ភ្នំពេញៈ អ្នក​ការទូត​រុស្ស៊ី​លើកឡើង​ថា រុស្ស៊ី​នឹង​ពិចារណា​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​ពី​រុស្ស៊ី​មក​កាន់​កម្ពុជា​ដើម្បី​បង្កើន​ការ​ផ្លាស់ប្ដូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ និងកត់​សម្គាល់​ថា​ចំនួន​ភ្ញៀវ​ទេសចរ​រុស្ស៊ី​មក​កាន់​កម្ពុជា​មាន​ការ​កើន​ឡើង។

ក្នុង​ជំនួប​ជាមួយ​លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នាថ្ងៃទី៦ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​រុស្ស៊ី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​ជើង​ហោះហើរ​ត្រង់​ពី​រុស្ស៊ី​មក​កាន់​កម្ពុជា ពីព្រោះ​លោក​បាន​ចាត់​ទុក​ថា​ដល់​ពេល​វេលា​ដែល​ត្រូវ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​រុស្ស៊ី​មក​កាន់​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​​បណ្ដាញ​សង្គម​ប្រធាន​ព្រឹទ្ធសភា នាថ្ងៃទី៦ មិថុនា ។

បើ​យោង​តាម​បណ្ដាញ​សង្គម​ដដែល ​លោក Borovik បាន​ថ្លែង​ថា៖ «ចំនួន​ភ្ញៀវ​ទេសចរ​រុស្ស៊ី​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយ​រុស្ស៊ី​នឹង​ពិចារណា​ឱ្យ​មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​រុស្ស៊ី​មក​កាន់​កម្ពុជា ដើម្បី​បង្កើន​ការ​ផ្លាស់ប្ដូរ​អ្នក​ទេសចរ​រវាង​ប្រទេស​ទាំងពីរ»។ 

លោក Borovik បាន​ថ្លែង​អំណរ​គុណ​ដល់​កម្ពុជា ដែល​បាន​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​រុស្ស៊ី ដែល​មក​ទស្សនា​កម្ពុជា ហើយ​លោក​ប្ដេជ្ញា​ខិតខំ​ធ្វើ​យ៉ាងណា​លើក​កម្ពស់​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ទំនាក់ទំនង​រវាង​ក្រុម​មិត្តភាព​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ឱ្យ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​រីកចម្រើន​ជា​លំដាប់។ 

លោក​ ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី៧ មិថុនា ថា ​ចំពោះ​ការ​ហោះហើរ​ត្រង់​នេះ​គឺជា​រឿង​ល្អ​មួយ​ដែល​ពិតជា​នឹង​អាច​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​រុស្ស៊ី និង​កម្ពុជា។ លោក​កត់​សម្គាល់​ថា ភ្ញៀវ​ទេសចរ​រុស្ស៊ី​មាន​ចំនួន​យ៉ាង​ច្រើន​ដែល​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស។ ជាពិសេស កន្លង​មក​រហូត​មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​រុស្ស៊ី​ដែល​​​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃមាន​ចំនួន​យ៉ាង​ច្រើន ​ជាពិសេស​នៅ​តំបន់​សមុទ្រ ដូចជា​នៅ​តំបន់​ប៉ាត់តាយ៉ា (Pattaya)។

នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម លោក Borovikលើកឡើង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅ​តូច​នៅ​ឡើយ ហើយ​ថា​ក្រុមហ៊ុន​រុស្ស៊ី​មួយ​ចំនួន​កំពុងតែ​ស្វែងរក​ដៃគូ​របស់​ខ្លួន​ និង​កំពុងតែ​ធ្វើការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​វិនិយោគ​នៅ​កម្ពុជា។

លោក​ ជ័យ តិច បាន​ថ្លែង​​ថា ប្រទេស​កម្ពុជា​គួរតែ​ធ្វើការ​ជជែក​ពិភាក្សា និង​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ដើម្បី​ជំរុញ​ក្នុង​ការ​នាំចេញ​នូវ​កសិផល​របស់​កម្ពុជា​ទៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ ពីព្រោះ​ប្រទេស​រុស្ស៊ី​គឺជា​ប្រទេស​មួយ​ដែល​មាន​តម្រូវការ​ខាង​ការ​នាំចូល​នូវ​ផលិតផល​កសិកម្ម​ជាច្រើន។ កន្លង​មក​នេះ ប្រទេស​ជិត​ខាង​កម្ពុជា​គឺជា​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​ទៅ​កាន់​​ប្រទេស​រុស្ស៊ី ជាពិសេស​ប្រទេស​ថៃ​ដែល​​មាន​ការ​នាំចេញ​កសិផល​ទៅ​ប្រទេស​រុស្ស៊ី​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​គំនិត​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ចពិភាក្សា​ឱ្យ​បាន​កាន់តែ​ច្រើន​ទៀត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដើម្បី​ដំឡើង​អំពី​កិច្ច​ទំនាក់ទំនង​ឱ្យ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​អាច​បង្កើន​ទំនាក់ទំនង​បន្ថែម​ទៀត​ដើម្បី​ផ្សារ​ភ្ជាប់​ទាំង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ហើយ​និង​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា-រុស្ស៊ី»។

លោក​ ជ័យ តិច​ បន្ត​ថា សម្រាប់​កម្ពុជា​គឺជា​រឿង​ល្អ​ណាស់​ក្នុង​ការ​កសាង​ទំនាក់ទំនង និង​លើក​កម្ពស់​នូវ​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បណ្ដា​ប្រទេស​មហាអំណាច ដូចជា​​ចិន សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ក៏ដូចជា​រុស្ស៊ី និង​ដៃគូ​ប្រទេស​សំខាន់ៗ​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​បន្ថែម​ទៀត ដូចជា​ជប៉ុន កូរ៉េខាងត្បូង និង ​ប្រទេស​ដែល​មាន​សក្ដានុពល​ផ្សេង​ទៀត​ក្នុង​ការ​ពិភាក្សា និង​ពង្រឹង​​ទំនាក់ទំនង​បន្ថែម​ទៀត​ដើម្បី​ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ថែមទៀត។

នៅ​ក្នុង​ជំនួប​នេះដែរ លោក Borovik ក៏​បាន​រំឭក​ថា កម្ពុជា និង​រុស្ស៊ី​មាន​ទំនាក់​ទំនង​មិត្តភាព​ជិតស្និទ្ធ និង​ប្រវត្តិ​យូរអង្វែង​រយៈពេល ៦៨​ឆ្នាំ​មក​ហើយ ហើយ​រុស្ស៊ី​កំពុងតែ​ខិតខំ​ព្យាយាម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន។ 

លោក​ឯកអគ្គរដ្ឋទូត​បាន​រំឭក​ថា៖ «កម្ពុជា​ជា​មិត្ត​ចាស់ មិត្ត​គួរ​ឱ្យ​ទុក​ចិត្ត ជា​ដៃគូ​ដ៏​ល្អ និង​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់​ទំនង​ដែល​មាន​សក្ដានុពល និង​ជំរុញ​ដល់​កិច្ច​សហការ​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ»។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម​​ប្រធាន​ព្រឹទ្ធសភា៕