ភ្នំពេញ៖ វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​លើក​ទី​២ នៅ​ឆ្នាំ​២០២៤ គ្រោង​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នកវិនិយោគ​បារាំង ដោយ​ផ្តោត​ជាពិសេស​លើ​វិស័យ​អគ្គិសនី កសិកម្ម ​​កសិឧស្សាហកម្ម ​និង​សុខាភិបាល​នៅ​កម្ពុជា។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​។​

លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​និយាយ​ថា វេទិកា​ធុរកិច្ច​បារាំង​-កម្ពុជា​នឹង​រៀប​ចំ​ឡើង​​​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង ដោយ​ការ​លើ​រៀបចំ​លើក​ដំបូង​ ត្រូវ​បាន​រៀបចំ​កាលពី​ឆ្នាំ​២០២២។ 

វេទិកា​ធុរកិច្ច​បារាំង​-កម្ពុជា​លើក​ទីពីរ ឆ្នាំ​២០២៤ រំពឹង​ថា​នឹង​កៀរគរ​វិនិយោគិន​បារាំង​ចាប់​អារម្មណ៍​លើ​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា។ 

លោក បឺឡេ បាន​ថ្លែងថា​៖ «​យើង​ពិត​ជា​បាន​ទទួល​សំណើ​ពី​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ រួមទាំង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ ក៏​ដូចជា​សុខាភិបាល​»។ 

រៀបចំ​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​កម្ពុជា (CCIFC) សហការ​ជាមួយ​គណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​បារាំង (CCEF) និង​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថានទូត​បារាំង សហព័ន្ធ​និយោជក​បារាំង​អន្តរជាតិ (MEDEF) និង​សមាគម​ឧ​កញ្ញា​កម្ពុជា​ វេទិកា​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី៨ ដល់ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤។

ព្រឹត្តិការណ៍​នេះ​នឹងមាន​រយៈពេល​បី​ថ្ងៃ ដោយ​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នៅ​រាជធានី​ភ្នំពេញ និង​ថ្ងៃ​ចុងក្រោយ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ពិធី​បើក​នៅ​ទីក្រុង​ភ្នំពេញ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

លោក Cyril Girot ប្រធាន​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំង​-កម្ពុជា  បាន​និយាយ​ថា៖ «​វេទិកា​ធុរកិច្ច​​នឹង​ប្រមូលផ្តុំ​សមាជិក​សហគមន៍​ធុរកិច្ច​បារាំង​នៅ​កម្ពុជា ក៏ដូចជា​តំណាង​មកពី​ក្រុមហ៊ុន​បារាំង​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់ ដែល​មាន​បំណង​ចង់​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​ទីផ្សារ​កម្ពុជា»។

លោក Girot បាន​លើកឡើងថា វេទិកា​នេះ​នឹង​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន រួមទាំង​សំណង់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ បច្ចេកវិទ្យា​ឌីជីថល ការថែទាំ​សុខភាព ថាមពល ផែនការ​ទីក្រុង ទេសចរណ៍ ភស្តុភារ ដឹក​ជញ្ជូន កសិកម្ម ក​សិ​ឧស្សាហកម្ម​ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិស្ថាន​។​

បទ​បង្ហាញ​សំខាន់ៗ​នឹងធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ រួមមាន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។​

មិន​ខុសពី​វេទិកា​ធុរកិច្ច​លើកទីមួយ វេទិកា​លើកទីពីរ​នឹង​មាន​ការ​ចូលរួម​ពី​ធុរកិច្ចជន​ទាំងពីរ​ប្រទេស រួមទាំង​អាជ្ញាធរ​ប្រមាណ ២០០​នាក់​។

លោក​បាន​ឱ្យដឹងថា វេទិកា​ធុរកិច្ច​លើក​ទី​២​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ ទំនង​សេដ្ឋកិច្ច​បារាំង​-​កម្ពុជា និង​ជា​ឱកាស​ពិសេស​មួយ​សម្រាប់​ក្រុមហ៊ុន អ្នក​ប្រកប​វិជ្ជាជីវៈ និង​អ្នកមាន​ចំណាប់អារម្មណ៍​អំពី​ការ អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុងការ​ស្វែងយល់​ពីស​ក្តា​នុព​ល​ជាច្រើន​ដែល​កម្ពុជា​ផ្តល់ឱ្យ​។ វេទិកា​នេះ​ក៏​ជា​ពេលវេលា​សម្រាប់​បង្កើត​ទំនាក់​​ទំនង​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ ថ្នាក់ដឹកនាំ​នយោបាយ និង​អ្នកជំនាញ​នៅ​កម្ពុជា​ផងដែរ​។

