ភ្នំពេញ៖ វិស័យជលផលរបស់ប្រទេសកម្ពុជាដែលជាប្រភពចំណូល និងការងារដ៏សំខាន់សម្រាប់ពលរដ្ឋប្រមាណ ៣៣០០០នាក់ ភាគច្រើនជាស្ត្រី នៅមានបញ្ហារាំងស្ទះជាច្រើនក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប(EU)។
ទោះបីជាវិស័យនេះមានសក្ដានុពលសម្រាប់កំណើនសេដ្ឋកិច្ចក៏ដោយ ក៏ឧស្សាហកម្មជលផលត្រូវបានរារាំងដោយការអនុវត្តផលិតកម្មមិនមានប្រសិទ្ធភាព កង្វះការសម្របសម្រួល និងធនធានមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមស្តង់ដាដ៏តឹងរ៉ឹងរបស់សហភាពអឺរ៉ុបដែលត្រូវការសម្រាប់ការនាំចេញ។
CAPFish-Capture: គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) មានគោលបំណងដោះស្រាយបញ្ហាទាំងនេះ។
ជាមួយថវិកាចំនួន ១៦លានអឺរ៉ូពីសហភាពអឺរ៉ុប និង ៩០ម៉ឺនអឺរ៉ូពី UNIDO គម្រោងនេះដំណើរការពីខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៤ (ជាមួយនឹងផែនការពង្រីកបន្ដ) ស្វែងរកការអភិវឌ្ឍន៍ជលផលក្រោយការប្រមូលផលរបស់កម្ពុជាដោយការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបទប្បញ្ញត្តិ និង លើកកម្ពស់ការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។
លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) បានពន្យល់ពីបច្ចុប្បន្នភាពនៃគម្រោងនេះ។
លោកបាននិយាយថា៖ «មានផលិតផលមួយចំនួនដែលអាចនាំចេញបាន ប៉ុន្តែនៅពេលដែលយើងកំពុងនិយាយអំពីវារីវប្បកម្ម និងជលផលក្រោយការប្រមូលផលនៅពេលនេះ វាមិនអាចនាំចេញវាបានទេ ដរាបណាមិនមានការអនុលោមតាមស្តង់ដាសហភាពអឺរ៉ុបគ្រប់គ្រាន់»។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតប្រព័ន្ធត្រួតពិនិត្យផលិតផលឆ្លើយតបនឹងតម្រូវការសុខភាព ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាអាចនាំចេញផលិតផលជលផលក្រោយប្រមូលផលនៅឆ្នាំ២០២៥ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ក្នុងការនាំចេញផលិតផលនេសាទរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។
លោក Fornari បានថ្លែងថា៖ «ប្រសិនបើក្រឡេកមើលឧទាហរណ៍ពីប្រទេសផ្សេងទៀតក្នុងតំបន់ ដែលបានដើរតាមគន្លងនេះ លោកអ្នកបានឃើញថា ក្រុមហ៊ុនទាំងនោះបានព្យាយាមអនុវត្ដតាមស្ដង់ដា ដែលពួកគេមើលឃើញសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ដូច្នេះ នេះជាអ្វីដែលអាចយកលំនាំតាមបាននៅកម្ពុជា»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ការនាំចេញផលិតផលជលផលស្រស់ កម្ពុជាសម្រេចបាន ៣៤២៤តោន កើនឡើង ៥២២ តោន បើធៀបនឹងក្នុងឆ្នាំ២០២២។
កញ្ញាបានបន្ថែមថា៖ «ដោយឡែក សម្រាប់ផលិតផលជលផលកែច្នៃក្នុងឆ្នាំ២០២៣ យើងសម្រេចបាន ១៨៦តោន កើនឡើង ១៤៥តោន បើប្រៀបធៀបនឹងឆ្នាំ២០២២»។
លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារជាតិ បានគូសបញ្ជាក់ពីវឌ្ឍនភាពដែលបានធ្វើឡើងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ ឆ្ពោះទៅរកការទទួលបានសមភាពសកល/សហភាពអឺរ៉ុប។
ដំណើរនេះរួមមានការបង្កើតផែនការសកម្មភាពជាតិ ការអភិវឌ្ឍន៍នីតិវិធីប្រតិបត្តិការស្តង់ដា (SOPs) ការពង្រឹងកម្មវិធីជាតិសំណល់ជាតិ (NRMP) និងការទទួលបានវិញ្ញាបនប័ត្រនិមិត្ដសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)។
លោក រ៉ា បាននិយាយថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសមភាពសហភាពអឺរ៉ុប ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។ ទីមួយ ការចុះសម្រុងគ្នាជាមួយ Codex និងស្តង់ដាអន្តរជាតិធានាឱ្យប្រព័ន្ធគ្រប់គ្រងចំណីអាហាររបស់ប្រទេសមានភាពរឹងមាំនិងអាចទុកចិត្តបាន។
នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកលទ្ធភាពចូលទៅកាន់ទីផ្សារដ៏ធំ និងមានតម្លៃថ្លៃ ដែលក្លាយជាប្រភពចំណូលដ៏សំខាន់។
លោកបានលើកឡើងថា៖ «ការសម្រេចបាននូវស្តង់ដាសហភាពអឺរ៉ុប លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេស និងទាក់ទាញការវិនិយោគកាន់តែច្រើន ដែលមានន័យថា ការពារសុខភាពសាធារណៈ និងលើកកម្ពស់មុខមាត់អន្តរជាតិរបស់កម្ពុជា»។
លោកបាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចជលផល (FCA) កំពុងចរចាយ៉ាងសកម្មជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ កូរ៉េ និងអូស្ត្រាលី ដើម្បីបង្កើតអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមក និងសម្រួលដល់ពាណិជ្ជកម្មជលផល។
អនុស្សរណៈនៃការយោគយល់គ្នាទាំងនេះមានគោលបំណងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងបើកទីផ្សារថ្មីសម្រាប់ផលិតផលជលផលកម្ពុជា តាមរយៈការទទួលស្គាល់ប្រព័ន្ធធានាគុណភាព និងសុវត្ថិភាព ការផ្លាស់ប្តូរព័ត៌មាន ការកសាងសមត្ថភាពក្នុងដំណើរការត្រួតពិនិត្យ និងវិញ្ញាបនបត្រ និងការអភិវឌ្ឍន៍មន្ទីរពិសោធន៍សាកល្បង។
លោក រ៉ា បាននិយាយថា៖ «កិច្ចព្រមព្រៀងទាំងនេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងបើកទីផ្សារថ្មីសម្រាប់ជលផលស្រស់ និងផលិតផលជលផលកែច្នៃ»៕