ភ្នំពេញ៖ គ្រាប់ស្វាយ​ចន្ទី​ឆៅ​របស់​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ក្នុង​បរិមាណ​ដ៏ច្រើន​បំផុត​ក្នុង​​ឆមាស​ទី១ ឆ្នាំ២០២៤​ ដែល​មាន​តម្លៃ​ជិត ១ ពាន់​លាន​ដុល្លារ​ ដែល​បាន​លើស​តម្លៃ​សរុប​សម្រាប់​ឆ្នាំ ២០២៣ រួចហើយ។

ការ​កើន​ឡើង​នេះ មាន​ចំនួន​ប្រហែល​មួយ​ភាគបី​នៃ​តម្លៃ​នាំចេញ​កសិផល​សរុបរ​បស់​កម្ពុជា ដោយ​ដាក់​ចំណាត់​ថ្នាក់​គ្រាប់​ស្វាយ​ចន្ទី​ជា​ផលិតផល​កសិកម្ម​ខ្ពស់​បំផុត​របស់​ប្រទេស។

លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ភាគ​ច្រើន​ជា​​ទម្រង់​ឆៅ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គោលដៅ​នៃការ​កែច្នៃ​សម្រាប់​នាំ​ចេញ​គឺជា​អាទិភាព​សំខាន់​របស់​ក្រសួង​ ដើម្បី​ធានាថា យើង​អាច​បន្ថែម​តម្លៃ​មុនពេល​ត្រូវ​បាន​នាំ​ចេញ»។

លោក​បន្ដថា ការ​ងារ​នេះ​ទាមទារ​ការ​រៀបចំ ត្រៀម​ខ្លួន តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​កែច្នៃ ផ្លូវ​ដឹក​ ក៏​ដូចជា​មធ្យោបាយ​ផ្សេងៗ ដែល​លោក​សង្ឃឹមថា នៅពេល​ខាង​ កម្ពុជា​នឹង​អាច​ជំរុញ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​រក្សា​តម្លៃ​នៅ​ក្នុង​ស្រុក។

លោក ហ្វីណង់ បាន​និយាយថា ៩៤ភាគរយ​​នៃ​កសិផល​នាំចេញ​របស់​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​៣​គឺ​៖ ​វៀតណាម​ ដូចជា ​ស្រូវ គ្រាប់​ស្វាយ​ចន្ទី ដំឡូង​មី ស្វាយ​ស្រស់​ នៅ​ប្រទេស​​ថៃ រួមមាន ​ដំឡូង​មី ស្វាយ​ស្រស់ ម្ទេស កន្ទក់​ ​និង​ប្រទេស​ចិន ដែលមាន​​ចេក អង្ករ ដំឡូង​មី ស្វាយ និង​មៀន​។​

កសិផល​កម្ពុជា​កំពុង​ត្រូវប៉ាន់ និង​មាន​កំណើន​នាំចេញ​គួរឱ្យ​កត់​សម្គាល់ ក្រៅ​ពី​ស្រូវ ស្វាយ​ចន្ទី និង​ដំឡូង​មី​ ស្វាយ​ស្រស់ ដំណាប់​ស្វាយ ទុរេន គ្រាប់ពោត មៀន​ស្រស់ ម្រេច និង​ម្ទេស​ស្រស់​។ 

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​បន្ថែមថា គិត​ត្រឹម​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ បរិមាណ​នាំចេញ​កសិផល​ពី​កម្ពុជា​កើនឡើង​ ៥៧ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​ភាគច្រើន​ដោយសារ​កំណើន​នៃ​ការ​នាំ​ចេញ​ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ស្រូវ​។​

ទោះបី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​លំដាប់​កំពូល​ទាំង១០ នៅលើ​ពិភពលោក​​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​តែ១០​ភាគរយ​ប៉ុណ្ណោះ​។​ នេះ​បើ​យោងតាម​ទីភ្នាក់ងារ USAID ។​

នៅសល់ ៩០​ភាគរយ​ត្រូវ​បាន​នាំ​ចេញ​ឆៅ ជា​ចម្បង​ទៅ​ប្រទេស​វៀតណាម ដែល​គ្រាប់​ត្រូវបាន​កែច្នៃ និង​លក់​ក្នុងតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​នាំចេញ​។​

ដំណាំផ្លែចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ កាល​ពី​ឆ្នាំ​មុន។ រូបថត ក្រសួងកសិកម្ម

យោងតាម​សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ នៅ​ឆ្នាំ​២០២៣ កម្ពុជា​រកចំណូលបាន​ប្រមាណ ៨៣៧ លាន​ដុល្លារ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី ៦៥៦​០០០ តោន។​

ក្នុង​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ប្រមាណ ៦៧ម៉ឺន​តោន ដែលមាន​តម្លៃ ១,០៧៧ ពាន់​លាន​ដុល្លារ ដោយ​ទីផ្សារ​សំខាន់ៗ​មាន​ប្រទេស​វៀតណាម ជប៉ុន និង​ចិន​។​

នេះ​បាន​កត់​សម្គាល់​ការ​ថយចុះ​ពីបរិមាណ ១,១ លាន​តោន​កាលពី​ឆ្នាំ២០២១ ​ដោយសារតែ​លក្ខខណ្ឌ​អាកាសធាតុ​ខ្លាំង​ប៉ះពាល់​ដល់​ផលិតកម្ម​។​

រាជរដ្ឋាភិបាល​កម្ពុជា​ចាប់អារម្មណ៍​លើ​ការបង្កើន​សមត្ថភាព​កែច្នៃ​ក្នុងស្រុក​ដើម្បីបង្កើន​​តម្លៃបន្ថែម​​ដល់​ការនាំចេញ​របស់​ពួកគេ​។​

គោល​នយោបាយ​ជាតិ​ស្តីពី​គ្រាប់​ស្វាយ​ចន្ទី​សម្រាប់​ឆ្នាំ ២០២២-២០២៧​ ដែល​ដាក់ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម មាន​គោល​បំណង​ដំណើរការ​កែច្នៃ​យ៉ាងតិច ២៥ភាគរយ​ នៃ​ទិន្នផល​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​នៅត្រឹម​ឆ្នាំ​២០២៧​​។​

ការ​វិនិយោគ​សំខាន់ៗ​កំពុង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរ​នេះ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដូចជា Mirarth Holdings Inc និង Top Planning Japan Co Ltd ដើម្បី​បង្កើន​សមត្ថភាព​កែច្នៃ​នៅក្នុង​ខេត្តកំពង់ធំ​។​

ទោះបី​ជាមាន​បញ្ហា​ប្រឈម​ ដូចជា​ការ​ប្រកួតប្រជែង​ពី​ផលិតផល​វៀតណាម និង​ការប្រែប្រួល​អាកាសធាតុ​ក៏ដោយ ក៏​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​​ខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​ក្នុងការ​កែច្នៃ និង​ការនាំចេញ៕