ភ្នំពេញ៖ ការ​បង្ហាញ​ពូជ​ពោត​កូន​កាត់​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ដែល​មាន​ឈ្មោះ​ថា​ CHM01 នឹង​ក្លាយ​ជា​បដិវត្តន៍​ឧស្សាហកម្ម​ពោត​ក្នុង​ស្រុក​ដែល​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា។

ការ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​​ត្រូវ​បាន​បង្ហាញ​ក្នុង​សិក្ខា​សាលា​អន្តរជាតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ ខែ​មិថុនា ដែល​រៀបចំ​រួមគ្នា​ដោយ​មជ្ឈមណ្ឌល​ភាព​ជា​ដៃគូ​សម្រាប់​ការ​ច្នៃប្រឌិត​កសិកម្ម​កូរ៉េ (KOPIA) កម្ពុជា និង​រដ្ឋបាល​មន្ទីរ​ខេត្ត រុក្ខា​ប្រមាញ់ និង​នេសាទ (PDAFF) ខេត្ត​កំពង់ចាម។

សិក្ខា​សាលា​នេះ​រៀបចំ​នៅ​សណ្ឋាគារ​ដ៏​ល្បី​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​អ្នក​ចូលរួម​ប្រមាណ ៧០ នាក់ រួម​ទាំង​អ្នក​ជំនាញ​មក​ពី​ប្រទេស​កម្ពុជា កូរ៉េ និង​វៀតណាម​ផងដែរ។

លោក ចាន់ សារុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អរគុណ​ដល់​មជ្ឈមណ្ឌល KOPIA សម្រាប់​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​គ្រាប់​ពូជ​ពោត​កម្ពុជា (CHM01) ទទួល​បាន​ជោគជ័យ។

ខេត្ត​មួយ​ចំនួន ​ដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និង​ប៉ៃលិន បាន​ជួយ​កសិករ​ខ្មែរ​យល់ និង​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពោត។

លោក​ក៏​បាន​ណែនាំ​ដល់​កសិករ​បន្ត​ផែនការ​របស់​ខ្លួន​ដោយ​ឯករាជ្យ មួយ​ជំហាន​ម្តងៗ ដើម្បី​ឱ្យ​កាន់​តែ​រឹងមាំ បើ​ទោះ​បី​ជា​គម្រោង​នេះ​នៅតែ​ផ្តល់​ជំនួយ​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា​៖ «កន្លង​មក​នេះ យើង​មាន​ការ​កសាង​សមត្ថភាព និង​ការ​ផ្តល់​ធនធាន​សម្ភារៈ​ផ្សេងៗ​ពី​គម្រោង​រួច​មក​ហើយ​ យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​ឱ្យ​​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ហើយ​​អាច​បន្ត​ការងារ​នេះ​បាន​យ៉ាង​រលូន»។ 

ទិវា​ចម្ការ​​បង្ហាញ​ពូជ​​ពោត​​កូន​កាត់ "CHM01" នៅស្រុកកោះ​សូទិន ខេត្ត​កំពង់ចាម កាល​ពី​ខែ​មីនា។ រូបថត សហការី

CHM01 តំណាង​ឱ្យ​ពូជ​ពោត​កូន​កាត់​​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​កែ​សម្រួល​ជាពិសេស​សម្រាប់​ជា​ចំណី​សត្វ។

បង្កើត​ឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​កសិកម្ម (GDA) កម្ពុជា និង​រដ្ឋបាល​អភិវឌ្ឍន៍​ជនបទ (RDA) នៃ​ប្រទេស​កូរ៉េ ក្រោម​គម្រោង KOPIA ចាប់​តាំង​ពី​ឆ្នាំ ២០១៣ CHM01 បង្ហាញ​ពី​លក្ខណៈ​រឹងមាំ​ដែល​ចាំបាច់​សម្រាប់​តម្រូវ​ការ​កសិកម្ម​ក្នុង​ស្រុក។

ក្នុង​ឆ្នាំ២០២៤ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ មន្ទីរ​កសិកម្ម​​ខេត្ត​កំពង់ចាម វាលស្រែ​ពិព័រណ៍​មួយ​ត្រូវ​បាន​ដំណើរការ​ដើម្បី​ប្រៀបធៀប​វា​ជាមួយ​នឹង​ពូជ​ដែល​នាំ​ចូល ហើយ​វាលស្រែ​​សាកល្បង​ការ​ដាំដុះ​ត្រូវបាន​ដំណើរការ​ដើម្បី​ផ្តល់​ឱកាស​ដល់​កសិករ​ក្នុង​ការ​វាយ​តម្លៃ​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង។

