ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ BYD ដែល​ជាគូ​ប្រជែង​ដ៏​ចម្បង​របស់​ក្រុមហ៊ុន​ Tesla​ របស់​សហរដ្ឋ​អាមេរិក​ គ្រោង​នឹង​បើក​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ ដែល​មាន​សមត្ថភាព​ដំឡើង​បាន ២ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​នាំ​ចេញ និង​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

គម្រោង​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក Liu Xueliang ​អគ្គនាយក​ក្រុមហ៊ុន​ BYD Asia Pacific Auto Sales Division ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី១៥ ខែកក្កដា​នេះ។ នេះបើ​តាម​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន ម៉ាណែត សរសេរ​ថា៖ «ក្រុមហ៊ុន ​BYD Asia Pacific Auto Sales Division មាន​គម្រោង​សាង​សង់​រោង​ចក្រ​ដំឡើង​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា​ ដែល​អាច​មាន​សមត្ថភាព​ដំឡើង​រថយន្ត​ចំនួន​ ២០ ០០០គ្រឿង​ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទីផ្សារ​អន្តរជាតិ»។

មិន​មាន​ព័ត៌មាន​លម្អិត​ថា​តើ ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​របស់​ខ្លួន​នៅ​ពេល​ណា​ទេ ប៉ុន្តែ បើ​តាម​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត កាល​ពីចុងខែ​មិថុនា​កន្លង​ទៅ ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរការ​រោងចក្រ​របស់​ខ្លួន​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ។

ក្រុមហ៊ុន​ BYD ​កំពុង​មាន​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​លើ​ពិភពលោក​ ដោយ​បាន​យក​ឈ្នះ​ក្រុមហ៊ុន​ដ៏ល្បី​របស់​សហរដ្ឋ​អាមេរិក​គឺ​ Tesla ទៅ​លើ​តួលេខ​នៃ​ការ​លក់​រថយន្ត​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២៣ ដោយ​ក្រុមហ៊ុន​នេះ​លក់​រថយន្ត​អគ្គិសនី​សុទ្ធ​បាន​ចំនួន ៥២៦ ០០០ គ្រឿង ធៀបទៅ​នឹង​ក្រុម​ហ៊ុន​ Tesla ដែល​លក់​បាន​តែ​ ៤៨៤ ៥០០ នៅ​ក្នុង​រយៈ​ពេល​ដូចគ្នា។ ប៉ុន្តែ បើ​គិត​ជា​​ចំនួន​លក់​សរុប​ប្រចាំ​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ Tesla នៅតែ​នាំមុខ​ BYD ដដែល។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​បាន​ថ្លែង​ថា ការដែល​ក្រុមហ៊ុន​ BYD ដែល​កំពុង​ងើបឡើង​នៅ​លើ​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​លើ​ពិភពលោក ​គ្រោង​បោះ​ទុន​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​ច្បាស់​ជា​ក្រុមហ៊ុន​នេះ​បាន​សិក្សា​មុន​ថា នឹង​អាច​នាំ​ចេញ​រថយន្ត​ទៅ​ប្រទេស​ជិត​ខាង​នៃ​កម្ពុជា។ ការ​បង្កើត​រោងចក្រ​នេះ​ក៏​ស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផងដែរ ដែល​ចង់​ឃើញ​ក្រុមហ៊ុន​ធំៗ​ផលិត​និង​នាំចេញ​រថយន្ត​ពី​កម្ពុជា។

លោក​ថា៖ «ប្រសិន​បើ​ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នេះ​ក្លាយ​ជា​ការ​ពិត​មែន នោះ​វា​នឹង​រួម​ចំណែក​ដល់​មុខមាត់​របស់​ប្រទេស​កម្ពុជា​មួយ​កម្រិត និង​ផ្ដល់​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដូចជា ការ​សាងសង់​រោងចក្រ​ដំឡើង ចំណូល​បាន​ពីពន្ធ និង​ការ​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា»។

