​ក្នុង​អំឡុង​ពិធី​ចុះហត្ថលេខា​​នៅឯ Park Royal Collection by Marina Bay ក្នុង​ប្រទេស​សិង្ហបុរី។

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​ធនាគារ​កណ្តាល ការិយាល័យ​ឥណទាន និង​ថ្នាក់​ដឹកនាំ​ដ៏​មាន​ឥទ្ធិពល​មកពី​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំងពីរ​។​

គំនិត​ផ្តួចផ្តើម​នេះ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​ទាំង​ពីរ ដែល​ប្រជាជន​អាច​ទទួល​បាន​ការ​យល់ព្រម ការ​ស្នើសុំ និងការ​​ចែករំលែក​របាយការណ៍​ឥណទាន ដោយ​ហេតុ​​ជួយ​សម្រួល​ដល់​ការ​វាយ​តម្លៃ​​ឱ្យបាន​ហ្មត់ចត់​បន្ថែមទៀត​អំពី​ភាព​ស័ក្តិសម​នៃ​ឥណទាន​របស់​បុគ្គល។

លោកស្រី ជា សិរី ប្រធាន​ក្រុម​ប្រឹក្សាភិបាល CBC ត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​របាយការណ៍​ដោយ​លើក​ឡើង​ថា៖ «ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រីក​ហិរញ្ញប្បទាន សម្រាប់​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​គម្លាត​ព័ត៌មាន​លើ​ប្រវត្ដិ​ឥណទាន​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ម្ចាស់​ឥណទាន​»។ 

លោកស្រី ក៏​ជា​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បន្ដថា៖ «កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី ប្រកប​ដោយ​​ជោគជ័យ ជាមួយ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០២៣ បាន​ក្លាយជា ព្រឹត្តិការណ៍​ដំបូង ដ៏​សំខាន់ ហើយ​យើង​សង្ឃឹមថា​នឹង​មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បន្ថែមទៀត​នាពេល​អនាគត​»។​

ជាមួយ​នឹង​ការ​បង្កើន​ការ​ចល័ត​កម្លាំង​ពលកម្ម​ជា​សាកល លទ្ធភាព​ទទួលបាន​របាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន បាន​ដោះស្រាយ​តម្រូវការ​បន្ទាន់​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ស្វែងរក​ឱកាស​នៅក្រៅ​ប្រទេស។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា គំនិត​ផ្តួចផ្តើម​នេះ​ជួយ​សម្រួល​ដល់​ដំណើរការ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ផ្លាស់​ទៅ​រស់នៅ និង​ធ្វើ​ការ​ក្នុង​​ប្រទេស​សិង្ហបុរី ​ដោយ​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​ពួកគេ​ក្នុង​ការ​ផ្តល់​នូវ​ប្រវត្តិ​ឥណទាន​​​ពី​ផ្ទះ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​សិង្ហ​បុរី​។ នេះ​ជា​លទ្ធផល​អាច​សម្រួល​ដ​ល់​ការចូល​ប្រើប្រាស់​ឥណទាន​របស់​ពួកគេ​ក្នុងប្រទេស​ថ្មី​។​

លោកស្រី ជា សិរី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល CBC និងជា​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងពិធី​ចុះហត្ថលេខា​​ភាពជា​ដៃគូ CBC និង CBS កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅឯ Park Royal Collection by Marina Bay ក្នុង​ប្រទេស​សិង្ហបុរី។ រូបថត សហការី

ជាទូទៅ ឥណទាន​ឆ្លងដែន​សំដៅលើ​ការអនុវត្ត​ការ​ផ្តល់​ប្រាក់​កម្ចី ឬ​ការពង្រីក​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងប្រទេស​មួយ​ទៅកាន់​អ្នក​ខ្ចី ឬ​អង្គភាព​នៅក្នុង​ប្រទេស​មួយ​ផ្សេងទៀត​។​