លោក​បាន​ប្រាប់ថា​៖ «​ទំហំ​នៃ​បម្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាង​បារាំង និង​កម្ពុ​ជាមាន​ចំនួន ១៣៦៣ លាន​អឺរ៉ូ (ជាង ១៤៥៧​លាន​ដុល្លារ) កាលពី​ឆ្នាំ​២០២៣​។ បច្ចុប្បន្ន ប្រទេស​បារាំង​គឺ ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​២​របស់​កម្ពុជា​នៅ​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់»​។ 

លោក Girot បាន​បន្ដថា ការនាំចេញ​របស់​បារាំង​មក​កម្ពុជា​កាលពី​ឆ្នាំ​២០២៣ បាន​កើនឡើង​យ៉ាងខ្លាំង ពោលគឺ​៣១ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ ជាពិសេស​ផលិតផល​ក​សិ​អាហារ ឱសថ និង​ផលិតផល​លោហៈ​។ ចំណែក​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​វិញ​មាន​ទំហំ​ទឹកប្រាក់ ១១៩២ លាន​អឺរ៉ូ (១២៧៤ លានដុល្លារ) កាលពី​ឆ្នាំ​២០២៣ ជាពិសេស ក្នុង​វិស័យ​វាយនភ័ណ្ឌ ផលិតផល​ក​សិ​អាហារ និង​ទោចក្រយាន​។​

​ក្នុង​ទំហំ​ប្រមាណ​៥៦០​លាន​អឺរ៉ូ ការវិនិយោគ​របស់​បារាំង​នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ផងដែរ ជាពិសេស​ក្នុង​វិស័យ​សំណង់ កសិឧស្សាហកម្ម និង​សេវា​។ 

ក្រៅពី​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​បារាំង​ធំៗ វត្តមាន​ដ៏​ច្រើន​នៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ជនជាតិ​បារាំង នៅ​កម្ពុជា​ (​ជាង​៤០០​ក្រុមហ៊ុន​) បង្ហាញឱ្យឃើញ​អំពី​ការវិនិយោគ ក៏ដូចជា​វត្តមាន​រឹងមាំ​របស់​បារាំង​នៅ​កម្ពុជា​។ 

លោក​បញ្ជាក់ថា តួលេខ​ទាំងនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពរស់រវើក​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​បារាំង​-​កម្ពុជា ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

ថ្ងៃទី​បី​នៃ​វេទិកា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ក្នុងការ​ស្វែងរក​ទីតាំង​សេដ្ឋកិច្ច​សំខាន់ៗ និង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​។​

លោក Girot បាន​បញ្ជាក់​ថា៖ «​វេទិកា​ធុរកិច្ច​បារាំង​កម្ពុជា​ឆ្នាំ២០២៤ នេះ មាន​គោលបំណង​ជា​កត្តា​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​ថ្មី ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ប្រទេស​ទាំងពីរ»​។​

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឱ្យដឹងថា គម្រោង​នៅ​កម្ពុជា​មាន​ច្រើន​ ដែល​ត្រូវការ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​បារាំង​ ដោយ​រង់ចាំមើល​លទ្ធភាព​ខាង​ភាគី​បារាំង​។ 

លោក​បាន​និយាយថា ក្រោយ​មាន​ការ​​រឹត​ចំណងការទូត​រវាង​ប្រទេស​ទាំងពីរ​ដោយ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​បន្ដ​បន្ទាប់​ពីសំណាក់​ព្រះ​មហាក្សត្រ​ អតីត​នាយករដ្ឋមន្ដ្រី និង​នាយករដ្ឋមន្ដ្រី​បច្ចុប្បន្ន វិនិយោគិន​បារាំង​ជាច្រើន​បង្ហាញ​ចំណាប់​អារម្មណ៍​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា។ 

លោក​បាន​លើកឡើងថា​៖ «​បារាំង​មាន​ជំនាញ​ខាង​កសិកម្ម ថាមពល​អគ្គិសនី ជាក់ស្ដែង ក្រុមហ៊ុន Total ដែល​កំពុង​តែ​ពង្រីក​ខ្លួន​បន្ថែម​»។ 

លោក​បាន​បន្ដថា៖ «​អ្វីដែល​យើង​ចង់​បាន​ពី​វេទិកា​ធុរកិច្ច​បារាំង​-កម្ពុជា​នេះ គឺ​យើង​ចង់​បាន​គម្រោង​វិនិយោគ​ថ្មីៗ និង​ថែទាំ​អ្វី​ដែល​មាន​បច្ចុប្បន្ន​»។

លោក គិត ម៉េង បាន​បន្ដថា ​​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​សហការ​រៀបចំ​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​នៅ​កម្ពុជា និង MECDF ដោយមាន​ការគាំទ្រ​ពី​ឯក​អគ្គរដ្ឋទូត​បារាំង​។

លោក​បាន​លើកឡើង​ថា​ នេះ​នឹង​ក្លាយទៅជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើន​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរ៕