ពាក់​ព័ន្ធនឹង​ឱកាស​ការងារ និង​ជំនាញ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា លោក ហុង​ វណ្ណៈ យល់​ថា កម្ពុជា​មាន​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ជាច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ទោះបី​ជា​រោងចក្រ​ដំឡើង​រថយន្ត​ទាមទារ​ជំនាញ​បច្ចេក​ទេស​ខ្ពស់​ក៏ដោយ លោក​ថា កម្ពុជា​ក៏​មាន​ធនធាន​មនុស្ស​សម្រាប់​ជំនាញ​នោះ បន្ថែម​ទៅ​លើ​ការងារ​ដែល​មិន​ត្រូវ​ការ​ជំនាញ។

លោក​និយាយ​ថា៖ «យ៉ាងហោច​ណាស់​កម្ពុជា​នឹង​ទទួលបាន​ការងារ​ក្នុង​កម្រិត​បច្ចេកទេស​មធ្យម កម្រិត​ទាប និង​ការងារ​ដែល​មិន​ចាំបាច់​មាន​ជំនាញ​ក្នុង​រោចក្រ​សហគ្រាស។ ដូច្នេះ​រោងចក្រ​នេះ​ចូល​រួម​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា»។

លោក​បន្ត​ថា ផលប្រយោជន៍​មួយ​ទៀត​ថា​ គឺ​ការ​ផលិត​ឬ​ដំឡើង​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ធ្វើ​ការ​តម្លៃ​លក់​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ធូរថ្លៃ​ជាង​តម្លៃ​រថយន្ត​ដែល​នាំចូល។

គិត​ត្រឹម​ ៦ ខែ​ឆ្នាំ​២០២៤​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ទុន ១៩០ គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៣,២ ពាន់លាន​ដុល្លារ ដែល​មាន​កំណើន ៧៧ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ​បាន​កើន​ឡើង​ ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​សហគ្រាស បង្កើត​ការងារ​ថ្មី​បាន​ជាង ១៦,៨​ម៉ឺន​កន្លែង។

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ការ​បើក​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​របស់​ក្រុម BYD នឹង​បន្ថែម​ឱកាស​ការងារ​សម្រាប់​យុវជន​កម្ពុជា។

លោក​និយាយ​ថា៖ «ការ​ផលិត​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ​ ក៏ជាការ​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​ផង និង​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ជាច្រើន​ដែល​អាច​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ ជាពិសេស​យុវជន​ដែល​កំពុង​រៀន​វិជ្ជាជីវៈ​បច្ចេកទេស​ដែល​ជាកម្មវិធី​របស់​រាជរដ្ឋា​ភិបាល​ក្នុង​ការ​ផ្ដល់​ឲ្យ​យុវជន​មាន​ជំនាញ​មួយ​ច្បាស់​លាស់​មួយ​ក្នុង​ជីវិត​ពិត​ជាមាន​ឱកាស​ចូលធ្វើការ​នៅ​តាម​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា ជាពិសេស​រោងចក្រ​ផលិត​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី»។

កាល​ពី​សប្ដាហ៍​មុន រាជរដ្ឋាភិបាល​បាន​បាន​ដាក់​ចេញ​គោល​នយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​២០២៤-២០៣០ ដោយ​កំណត់​គោលដៅ​ឲ្យ​មាន​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ចំនួន ៧៧​ម៉ឺ​គ្រឿង ក្នុង​នោះ​រថយន្ត​អគ្គិសនី​រំពឹង​ថា​នឹង​មាន​៣ម៉ឺន​គ្រឿង។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​រថយន្ត​អគ្គិសនី​ចំនួន ១ ៦១៤ គ្រឿង​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២៤​នេះ។ ប៉ុន្តែ​ ចំនួន​នៃ​ការ​ចុះ​បញ្ជី​រថយន្ត​អគ្គិសនី​កើនឡើង ៥០៨ ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៦ ខែ​នៃ​ឆ្នាំ​នេះ​ធ្ៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន៕