ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាអាចទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់តាមរយៈការចូលទៅកាន់ទីផ្សារមូលបត្រ ដែលជាគំនិតមួយត្រូវបានបកស្រាយក្នុងសិក្ខាសាលា សហការរៀបចំដោយនិយតករមូលបត្រកម្ពុជា (SERC), APM (Cambodia) Securities Co., Ltd, និង Asset Pro Management Co., Ltd នាថ្ងៃទី៥ ខែមិថុនា។
កម្មវិធីនេះ ទទួលបានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការចូលរួមពីសហគ្រិនជាង ៣០ នាក់ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងក្នុងកម្មវិធី សិក្ខាសាលាស្តីពី ការឈានចូលទីផ្សារមូលបត្ររបស់សហគ្រាសធុនតូច និង មធ្យម៖ បទពិសោធន៍នៅប្រទេសថៃ ថា៖ «សិក្ខាសាលានេះមានសារសំខាន់សម្រាប់សហគ្រិនស្វែងយល់អំពីទីផ្សារមូលបត្រដោយលើកយកករណីជាក់ស្ដែងនៅក្នុងព្រះរាជាណាចក្រថៃ។ ក្រុមហ៊ុនដែលចូលទីផ្សារបានគឺជាក្រុមហ៊ុនដែលទទួលបានហិរញ្ញប្បទានពីទីផ្សារដើម្បីបញ្ចូលទៅក្នុងដើមទុន និងធ្វើការអភិវឌ្ឍតាមយន្ដការនៃសាច់ប្រាក់នេះ»។
តាមប្រពៃណីនៃការបើកសហគ្រាស ម្ចាស់ត្រូវទៅរកទុននៅធនាគារ ឬកៀរគរពីបណ្ដាញរបស់ពួកគេ។ នាពេលនេះ ពួកគេមានផ្លូវថ្មីតាមរយៈទីផ្សារមូលបត្រ ជាទីកន្លែងផ្ដល់ទុនមិនចេះរីងស្ងួត ដែលមានការចូលរួមពីអ្នកវិនិយោគជាច្រើន។
លោកបានឱ្យដឹងថា សព្វថ្ងៃ អ្នកវិនិយោគ ដែលមានទុនត្រៀមទិញមូលបត្រ ៥ម៉ឺននាក់ ហើយតើក្រុមហ៊ុន សហគ្រាសត្រូវមានអ្វីខ្លះដើម្បីទាក់ទាញអ្នកវិនិយោគទាំងនោះ។ ផ្សារមូលបត្រជាកន្លែងមួយដែលបង្រៀនសហគ្រិនទាំងអស់ចេះទៅយកពីទីផ្សារមូលបត្រដោយខ្លួន និងរៀបចំខ្លួនតាមរយៈលិខិតស្នាមបទដ្ឋានដើម្បីកៀរគរអ្នកវិនិយោគ។
លោក ហ៊ត ផេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិយាយថា យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ បានបង្ហាញថា មានសហគ្រាសធុន តូច និងមធ្យមចំនួន ៧៥៣,៦៧០ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
រីឯ សហគ្រាសធុនតូច និងមធ្យម ផ្នែកកម្មន្តសាលដែលបានចុះបញ្ជីនៅក្នុងក្របខណ្ឌ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៤៤,៦២៥មូលដ្ឋាន និងបង្កើតការងារចំនួន ៤៦៦,៥៩៤នាក់ ក្នុងនោះ ការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា CamDX មានចំនួន ៣៩១មូលដ្ឋាន និងបង្កើតការងារ ១,៣២១នាក់ គិតត្រឹមឆ្នាំ២០២៤។ ដូច្នេះ សហគ្រាស ដែលបានចូលរួមនាពេលនេះ មានចំនួន ២០ សហគ្រាស តាមការស្នើសុំរបស់និយ័តករមូលបត្រកម្ពុជា។
លោក ផេង បានថ្លែងថា៖ «ការចូលរួមប្រតិបត្តិការក្នុងទីផ្សារមូលបត្រកម្ពុជា របស់បងប្អូនម្ចាស់សហគ្រាស គឺជាសកម្មភាពដ៏វិសេសវិសាលចូលរួមចំណែកដល់ការទាក់ទាញវិនិយោគបន្ថែម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ»។
