កម្ពុជាកំពុងរកលទ្ធភាពពង្រីកការលក់ផលិតផលក្នុងស្រុកទៅលើទីផ្សារអនឡាញធំបំផុតរបស់ពិភពលោកគឺ Amazon។ ដើម្បីឈានទៅដល់លទ្ធភាពនេះ មន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយតំណាងក្រុមហ៊ុន Amazon កាលពីសប្ដាហ៍មុនដើម្បីពិភាក្សាលទ្ធភាពនេះ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ជំនួបនេះធ្វើឡើងរវាងលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក Darren Ong ដែលជាអ្នកចាត់ការជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ ដែលតំណាងឲ្យក្រុមហ៊ុន Amazon ដោយមានការចូលរួមពី លោកស្រី ចាន់ សុខរស់ (Chann Sokros) តំណាងស្ថានទូតអាមេរិក។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមសហការរវាងកម្ពុជា និងក្រុមហ៊ុន Amazon ដើម្បីជំរុញឱ្យមានការចូលរួមផុសផុលពីអ្នកលក់កម្ពុជាលើថ្នាលពាណិជ្ជកម្មតាមអនឡាញ Amazon និង ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរវាងប្រទេសកម្ពុជា និង Amazon.com»។
Amazon គឺជាទីផ្សារលក់ផលិតផលលំដាប់ទី១នៅលើពិភពលោកដែលមានអ្នកចូលទស្សនាស្វែងរកទិញផលិតផលជិត ៤.៨ ពាន់លានដងក្នុងមួយឆ្នាំ។
យ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតថាតើការចរចពិភាក្សានេះ ទទួលបានលទ្ធផលយ៉ាងណានោះទេ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនទាន់បានឆ្លើយតបសំណួររបស់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា បានយល់ថា ការផ្សព្វផ្សាយលក់ផលិតផលជារឿងសំខាន់ណាស់បន្ទាប់ពីក្រុមហ៊ុនមួយមានផលិតផលល្អហើយ។ ដូច្នេះ ដំណាក់ដំបូង គួរមានការពិនិត្យផលិតផលណាមួយដែលមានគុណភាពនៅលើទីផ្សារក្នុងស្រុក និងអ្នកភ្ញៀវទេសចរបរទេសដែលមកទស្សនាស្រុកខ្មែរ។ បន្ទាប់មក ទើបយកផលិតផលនោះដាក់លក់នៅលើទីផ្សារអនឡាញល្បីៗ។
លោកបន្តថា បន្ទាប់ពីបានទៅដល់ទីផ្សារអនឡាញអន្តរជាតិហើយ ត្រូវអង្កេតមើលបន្តទៀតថាតើផលិតផលនោះទទួលបានការចាប់អារម្មណ៍ដូចម្ដេចខ្លះពីអ្នកប្រើប្រាស់អន្តរជាតិ។
លោកថា៖ «ដូច្នេះ ជាទស្សនៈរបស់ខ្ញុំ បើយើងមិនបានផ្សពផ្សាយលក់ក្នុងស្រុកឲ្យបានទូលំទូលាយ ហើយទៅផ្សព្វផ្សាយនៅលើទីផ្សារអនឡាញអន្តរជាតិ វាក៏ជាការខាតដែរ ព្រោះវាអាចមានការចំណាយខ្ពស់។ បើយើងយកផលិតផលរបស់យើងដែលគេមិនស្គាល់សោះទៅផ្សព្វផ្សាយនៅលើគេហទំព័រល្បីៗ គឺយើងចំណាយសម្រាប់ពាណិជ្ជកម្មខ្ពស់ យើងអត់អាចទទួលបានផលត្រូឡប់មកវិញច្រើនទេ»។
លោកថា ទីផ្សាររបស់ក្រុមហ៊ុន Amazon គឺជាទីផ្សារធំ ជាពិសេសនៅសហរដ្ឋអាមេរិក។ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជានិងអាមេរិកល្អ ការលក់ផ្សព្វផ្សាយលក់ផលិតនៅគេហទំព័រនេះនឹងរីកសាយទៅប្រទេសផ្សេងៗនៅលើពិភពលោក។
បច្ចុប្បន្ននេះ ផលិតផលរបស់កម្ពុជាមួយចំនួនត្រូវបានដាក់លក់នៅលើទីផ្សារពាណិជ្ជកម្មអនឡាញ Alibaba ដូចជា ម្រេច អាហារសម្រន់ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ដំណាប់មៀន ជាដើម៕