ភ្នំពេញ ថ្ងៃទី​១៣ ខែ​កក្កដា​ ឆ្នាំ២០២៤ -- ស្រប​ពេល​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ បាន​ប្រកាស​បើក​ជា​ផ្លូវការ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​អាកាសចរណ៍ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ក្នុង​ពេល​បើក​សម្ពោធ​ជើង​ហោះហើរ​នោះ​ថា៖ «តាង​នាម​ឱ្យ​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិត​ជា​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ជើង​ហោះហើរ​ហាណូយ-ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​សម្រាប់​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា-វៀតណាម «ប្រទេស​ពីរ គោលដៅ​មួយ» ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នាពេលនេះ»។

ឯកឧត្ដម​បាន​អបអរសាទរ​ចំពោះ​ការ​បើក​ឱ្យ​មាន​ជើង​ហោះហើរ​តភ្ជាប់​រវាង​ទីក្រុង​ទាំងពីរ និងការ​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន Vietnam Airline JSC សមាគម​ទេសចរណ៍​កម្ពុជា (CATA) និង​ក្រុមហ៊ុន​ទេសចរណ៍ Saigontourist Group។ ជើង​ហោះហើរ​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​បើក​ដំណើរការ​នៅ​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ​២០២៤ ដែល​មាន​ការ​ហោះហើរ​ចំនួន ៤ជើង​ក្នុង​មួយ​សប្ដាហ៍​រៀងរាល់​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ ដោយ​​ប្រើ​​ប្រាស់​យន្តហោះ Airbus A321​។

នាបច្ចុប្បន្ន​នេះ អ្នក​ដំណើរ​ពី​ទីក្រុង​ហាណូយ ទៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្លាស់ប្តូរ​ជើង​យន្តហោះ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ តាម​រយៈ​សេវាកម្ម​អាកាសចរណ៍​ឥណ្ឌូចិន។

ជើង​ហោះហើរ​ថ្មី​នេះ នឹង​នាំ​ឱ្យ​ចំនួន​ការ​ហោះហើរ​​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា កើនឡើង​ចំនួន​ប្រាំ​ជើង​នៅ​ចុងខែ​តុលា​នេះ គិត​រួម​ទាំង​ការ​​ហោះហើរ​ត្រង់​ចំនួន​បួន​គឺ ហាណូយ​-ហូជីមិញ​-ភ្នំពេញ និង ហាណូយ​-ហូជីមិញ​-សៀមរាប ព្រម​ទាំង​ជើង​ហោះហើរ​មួយ​​ទៀត​ជាមួយ​ឥណ្ឌូចិន​។ ចំនួន​ការ​​ហោះហើរ​សរុប​រវាង​ប្រទេស​ទាំងពីរ​នឹងឡើង​​ដល់ ៨៦ ​ដង ក្នុង​មួយ​សប្តាហ៍​។​

លោក ដាង ង៉ុ​ក​ហៅ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ថ្លែង​សន្ទរកថា​នៅ​ថ្ងៃ​បើក​សម្ពោធ​ការ​ហោះហើរ​ត្រង់​រវាង​ក្រុង​ហាណូយ និងរាជធានី​ភ្នំពេញ​។ សហការី​​

ការ​ហោះហើរ​វៀតណាម​-​កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណោម​ជើង​​ហោះហើរ​ដំបូង​ដែល​បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន អាកាសចរណ៍ វៀតណាម អ៊ែរ​ឡាញ កាលពី​ ៣១ ​ឆ្នាំមុន។ ការ​ពង្រីក​ជើង​​ហោះហើរ​ទៅកាន់​កម្ពុជា​តែងតែ​ជា​យុទ្ធសាស្ត្រ​​ចម្បង​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ជិតខាង​ទាំងពីរ។