លោក Song Young Ju នាយក​មជ្ឈមណ្ឌល KOPIA Cambodia បាន​ឱ្យ​ដឹង​ថា៖ «ពោត​កូន​កាត់​របស់ CHM01 ជា​ពូជ​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ ម៉ិក​ស៊ិក និង​វៀតណាម ធានា​បាន​ទិន្នផល​ខ្ពស់ ធៀប​នឹង​ពូជ​នាំ​ចូល ដែល​ជា​មធ្យម ៨,៧ តោន​ក្នុង​មួយ​ហិកតា​ក្នុង​រដូវប្រាំង»។ 

លោក Young Ju បាន​និយាយ​ថា ​ពូជ​ថ្មី​នេះ​មាន​ប្រហែល​ពី ៥៦០ ទៅ ៦៤០គ្រាប់​មួយ​ផ្លែ សម្គាល់​ដោយ​ពណ៌​ទឹកក្រូច​ចាស់​ និង​បង្ហាញ​ភាព​ធន់​នឹង​ជំងឺ​ផ្សិត ជា​បញ្ហា​ប្រឈម​ទូទៅ​ក្នុង​កសិកម្ម​ពោត​កម្ពុជា។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ជាមួយ​នឹង​វដ្ត​នៃ​កំណើន​ប្រហែល​ពី ១០០ ទៅ ១០៥ ថ្ងៃ CHM01 ត្រូវបាន​រៀប​ចំ​ជា​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ទិន្នផល​ និង​កាត់​បន្ថយ​ហានិភ័យ​ដែល​ទាក់ទង​នឹង​ទឹកជំនន់​តាម​រដូវ»។

យោង​តាម​លោក Young Ju ពោត​ជាប់​ចំណាត់​ថ្នាក់​ជា​ដំណាំ​ដាំ​ដុះ​ច្រើន​ជាងគេ​ទី​បី​របស់​កម្ពុជា បន្ទាប់​ពី​ស្រូវ និង​ដំឡូង​មី ដែល​គ្របដណ្តប់​ជា​មធ្យម ២០​ម៉ឺន​ហិកតា​ក្នុង​មួយ​ឆ្នាំ។

ទោះបី​ជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ស្រុក​ក៏ដោយ ប្រទេស​នេះ​បាន​ពឹង​ផ្អែក​ជា​ប្រវត្តិសាស្ត្រ​លើ​គ្រាប់​ពូជ​ដែល​នាំចូល ជា​ចម្បង​ពី​ប្រទេស​ជិត​ខាង​ដូចជា​វៀតណាម និង​ថៃ​។​

លោក​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់ CHM01 មាន​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​គ្រាប់​ពូជ​បរទេស ដែល​មាន​សក្តានុពល​អាច​សន្សំ​បាន​រហូត​ដល់ ៣០ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​លំហូរ​ចេញ​រូបិយប័ណ្ណ​បរទេស។

លោក Young Ju បាន​បន្ដ​ថា៖ «តាម​រយៈ​ការ​លើក​កម្ពស់​ផលិតកម្ម​ក្នុង​ស្រុក និង​ការ​ចែកចាយ​គ្រាប់​ពូជ CHM01 ដែល​រំពឹង​ថា​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដែល​ទាប​ជាង​ជម្រើស​ដែល​នាំ​ចូល កម្ពុជា​រំពឹង​ថា​នឹង​មាន​ការ​ជំរុញ​ផ្នែក​កសិកម្ម​គ្រប់គ្រាន់ និង​ធន់​នឹង​សេដ្ឋកិច្ច»។

ការ​ដាំដុះ​ប្រកប​ដោយ​ជោគជ័យ​នៃ CHM01 លើ​ផ្ទៃដី​ជាង ៧៥០ ហិកតា ចាប់​តាំង​ពី​ឆ្នាំ ២០២១ បញ្ជាក់​ពី​ការ​រីក​លូតលាស់ និង​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ជំហរ​របស់​កម្ពុជា​ក្នុង​ផលិតកម្ម​ពោត​ក្នុង​តំបន់​។​

លោក​លើកឡើង​ថា៖ «​យើង​ពិតជា​មោទនភាព​ជា​ខ្លាំង​ជាមួយ​នឹង​ឱកាស​ក្នុង​ការ​ផលិត និង​ចែកចាយ​គ្រាប់ពូជ​ដែល​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ចាំបាច់​នាំ​ចូល​​ពី​ប្រទេស​ថៃ និង​វៀតណាម»៕