ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​ដ៏ធំ​របស់​ចិន ​គឺក្រុមហ៊ុន BYD គ្រោង​មក​​បណ្ដាក់​ទុន​វិនិយោគ​បើក​រោងចក្រ​ផលិត​រថយន្ត​នៅ​កម្ពុជា​ក្នុង​ពេល​ខាងមុខ។ 

ក្នុង​ពិធី​អបអរ​ទិវា​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម (MSME) នាថ្ងៃទី២៧ មិថុនា នៅ​រាជធានីភ្នំពេញលោក​ថ្លែង​ថា៖ «ឥឡូវ បន្តិចទៀត ដែល​ព័ត៌មាន​មក គឺ​ក្រុមហ៊ុន BYD ក្រុមហ៊ុន​ឡាន​អគ្គិសនី​របស់​ចិន​មួយ​នឹង​គ្រោង​មក​ដាក់​ទុន​ដើម្បី​រៀបចំ​ផលិត​រថយន្ត​នៅ​កម្ពុជា។ នេះ​គឺជា​ជោគជ័យ​មួយ»។ 

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា នេះ​គឺជា​ការ​ពង្រីក​ការ​ធ្វើ​ពិពិធកម្ម​នៃ​ប្រភព​សេដ្ឋកិច្ច​ និង​ខ្សែ​ច្រវាក់​ផលិតកម្មរបស់​កម្ពុជា ហើយ​លោក​សង្ឃឹមថា នា​ពេល​អនាគត ក្រុមហ៊ុន​ធំៗ​ដែល​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​នឹង​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ធុន​កណ្ដាល និង​ក្រុមហ៊ុន​ធុន​តូច​នៅ​កម្ពុជា​ដើម្បី​ជា​ធាតុផ្សំ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។

លោក​ថ្លែង​ថា៖ «ហេតុ​អី​បាន​ជា​យើង​ត្រូវ​លើក​កម្ពស់​វិស័យ​ឯកជន ហើយ​ហេតុអី​បាន​ជា​យើង​ត្រូវ​លើក​ទឹកចិត្ត យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ​សហគ្រាស​ធុន​តូច ធុន​មធ្យម​ (SME) ​របស់​យើង? ពិត​ណាស់ យើង​មិនមែន​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សហគ្រាស​ធុន​ធំ​ទេ។ យើង​លើក​ទឹក​ចិត្ត ដូច BYD ក្រុម​ហ៊ុន​ធំ ក្រុមហ៊ុន​ដែល​មក​ផលិត​ធំ។ យើង​លើក​ទឹកចិត្ត​ទាក់ទាញ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ចោល​នៅ​ក្នុង​ការ​ជួយ​ជំរុញ និង​យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ SME, MSME»។

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​ដែល​ក្រុមហ៊ុន​ខ្នាត​យក្ស​លំដាប់​ពិភពលោក​ចូល​មក​វិនិយោគ​នៅ​កម្ពុជា វា​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ផ្សេងៗ​ទាំង​នៅ​ក្នុង​វិស័យ​រថយន្ត និង​វិស័យ​ផ្សេងៗ​មាន​ការ​ចាប់​អារម្មណ៍ និង​អាច​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា នៅ​ពេល​មាន​ការ​ដំឡើង​រថយន្ត​ពី​ក្រុមហ៊ុន​ខ្នាត​យក្សនេះ គឺ​មាន​តម្រូវ​ការ​នៃ​ពលកម្ម​ដែល​នឹង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ដែល​ជា​ការងារ​លំដាប់​ខ្ពស់​ថ្នាក់​បច្ចេកទេស ហើយ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រភេទ​នេះ​ទទួល​បាន​ប្រាក់កម្រៃ​ខ្ពស់ ជំនាញ​បច្ចេកទេស​រថយន្ត​អគ្គិសនី និង​បច្ចេកទេស​ផ្សេងៗ​ទៀត​ពី​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក​នេះ។

លោក​ ជ័យ តិច ថ្លែង​ថា៖ «សម្រាប់​អតិថិជន​ទាំងមូល​តែ​ម្ដង នៅ​ពេល​ដែល​មាន​ការ​ដំឡើង​រថយន្ត​នៅ​ក្នុង​ស្រុក​គឺ​ធ្វើ​ឱ្យ​តម្លៃ​រថយន្ត​តិច ឬ​ក៏​ច្រើន​គឺ​មាន​ការ​ធូរ​ថ្លៃ​ជាង​មុន ដោយ​កាត់​បន្ថយ​នូវ​ការ​ដឹកជញ្ជូន​ពី​ក្រៅ​ប្រទេស​ចូល​កម្ពុជា ក៏​ដូចជា​កាត់​បន្ថយ​នូវ​ពន្ធ​នាំចូល។ ដូច្នេះ ចង់​មិន​ចង់ ទោះ​បី​ជា​មាន​ការ​នាំចូល​នូវ​បរិក្ខារ​និង​សម្ភារៈ​ផ្សេងៗ​ដើម្បី​ដំឡើង​រថយន្ត​នៅ​កម្ពុជា ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា បើ​យើង​ធៀប​ជាមួយ​នឹង​ពន្ធ​នាំចូល​រថយន្ត​ទាំងមូល ហើយ​និង spare part [គ្រឿង​បន្លាស់] ដែល​នាំចូល​ដើម្បី​ដំឡើង​រថយន្ត​គឺ​យើង​នៅ​មាន​ផល​ចំណេញ»។

លោក​បន្ថែម​ថា៖ «ប្រជាជន​កម្ពុជា​ទាំងមូល​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ EV [រថយន្ត​អគ្គិសនី] នៅ​កម្ពុជា​ជាមួយ​នឹងBrand [ក្រុមហ៊ុន] លំដាប់​ពិភព​លោក​នេះ​គឺ​នឹង​អាច​ទិញ​បាន​នូវ​តម្លៃ​ធូរ​ជាង​ការ​នាំចូល​រថយន្ត​ទាំងមូល​នៅ​កម្ពុជា»។

ក្នុង​ជំនួប​ជាមួយ​លោក Kading Liu នាយករង​ក្រុមហ៊ុន BYD នៅ​ប្រទេស​ចិន កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា  (CDC) បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​នេះ​ចូលរួម​ដំឡើង​ស្ថានីយ​សាក​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី។ 

លោក​បាន​ផ្តល់​យោបល់​ឱ្យ​ក្រុមហ៊ុន​នេះ​សិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រឿង​បង្គុំ​យានយន្ត នៅ​ប្រទេស​កម្ពុជា ដោយ​លោក​ពន្យល់​ថា ៦៥​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប គឺ​មាន​អាយុ​ស្ថិត​ក្នុង​វ័យក្មេង​ប្រកប​ដោយ​ផលិតភាព​ខ្ពស់ ដែល​អាច​ចូលរួម​ក្នុង​ផលិតកម្ម ដើម្បី​ផ្គត់ផ្គង់​សម្រាប់​មហា​អនុ​តំបន់​មេគង្គ៕