ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​របស់​កម្ពុជា​ ដែល​មាន​ទំហំ ១១,០៩​ពាន់​លាន​ដុល្លារ​ (ប៊ីលាន)​ គឺ​ជា​ទំហំ​មួយ​ស្ថិត​នៅ​ក្នុង​ភាព​អាច​គ្រប់​គ្រង​បាន ឬ​មាន​ «ចីរភាព» ​និង​ «ហានិភ័យ​កម្រិត​ទាប» គិត​ត្រឹម​ត្រីមាស​ទី១​ឆ្នាំ​២០២៤។ នេះ​ជាការ​លើក​ឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លោក​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​រក្សា​បាន​នូវចីរភាព​បំណុល​សាធារណៈ​នេះ​ គឺ​អាស្រ័យ​ដោយ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់​គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ​ដែល​រួម​មាន​ ក្របខ័ណ្ឌគតិយុត្ត,​ គោល​នយោបាយ, យុទ្ធសាស្ត្រ, និង​នីតិវិធី​គ្រប់​គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ, សមត្ថភាព​ស្ថាប័ន និង​ធនធាន​មនុស្ស​គ្រប់​គ្រាន់។

លើស​ពីនេះ​ទៀត កម្ពុជា​មាន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​គ្រប់​គ្រង​ប្រតិបត្តិការ ​និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជាមូលដ្ឋាន​នៃ​ការ​វិភាគ​ និង​តាម​ដាន​ហានិភ័យ​បំណុល​ជាដើម។

ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ចំនួន ​១១,០៩ ​ពាន់​លាន​ដុល្លារ​នេះ​ ៩៩,១២ ភាគរយ​ឬ​ប្រមាណ ​១១​ ពាន់​លាន​ដុល្លារ​គឺ​ជាបំណុល​សាធារណៈ​ក្រៅ​ប្រទេស រីឯ​ ០,៨៨​ភាគរយ​ទៀត​មាន​ទឹកប្រាក់​ប្រមាណ ៩៨ លាន​ដុល្លារ​គឺជា​បំណុលសាធារណៈ​ក្នុង​ប្រទេស។

ប្រទេស​ និង ដៃគូ​អភិវឌ្ឍន៍​ដែល​កម្ពុជា​ទទួល​បាន​កម្ចី​ច្រើន​ជាង​គេ​គឺ​ ចិន​ដែល​មាន​ចំណែក​ ៣៦ ភាគរយ ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៩៩​ពាន់​លាន​ដុល្លារ បន្ទាប់​មក​គឺ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​មាន​ចំណែក​ ២១ មាន​ទឹកប្រាក់​ប្រមាណ​ ២,៣២​ពាន់​លានដុល្លារ, ធនាគារ​ពិភពលោក ១២ភាគរយ​ មាន​ទឹកប្រាក់​ប្រមាណ ១,៣៣​ពាន់​លាន​ដុល្លារ។ ក្រៅពី​នោះ​កម្ពុជា​ជំពាក់​ជប៉ុន​ប្រមាណ​ ១១​ភាគរយ មានទឹកប្រមាណ​ជាង ​១.២១​ពាន់ដុល្លារ​នៃ​បំណុល​សរុប និង​ជំពាក់​ប្រទេស​មួយចំនួន​ទៀត​ដូចជា​បារាំង និង កូរ៉េខាង​ត្បូង ជាដើម។

ក្នុង​រយៈ​ពេល​ ៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ (សង​ទាំង​ដើម​ទាំងការ និង​សេវា) សរុប​ចំនួន​ ១៨១,៥៥ លាន​ដុល្លារ និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី​ (កម្ចី​ថ្មី)​ ជាមួយ​ដៃ​គូអភិវឌ្ឍន៍​នានា​សរុប​ចំនួន ១៤០,១៤ ​លាន​ដុល្លារ​អាមេរិក។​ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន កម្ចី​ថ្មី​នៅ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​នេះ បាន​ថយ​ចុះ​ប្រមាណ​ ៧១។

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​អនុវត្ត​ប្រកប​ដោយភាព​ម៉ឺងម៉ាត់ ​និង​ប្រយ័ត្ន​ប្រយែង​ខ្ពស់​នូវ​វិធាន​ការ​ជា​យុទ្ធសាស្ត្រ​នានា ដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់​គ្រង​បំណុល​សាធារណៈ​ជាបន្ត​បន្ទាប់។

លោកថា​ កម្ពុជា​មាន​គោលការណ៍​គន្លឹះ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការគ្រប់​គ្រង​បំណុល​សាធារណៈ និង​ការ​គ្រប់គ្រង​ការវិនិយោគ​សាធារណៈ ដែល​រួម​មាន​ការខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា ​និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន, ខ្ចីតែ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់, ខ្ចីសម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច ​និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ​ឬផលិតភាព​ផលិតកម្ម។