ប្រព័ន្ធ​នេះ​គឺមាន​សារៈសំខាន់​នៅក្នុង​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​នាពេល​បច្ចុប្បន្ន​នេះ ដែល​បុគ្គល និង​អាជីវកម្ម​តែងតែ​ដំណើរការ​នៅ​ទូទាំង​ប្រទេស​ជាច្រើន ហើយ​ត្រូវ​ការ​សិទ្ធិ​ចូល​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​លើស​ពី​ប្រទេស​កំណើត​របស់​ពួកគេ។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ CBC បាន​ឱ្យ​ដឹង​ក្នុង​របាយការណ៍​ថា៖ «គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៣ CBC មាន​សមាជិក​សរុប​ចំនួន ១៩៤​ស្ថាប័ន រួមមាន​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ និង គ្រឹះស្ថាន​ឥណទាន​ជនបទ។ CBC បានផ្តល់​របាយការណ៍ ឥណទាន ច្រើនជាង​៦.៣​លាន របាយការណ៍​ក្នុង​ឆ្នាំនេះ ទៅ​ដល់​សមាជិក និង​អតិថិជន»។ 

លោក​បន្ដថា ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ឥណទាន​របស់ CBC ​ផ្ទុក​នូវ​ប្រវត្តិ​ឥណទាន ក៏ដូចជា​ប្រវត្តិ​នៃ​ការ​បង់​សង​ត្រឡប់​របស់​អតិថិជន​ជាង​៧​លាន​នាក់ ស្មើនឹង ជាង​៧០ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស និង​ទិន្នន័យ​ឥណទាន​ក្រុមហ៊ុន​របស់​សហគ្រាស​ជាង ២៥​០០០​ស្ថាប័ន ដែល​បាន​រាយការណ៍​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន ៨៦ សមាជិក​។​

លោក​លើកឡើងថា ​ដោយ​ស្ថានភាព​តានតឹង ផ្នែក​សេដ្ឋកិច្ច​នៅតែ​បន្ត គណនី ប្រាក់កម្ចី​ដែល​ត្រូវបាន​រៀបចំឡើង​វិញ​ក៏​នៅតែ​បន្ត​។ គិត​ត្រឹម ខែធ្នូ ឆ្នាំ​២០២៣ គណនី​ប្រាក់កម្ចី​ជាង ៦៩២​៦៣៧ ត្រូវបាន រៀបចំ​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​២០២០ មកម្ល៉េះ​។​

ការធ្វើសមាហរណកម្ម​នៃ​ឥណទាន​ឆ្លង​ព្រំដែន​គឺ​មិន​ត្រឹមតែ​ជាការ​កែលម្អ​លទ្ធភាព​ទទួលបាន​ឥណទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អំពី​ការលើកកម្ពស់​សុខភាព​ហិរញ្ញវត្ថុ និង​ការអនុវត្ត​ការផ្តល់​ប្រាក់កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ​។​

តាមរយៈ​ការ​ផ្តល់នូវ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​នៃ​ប្រវត្តិ​ឥណទាន​របស់​បុគ្គល​ម្នាក់ ស្ថាប័នហិរញ្ញវត្ថុ​អាចធ្វើ​ការ​សម្រេចចិត្ត​ផ្តល់ប្រាក់​កម្ចី​ដែលមាន​ព័ត៌មាន​បន្ថែមទៀត ដោយ​កាត់បន្ថយ​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​បុគ្គល​ដោយ​មិនមាន​ប្រវត្តិ​ឥណទាន​ដែល​បាន​ផ្ទៀងផ្ទាត់​។​

លោកស្រី​ សិរី បាន​ថ្លែង​ថា​៖ «យើងខ្ញុំ សូម​ថ្លែងអំណរគុណ​ចំពោះ ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការគាំទ្រ​លើ​បទបញ្ញត្តិ​ផ្សេងៗ ដែល​អនុញ្ញាតឱ្យ​មានកា​រ​ចែករំលែក​ព័ត៌មាន​ឥណទាន​ដ៏​ល្អ និង​អាចឱ្យ CBC សម្រប ខ្លួន​ជាមួយនឹង​របត់​ថ្មីៗ​បាន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​ធានាបាន​នូវ​ទំនុកចិត្ត ភាពជឿជាក់ និង​ការទទួល​ខុស​ត្រូវ​ខ្ពស់​សម្រាប់​ដៃគូ​គ្រប់​មជ្ឈដ្ឋាន»។