ការ​ពង្រីក​បណ្តាញ​ហោះហើរ​កាន់​តែ​ទូលំទូលាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម អ៊ែរឡាញ ក្នុង​តំបន់​ឥណ្ឌូចិន​នេះ ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ផ្នែក​ប្រតិបត្តិការ​យ៉ាង​សំខាន់។

ជើងហោះហើរ​ថ្មី​នេះ ត្រូវ​បាន​រំពឹងទុក​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​មាន​បំណង​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ រួមមាន​ប្រទេស​ជប៉ុន កូរ៉េ និង​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ដោយសា​តែមាន​​ជើង​​ហោះហើរ​ច្រើន និង​ពេលវេលា​ផ្លាស់​ប្តូរ​ជើង​យន្តហោះ​កាន់​តែ​ងាយស្រួល​។​

លោក ដាង ង៉ុកហៅ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​មានប្រសាសន៍​ថា៖ «ជើង​ហោះហើរ​​ត្រង់​ថ្មី​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​នូវ​ទំនាក់ទំនង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ឡើង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា។ ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន វៀតណាម​អ៊ែរឡាញ បាន​ប្តេជ្ញា​ចិត្ត​ក្នុងការ​ផ្តល់នូវ​ប្រតិបត្តិ​ការប្រកប​ដោយ សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​សេវាកម្ម​ក្នុងប្រទេស​កម្ពុជា»។

ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​អាកាសចរណ៍​ វៀតណាម អ៊ែរឡាញ និង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ អ៊ែរ​។ សហការី​

លោក ង៉ុកហៅ បាន​ថ្លែងថា​៖ «យើង​នឹង​បន្ត​ពង្រីក​បណ្តាញរបស់​យើង បង្កើន​កិច្ចសហប្រតិបត្តិ​ការ ធ្វើឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់នូវ​សេវាកម្ម​ដែល​មាន​គុណភាព​ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នកដំណើរ។ គោលដៅ​របស់​យើង​គឺ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រម​ទាំង​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ»។

អស់​រយៈពេល​ជាង​ ៣ ​ទសវត្ស​កន្លងមក​នេះ ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ ទទួល​បាន​អ្នកដំណើរ​ជិត ​៨,២ ​លាន​នាក់ និង​ដឹកជញ្ជូន​ទំនិញ​ចំនួន ២៨ ៤០០ តោន​នៅ​លើ​ជើង​​ហោះហើរ​ជាង ៨១០០០​ រវាង​ប្រទេស​វៀតណាម និង​កម្ពុជា​។​

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​តំណាង​ឱ្យ​ទីផ្សារ​ដ៍​សំខាន់​មួយ​សម្រាប់​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​។ 

ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លង​មក​នេះ ទីផ្សារ​អាកាសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ បាន​ទទួល​នូវ​កំណើន​នៃ​អ្នក​ដំណើរ​តាម​ផ្លូវអាកាស​កើន​ឡើង​ដ៏គួរ​ឱ្យ​​កត់​សម្គាល់ គឺ​ ២៤ភាគរយ ជា​រៀងរាល់​ឆ្នាំ ដោយ​មាន​អ្នក​ដំណើរ​ប្រហែល ៤៥​ម៉ឺន​នាក់​។ នៅក្នុង​ឆ្នាំ​២០២៣ ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​ប្រភព​អ្នកទេសចរ​ធំ​ទី​២​មក​កាន់​ប្រទេស​កម្ពុជា ដែល​មាន​ភ្ញៀវទេសចរ ជាង​១​លាន​នាក់ ខណៈ​អ្នកទេសចរ​កម្ពុជា​ទៅកាន់​វៀតណាម​មាន​ចំនួន​ជាង​៤០​ម៉ឺន​នាក់ និង​ជាប់​ចំណាត់ថ្នាក់​ទី​៨​ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ៕

ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​សម្រាប់​កម្ម​វិធី​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា​-​វៀតណាម «ប្រទេស​ពីរ គោលដៅ​មួយ​»។ សហការី​