លើស​ពី​នេះ​ទៀត​កម្ពុជា ប្រើ​ប្រាស់​ឥណទាន​ប្រកប​ដោយ​តម្លាភាព, ​គណនេយ្យភាព, ​ប្រសិទ្ធភាព, និង​ស័ក្តិសិទ្ធិភាព​ខ្ពស់បំផុត; និង​ប្រើ​ប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ដែល​មាន​ស្តង់ដា ​និង​គុណភាព​ខ្ពស់។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​គ្រប់​គ្រងបំណុល​សាធារណៈ​ប្រកប​ដោយ​ចីរភាព, ប្រសិទ្ធិភាព និង​ស័ក្តិសិទ្ធិភាព ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការសម្រេច​បាន​នូវកំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរ​ជាទីមោទនៈ​ក្នុង​រយៈកាល​ជាង​ពីរ​ទស្សវត្សរ៍​កន្លង​មក​ ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​កៀរគរ​ឥណទាន​សម្បទាន​បាន​ច្រើន​ជាង​មុន​ សម្រាប់​បំពេញ​តម្រូវការ​ ហិរញ្ញប្បទាន​លើ​វិស័យ​អាទិភាព​ចំពោះ​មុខ​នានា»។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា បំណុល​សាធារណៈ​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​គ្រប់គ្រង​បាន​គឺ​ជាបំណុល​ដែល​មាន​កម្រិត​ប្រមាណ​ជាង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ យោង​តាម​ធនាគារ​ពិភពលោក GDP របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣ មាន​ទំហំ ៣១ពាន់​លាន​ដុល្លារ។

លោក​ថ្លែង​ថា៖ «មែនទែនទៅ​ បំណុល​ដែល​មាន​ហានិភ័យ​គឺ​ជា​បំណុល​ដែល​មាន​ទំហំ​ជាង ៥០​ភាគរយ​នៃ​ GDP។ ប្រទេស​មួយចំនួន​មាន​បំណុល​ហានិភ័យ​ព្រោះ​វាឡើង​រហូត​ដល់​ទៅ ៦០ ឬ ៨០ភាគរយ​នៃ​ GDP របស់​ពួកគេ​ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន»។

លោក​បន្ត​ថា កម្ពុជា​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ដោយសារ​តែ​បាន​គោរព​គោលការណ៍​នៃ​បំណុល​ ឬ​អាច​ចាត់​ទុក​ថា​ជា​កូនបំណុល​មាន​គុណភាព​ ដែល​ធនាគារ​ពិភពលោក​និង​ប្រទេស​ម្ចាស់​បំណុល​ផ្សេង​ទៀត​ទទួល​ស្គាល់។

លោក​បន្ត​ថា កម្ពុជា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ និង​រក្សា​បាន​នូវ​វឌ្ឍនភាព​នៃ​ចំណូល​ដែល​អាច​ធានា​បាន​ថា​នឹង​មិនមាន​ហានិភ័យ​សម្រាប់​ការ​សង​បំណុល​ក្នុង​រយៈ​ពេល​វែង។

ចំពោះការ​​ថយ​ចុះ​នៃ​កម្ចី​ថ្មី​រហូត​ដល់ ៧១ ​ភាគរយ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​នេះ​ធៀប​នឹង​ឆ្នាំ​មុន លោក​ថា វា​ជា​សញ្ញា​មួយ​ល្អ។

លោក​និយាយ​ថា៖ «យើង​អាច​និយាយ​បាន​ថា រដ្ឋាភិបាល​មាន​លទ្ធភាព ឬ​អាច​ថា អ្វី​ដែល​បាន​ខ្ចី​ពីមុន​មក​ត្រូវ​បាន​ប្រើប្រាស់​ទៅ​តាម​ផែនការ និង​គម្រោង​ដែល​មាន។ ដូច្នេះ​ ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​ចាំបាច់​ឬ​មិន​ចាំបាច់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ខ្លួន​ ដោយ​មិន​បាន​ដំឡើង​កម្ចី​ដូច​ពេល​មុនៗ។

លោក​បន្ត​ថា៖ «ប្រសិនបើ​ចាប់​ពី​ឆ្នាំ​ ២០២៥​ឡើង​ទៅ កម្ចី​ត្រូវ​បាន​កាត់​បន្ថយ​ដល់​សូន្យ នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​មាន​ស្វយ័តភាព​ក្នុង​ការ​វិនិយោគ​សាធារណៈ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​ពឹង​លើ​កម្ចី​បរទេស»៕