លោកស្រីបន្ដថា​៖ «​ដោយសារ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ស្វែងរក​ឱកាស​នៅក្រៅ​ប្រទេស ការទទួលបាន​ឥណទាន​ក្នុង​ទីផ្សារ​ថ្មីៗ​បង្កបញ្ហា​ប្រឈម​។ ដូច្នេះ​ក្នុងនាម​ជា​ការិយាល័យ​ឥណទាន វា​ជា​កត្តាចាំបាច់​សម្រាប់​​ពួកយើង​ក្នុងការ​សម្របសម្រួល​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង និង​ក្រៅប្រទេស»។​

​លោក សុធា​រ័ត្ន បាន​និយាយថា ពួកគេ​ក៏បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ឥណទាន​កូរ៉េ ដើម្បី​បង្កើត​យន្តការ​ចែករំលែក​របាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន ក្នុង​គោលបំណង​ជំរុញ​លទ្ធភាព​ទទួល​បាន​​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុ​ជាជាង ៥ម៉ឺន​នាក់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​។​

​ដោយ​ផ្អែកលើ​ភាពជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​នេះ CBC កំពុង​ទន្ទឹងរង់ចាំ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​។​

គោលបំណង​គឺ​ដើម្បី​បង្កើត​បណ្តាញ​នៃ​ប្រព័ន្ធ​រាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន ដែល​អាច​គាំទ្រ​ដល់​តម្រូវ​ការ​​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុងធ្វើការ​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​អាស៊ី​។​

លោក សុធា​រ័ត្ន បានចែករំលែក​ថា៖ «ជាមួយ​​ភាព​ធន់​នៃប្រតិបត្តិ​ការ​ និង​​រចនាសម្ព័ន្ធដ៏​រឹង​មាំ​របស់​យើង​ និង​ការ​បង្កើនល្បឿន​ឆ្ពោះទៅរក​ឌីជីថល​នីយកម្ម បាន​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដែល​ធានា​បាន​ថា CBC ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​នវានុវត្ដន៍​ថ្មីៗ​ និងការ​រីកចម្រើន​ក្នុង​ការ​ប្រែ​ក្លាយ​ការ​វិភាគ​ទិន្នន័យ​ខ្នាត​ធំ និង​ជំរុញ​ធុរកិច្ច​ធ្វើការ​សម្រេច​ចិត្ដ​ផ្អែក​លើ​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​​​»។​

បន្ថែម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន CBC ប្តេជ្ញា​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងចំណោម​អ្នកប្រើប្រាស់​ក្នុង​ប្រទេស​​កម្ពុជា​។​

​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការវិភាគ​ទិន្នន័យ CBC មាន​គោលបំណង​ជំរុញ​​បរិយាបន្ន​​​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ដែល​ទើប​ទទួលបាន​ឥណទាន​ដោយ​ទាញយក​ប្រភព​ទិន្នន័យ​ជំនួស​។​

​លោកស្រី សិរី បាន​និយាយថា វា​ចាំបាច់​ណាស់​ដែល​អ្នក​ខ្ចី​បច្ចុប្បន្ន និង​អនាគត​ទាំងអស់​មានការ​យល់ដឹង​ត្រឹមត្រូវ​អំពី​របាយការណ៍​ឥណទាន និង​ផលប៉ះពាល់​របស់​ពួកគេ​​។​

លោកស្រី​ បាន​បន្ថែម​ថា ផែនទី​បង្ហាញផ្លូវ​ជា​យុទ្ធសាស្ត្រ​សម្រាប់​៥​ឆ្នាំ​ខាងមុខ គឺ​ស្របតាម​យុទ្ធសាស្ត្រ​បរិយាបន្ន​​ហិរញ្ញវត្ថុ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ វា​សង្កត់ធ្ងន់​ទៅលើ​វឌ្ឍនភាព​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អ្នកប្រើប្រាស់ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការ​លើក​កម្ពស់​​សមត្ថ​ភាព​របស់​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ និង​ឌីជីថល​នីយកម្ម​សម្រាប់​ការផ្តល់​ប្រាក់​កម្ចី​​ប្រកបដោយ​ការទទួលខុសត្រូវ និង​ការលើកកម្ពស់​ការយល់​ដឹង​នៅ​ទូទាំង​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​សង្គម​៕