នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោក ចន លី (John Lee) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ចុង​ខែ​កក្កដា​នេះ​ដើម្បី​ពង្រីក​ឱកាស​ធុរកិច្ច​រវាង​កម្ពុជា​និង​ទីក្រុង​ហុងកុង ស្របពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ហុងកុង​និង​កម្ពុជា​កំពុង​កើន​ឡើង​ស្រាប់។

លោក ចន លី គឺជា​នាយក​ប្រតិបត្តិថ្មី​របស់​ហុងកុង​ដែល​ជាប់​បាន​ឆ្នោត​ឡើង​ជំនួស​លោក​ស្រី ខារី ឡាំ កាល​ពី​ឆ្នាំ​មុន។ លោក​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ​ក្នុង​វិស័យ​ធុរកិច្ច​ ដូចជា​លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធានទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ថ្ងៃទី៣១ ខែកក្កដា​នេះ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង RTHK ដែល​ផ្សាយ​នៅ​ថ្ងៃ​អង្គា​នេះ លោក ចន លី នឹង​ដឹកនាំ​ប្រតិភូ​មក​ពី​វិស័យ​ជំនួញ ពាណិជ្ជកម្ម ច្បាប់​ ភស្តុភា ​និង​នវានុវត្តន៍ មក​កម្ពុជា និង​ទៅ​កាន់​ប្រទេស​ឡាវ និង​វៀតណាម​ផងដែរ។

RTHK បាន​ស្រង់​សម្ដី​លោក​ លី ដែល​ថ្លែង​ថា៖ «ខ្ញុំ​នឹង​បញ្ជាក់​អំពី​សារៈសំខាន់​នៃកិច្ច​សហ​ប្រតិបត្តិការ​របស់​យើង​ជាមួយ​ប្រទេស​ទាំង​នេះ។ ខ្ញុំ​នឹង​និយាយ​អំពី​វិស័យ​ធុរកិច្ច​និង​កិច្ចការ​ក្នុង​រង្វង់​នយោបាយ​ដែល​ទីក្រុង​ហុងកុង​នឹង​មាន​សម្រាប់​ប្រទេស​ទាំង​នេះ ក៏​ដូចជា​កាលានុវត្តភាព​ក្នុង​វិស័យ​នានា»។

លោក​ថា លោក​នឹង​ព្យាយាម​សុំ​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា វៀតណាម​និង​ឡាវ ដើម្បី​ឲ្យ​ហុងកុង​អាច​ចូលរួម​ជា​សមាជិក​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) ដែល​នឹង​ធ្វើ​ឲ្យ​ហុងកុង​ក្លាយ​ជាឈ្នាប់​ដ៏​សំខាន់ និង ជា​ទីក្រុង​ដែល​បន្ថែម​តម្លៃ​ដ៏​សំខាន់។ កិច្ចព្រមព្រៀង​ RCEP​បាន​ចូល​ជាធរមាន​កាល​ពី​ដើម​ឆ្នាំ​២០២២។

អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា ជំនួប​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រតិភូ​មក​ពី​ហុងកុង នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​«ការតភ្ជាប់​បែប​ទំនើប​ដើម្បី​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ៖ ភាពជាដៃគូ​រវាង​ហុងកុង-កម្ពុជា ក្នុងការ​ជំរុញ​វិបុលភាព​ទៅវិញ​ទៅមក និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»។

លោក​ថា សភាពាណិជ្ជកម្ម​កម្ពុជា​និង​ពាណិជ្ជករ​ហុងកុង​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យូរ​ឆ្នាំ​ដែរ​ហើយ។ បច្ចុប្បន្ន​នេះ ទំនាក់​ទំនង​រវាង​ហុងកុង​និង​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ ហើយ​ហុងកុង​ជាផ្នែក​មួយ​នៃ​ប្រទេស​ចិន និង​ជាច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា។

លោក​ថ្លែង​ថា៖ «កន្លង​មក​ការ​ជួញដូរ​វាងហុងកុង​និង​កម្ពុជា យើងឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ ហើយ​ចំនួន​អ្នក​វិនិយោគ​ពី​ហុងកុង​មក​កម្ពុជា​ក៏​ច្រើន​គួរសម​ដែរ ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ»។

គិតត្រឹម​៦​ខែ​ដើមឆ្នាំ​២០២៤​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ទីក្រុង​ហុងកុង​មាន​ទំហំ​ជាង ៣០០​លាន​ដុល្លារ មាន​កំណើន​ ៥៤,៣​ភាគរយ​ធៀប​ទៅ​នឹង​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ជាង ១៩៤​លាន​ដុល្លារ។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា៕