លោកបន្ដថា៖ «ម្យ៉ាងទៀត ទីផ្សារមូលបត្រក៏ជាយន្តការមួយជួយផ្សព្វផ្សាយជាសាធារណៈអំពីសកម្មភាពសេដ្ឋកិច្ចរបស់សហគ្រាសដែលកំពុងប្រតិបត្តិផលិតកម្ម អាជីវកម្ម និងសេវាកម្ម ប៉ុន្តែត្រូវមានអនុលោមភាពស្តង់ដារ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយស័ក្តិសិទ្ធភាព!។
ជាអ្នកប្រកបអាជីវកម្មផលិតទឹកស៊ីអ៊ីវ តាំងពីឆ្នាំ ២០១៧ ជាមួយការប្រើប្រាស់ម៉ាស៊ីនផលិតប្រទេសម៉ាឡេស៊ី លោក អែល ជាន បានចូលរួមសិក្ខាសាលាផ្សារមូលបត្រនេះ ដោយមានចំណាប់អារម្មណ៍ចង់ចេះចង់ដឹង និងចង់ចូលរួមផ្សារមូលបត្រ។
លោក ជាន ជាម្ចាស់សហគ្រាសទឹកស៊ីអ៊ីវ រូបស្ដ្រីកាន់សណ្ដែងសៀង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំចាប់អារម្មណ៍ចង់ចូលផ្សារមូលបត្រ ដោយការចូលរួមនេះ យើងងាយស្រួលប្រើប្រាស់ដើមទុនប្រកបរបរបន្ថែម។ ប៉ុន្ដែដោយសារវានៅថ្មីពេកសម្រាប់ពួកខ្ញុំ ខ្ញុំកំពុងតែសិក្សាអំពីលទ្ធភាពសិន»។
លោក សុជាតិ បានថ្លែងថា៖ «SMEs មានចំនួនជាង ៩៨ ភាគរយ និងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរហូតដល់ ៥៨ភាគរយនៃ GDP។ SMEs ជាឆ្អឹងខ្នងសេដ្ឋកិច្ច ជាពិសេសបង្កើតឱកាសការងារក្នុងស្រុក។ បើ SMEs កាន់តែខ្លាំង ក្រុមហ៊ុនធំៗកាន់តែកើនឡើងផងដែរ»។
លោក សុជាតិ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុន ២២ បានចុះបញ្ជីមូលបត្រ ដែលប្រមូលពីទីផ្សារជិត ៤០០លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០២៤ មានពី ៣ ទៅ ៥ ក្រុមហ៊ុនទៀត ដែលត្រៀមចុះបញ្ជី ដោយក្រុមហ៊ុនចំនួន ៣ មានទុនជាង ១០០លានដុល្លារអាមេរិកទៅហើយ។
លោកបានពន្យល់បកស្រាយរឿងមួយ ដោយថា មានក្រុមហ៊ុន ឬសហគ្រាសដែលបានចូលទីផ្សារមូលបត្រហើយ ធនាគារលែងឱ្យប្រាក់សហគ្រាសទាំងនោះខ្ចី។ ប៉ុន្តែលោកបានអះអាងថា ការចូលផ្សារហ៊ុនគឺធ្វើឱ្យធនាគារ ផ្តល់ប្រាក់កម្ចីទៅវិញ និងអាចទទួលបានការប្រាក់ទាបថែមទៀត មូលហេតុចម្បងគឺសហគ្រាសនោះមានប្រាក់សងធនាគារជាការស្រេច។
ទោះជាយ៉ាងណា លោកបញ្ជាក់ក្រុមហ៊ុន សហគ្រាសចូលទីផ្សារមូលបត្រកម្ពុជាគឺជាជម្រើសរបស់ម្ចាស់ក្រុមហ៊ុន សហគ្រាស តែស្ថាប័នជាអ្នកសម្របសម្រួលក្នុងការចុះបញ្ជីនេះ។
អ្នកស្រី Sirivipa Supantanet ទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Asset Pro Management Co., Ltd បានលើកឡើងពីតម្លៃសេដ្ឋកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម ដែលនាំមកនូវកំណើនផលិតផលក្នុងស្រុកសរុប។
អ្នកស្រីបានថ្លែងថា៖ «ក្នុងឆ្នាំ២០១៩ សហគ្រាសធុនតូច និងមធ្យមបានរួមចំណែកប្រហែល ៤០ភាគរយ ដល់កំណើន GDP។ នៅឆ្នាំ ២០២៧ ការរួមចំណែកនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦០ភាគរយនៃផ្សារហ៊ុនថៃ ហើយនិយតករទីផ្សារមូលធនដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមអាចប្រមូលមូលនិធិតាមរយៈទីផ្សារមូលធន»។
អ្នកស្រី Supantanet បានកត់សម្គាល់ថា ចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមចំនួន ១២៣ បានចុះបញ្ជីក្នុងក្រុមប្រឹក្សាភិបាលសហគ្រាសធុនតូច និងមធ្យម ក្នុងចំណោមក្រុមហ៊ុនជាង ៧០០៕